លោក ពេជ្រ ស្រស់ ប្រាប់ពីវិធីលុបបំបាត់អំពើពុករលុយ និងភាពអសកម្មមន្ត្រីរាជការ

រិទ្ធី

ដើម្បីលុបបំបាត់អំពើពុករលួយ និងភាពអសកម្មរបស់មន្រ្តីនៅក្នុងជួររដ្ឋាភិបាល គឺត្រូវការធាតុផ្សំរួមមាន៖ ១- មេដឹកនាំឆ្លាតវៃ ២- មន្រ្តីស្អាតស្អំ ៣- ពលរដ្ឋសកម្ម នេះជាការលើកឡើងរបស់លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ប្រធានគណបក្សរូបនេះបានពន្យល់បន្ថែមទៅលើធាតុផ្សំទាំង៣យ៉ាងដូច្នេះថា៖ ចំពោះមេដឹកនាំឆ្លាតវៃគឺបានដល់មេដឹកនាំណាមាន ចិត្តមានថ្លើម និងបេះដូងនៅជាមួយមន្រ្តីគ្រប់កាលៈទេសៈ ហើយចាត់ទុកភាពទុរគត ភាពក្រលំបាក និងបញ្ហារបស់មន្រ្តីគឺជាបន្ទុករបស់ខ្លួន ព្រមទាំងរួមសុខ រួមទុក្ខជាមួយនឹងមន្រ្តីក្រោមឱវាទ ទើបពួកមន្រ្តីនៅក្រោមឱវាទបានស្កប់ស្កល់ជាមួយនឹងភាពលោភលន់ ដោយពួកមន្រ្តី ទាំងនោះគិតដល់អំរែករបស់មេដឹកនាំខ្លួន ពីព្រោះកាលណាមន្រ្តីក្បត់មេដឹកនាំគឺការដឹកនាំ នោះនឹងសម្បូរទៅដោយ ភាពក្បត់ ហើយអំពើអយុត្តិធម៌ទាំងឡាយនឹងកើតឡើងពាសពេញផ្ទៃប្រទេស។

ចំណែកឯ មន្រ្តីស្អាតស្អំ គឺបានដល់មន្រ្តីណា ដែលមានភក្តីភាពជាមួយជាតិនិងមេដឹកនាំ ជាពិសេសជាមួយនឹងប្រជាពលរដ្ឋ ដោយចាត់ទុកជាតិ គឺជាអាយុជីវិតរបស់ខ្លួន ហើយមេដឹកនាំគឺជាឪពុក ម្តាយ នឹងប្រជាពលរដ្ឋ គឺជាកូនរស់នៅក្នុងបន្ទុក ទើបការបំពេញការងារទាំងឡាយប្រព្រឹត្តទៅដោយភាពស្មោះត្រង់និងមានភាពសកម្ម ព្រមទាំងគិតដល់ប្រយោជន៍រួមជាធំដោយហេតុថា បើមន្រ្តីណាក្បត់នឹងជាតិខ្លួន គឺស្មើនឹងរំលាយជីវិតខ្លួនឯងចោល ហើយបើក្បត់នឹងមេដឹកនាំខ្លួនឯងគឺស្មើនឹងកូនអកត្តញ្ញូ បើក្បត់នឹងប្រជាពលរដ្ឋគឺស្មើនឹងឪពុកម្តាយគ្មានព្រហ្មវិហាធម៌ដូច្នេះ មន្រ្តីត្រូវតែមានភាពស្អាតស្អំ ព្រមទាំងគិតទៅដល់ប្រយោជន៍រួមជាធំ ទើបមានសេចក្តីសុខទាំងអស់គ្នាគឺសុខទាំងជាតិ មេដឹកនាំ និងសុខទាំងប្រជាពលរដ្ឋ។

ដោយឡែក ពលរដ្ឋសកម្ម គឺបានដល់ពលរដ្ឋណាចេះឈឺឆ្អាលដល់ប្រយោជន៍ជាតិពិតប្រាកដ និងចេះឈឺឆ្អាលសុខទុក្ខពលរដ្ឋដូចគ្នាដោយគិតថាជាតិគឺជាផ្ទះរបស់ខ្លួន ហើយពលរដ្ឋដទៃគឺជាបងប្អូនដែលចេះយកអាសារគ្នាទៅវិញទៅមក។ បើសិនជាពលរដ្ឋណាគិតទៅដល់ប្រយោជន៍ជាតិពិតប្រាកដគឺពលរដ្ឋនោះនឹងផ្តើមធ្វើសកម្មភាពឃ្លាំមើលនូវភាពអសកម្មរបស់ពួកមន្រ្តីប្រទេសជាតិ ដោយផ្អែកលើការពិតព្រមទាំងធ្វើជាកញ្ចក់ឆ្លុះដល់មន្រ្តីរូបណាដែលក្បត់ នឹងប្រយោជន៍ជាតិ និងពលរដ្ឋ ហើយម្យ៉ាងវិញទៀតគឺពលរដ្ឋត្រូវចេះសាមគ្គីគ្នាក្នុងគ្រាលំបាក ដោយមិនបោះបង់ពលរដ្ឋណាមួយនៅពេលជួបទុក្ខនោះឡើយ គឺត្រូវតែចេះរួមសុខ និងរួមទុក្ខជាមួយនឹងគ្នា។

លោក ពេជ្រ ស្រស់ សង្កាត់ធ្ងន់ថា៖ ធាតុផ្សំទាំង៣ខាងលើនេះ គឺមិនអាចខ្វះបាននោះឡើយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យរឹងមាំ និងមានអំណាចនៅក្នុងពិភពលោក ហើយគ្មានការបែកបាក់ជាតិណាមួយអាចរុញច្រានឲ្យប្រទេសខ្លាំងបាននោះឡើយ។

@Amapapa.News