កូនប្រុសសម្តេច ស ខេង រិះគន់ក្រុមហ៊ុនចាក់បេតុងមួយ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ

រិទ្ធី

លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា និងត្រូវជាកូនប្រុសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរិះគន់ក្រុមហ៊ុនចាក់បេតុង ឈ្មោះ YU FU DEVELOPMENT ថា៖ ក្រុមហ៊ុនចាក់បេតុងគួរគិតដល់ផ្លូវ គួរឱ្យស្ដាយ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវមួយក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានជួបនឹងការដ្ឋានចាក់ស៊ីម៉ងត៍មួយកន្លែង។ នេះបើយោងតាមការចុះផ្សាយក្នុងគេហទំព័ររបស់លោក ស សុខា។

អ្វីដែលធ្វើឱ្យលោក ស សុខា ចាប់អារម្មណ៍ត្រង់ថា ទឹក និងកាកស៊ីម៉ងត៍ធ្លាក់រប៉ាត់រប៉ាយលើផ្លូវដ៏ស្រស់ស្អាត ដោយមិនមានការសម្អាត។ តាមមើលទៅរថយន្តបាញ់បេតុងនេះជារបស់ក្រុមហ៊ុនបរទេស។ នៅប្រទេសខ្លួនមានច្បាប់គ្រប់គ្រងបញ្ហានេះ ចេះគោរពច្បាប់ និងអនុវត្ត។ នៅកម្ពុជាក៏មានច្បាប់ទម្លាប់បែបនេះដែរ ចុះហេតុអ្វីមិនព្រមគោរពច្បាប់ផងទៅ?

បន្ថែមលើសពីនេះទៅទៀត លោក ស សុខា បញ្ជាក់ថា៖ រឿងយកចិញ្ចើមផ្លូវ ទ្រូងផ្លូវ ចតឡានបាញ់បេតុង ប៉ះពាល់ចរាចរណ៍ សណ្ដាប់ធ្នាប់ សុវត្ថិភាពអ្នកធ្វើដំណើរជារឿងមួយទៅហើយ ខ្ញុំមិននិយាយទេ ព្រោះថា ធ្វើដូចម្ដេចការអភិវឌ្ឍន៍ តែងតែបែបនេះ តែសំខាន់គប្បីទទួលខុសត្រូវទាំងការធ្លាក់ស៊ីម៉ងត៍ពាសពេញផ្លូវ និងសម្អាតផ្លូវឡើងវិញផងក្រោយធ្វើរួច។

ចុងបញ្ចប់លោក ស សុខា ក៏សូមអំពាវនាវដល់អាជ្ញាធរដែនដី រួមមាន សង្កាត់ និងខណ្ឌ មេត្តាពិនិត្យរាល់ការដ្ឋានតាមចិញ្ចើមផ្លូវបែបនេះជាប្រចាំផង ក្នុងន័យបញ្ចៀសការស្ទះចរាចរណ៍ ការធ្វើដំណើររបស់អ្នកមូលដ្ឋាន សណ្ដាប់ធ្នាប់ សុវត្ថិភាព សោភ័ណ្ឌភាព និងគុណភាពផ្លុវ ដែលបានចំណាយថវិការាប់លានដុល្លារសាងសង់នោះ។

@Amapapa.News