
ភ្នំពេញៈ ក្រោយពីមានការលេចឮព័ត៌មានថាទីតាំងណេតយីហោកាហ្វេ២៤ម៉ោង ស្ថិតនៅក្បែរប៉ុស្តិ៍និងសាលាសង្កាត់នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានបើកអាជីវកម្មបង្កប់ល្បែងស៊ីសងខុសច្បាតាមអនឡាញនោះ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងលោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការខណ្ឌមានជ័យបានបញ្ជាផ្ទាល់ឲ្យគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ មានកម្លាំងសង្កាត់ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះធ្វើកិច្ចសន្យាផ្អាកអាជីវកម្ម ទីតាំងណេត២៤ម៉ោងមួយកន្លែង យីហោ Lucky Cafe ជាបន្ទាន់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងលោក អុំ រតនា នាយប៉ុស្តិ៍នគរបាលចាក់អង្រែលើ និងកញ្ញា ហម សុខងួន មន្ត្រីសាលាសង្កាត់ និងលោកស្រី ជា ថុល មន្ត្រីការិយាល័យវប្បធម៌ខណ្ឌមានជ័យ។
ប្រជាពលរដ្ឋតែងរអ៊ូរទាំថា កូនចៅពួកគាត់ ក្រុមយុវវ័យ គេចសាលារៀន ចោលការងារ ដោយសារវក់នឹងល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធអនឡាញទាំងនេះ ភ្លេចបាយ ភ្លេចផ្ទះ ដោយញៀននឹងល្បែងហ្គេម ភ្នាល់បាល់និងល្បែងស៊ីសងជាច្រើនប្រភេទទៀត ជ្រកក្រោមស្លាកអ៊ិនធើណេត មិនថាទីតាំងណេតខាងលើ ឬទីតាំងណេតដទៃទៀត ពុំដែលឃើញខាងអាជ្ញាធរសមត្ថកិច្ចណាចុះមកធ្វើការត្រួតពិនិត្យ នូវរបរខាងលើនេះទេ។ ពួកគាត់ព្រមទទួលស្គាល់ហើយ ការបើកអ៊ិនធើណេត ស្របច្បាប់ អនុញាតិឲ្យបើកពីមន្ទីរ ការិយាល័យទេសចរណ៍ ខណ្ឌ ក្រុង ក៏ប៉ុន្តែ ក្រោយពីបើកដំណើរការនូវរបរ សេវាកម្ម ប្រព័ន្ធអ៊ិនធើណេត ម្ចាស់ទីតាំងជាអ្នកលួចបើកបន្ថែម ឲ្យលេងល្បែងស៊ីសង ដូច្នេះដូចផ្តល់ឱកាសឲ្យក្រុមអ្នកញៀនល្បែង បានចូលលេងដោយសេរីទៅវិញតែពួកគាត់មិនជឿថា មានច្បាប់មកពីណា ដែលអនុញាតិអោយបើកទីតាំងល្បែងស៊ីសងខុសច្បាប់ ទោះតាមអ៊ិនធើណេត ឬតាមកន្លែងណាបាននោះទេ។


លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍ ដឹងថា ក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់ចាក់អង្រែលើ បានចុះធ្វើកំណត់ហេតុ បិទអាជីវកម្ម យីហោ Lucky Cafe កាហ្វេ២៤ម៉ោងនេះ បណ្ដោះអាសន្នតែម្ដង តែយ៉ាងណាក៏មិនមានការឃាត់ម្ចាស់ទីតាំងឬ ដកហូតសម្ភារៈនោះទេ គឺម្ចាស់ទីតាំងបានបិទទ្វាមុនអាជ្ញាធរចុះមកដល់ ដូច្នេះអាជ្ញាធរបានយកកំណត់ហេតុយកទៅបិទនៅជាប់ជញ្ញាំង ដើម្បីបញ្ជាក់ឲ្យម្ចាស់ទីតាំងដឹង ដោយមិនអនុញាតិអោយបើកអាជីវកម្ម ដោយមិនមានច្បាប់អនុញាតិបែបនេះតទៅទៀត បើពុំដូច្នោះ ម្ចាស់ទីតាំងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាក់ជាមិនខាន។
ចំណែកឯលោកអុំ រតនា នាយប៉ុស្តិនគរបាលចាក់អង្រែលើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា ពិតណាស់ ទីតាំងណេតយីហោ Lucky Cafe កាហ្វេ២៤ម៉ោងនេះ ពុំមានច្បាប់អនុញ្ញាតពិតប្រាដកមែន និងពុំមានអាជ្ញាប័ណ្ណឡើយ ដូច្នេះលោកនិងលោកចៅសង្កាត់ បានអញ្ចើញម្ចាស់ទីតាំងអោយធ្វើកិច្ចសន្យាបិទទីតាំងនេះបណ្តោះអាសន្នសិន។


តាមប្រសាសន៍លោក ពេជ្រ កែវ មុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ឲដឹងថា លោកបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ រាល់មន្ត្រីថ្នាក់ក្រោម ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងមិនត្រូវពាក់ព័ន្ធនិងល្បែងអស់ទាំងនោះទេ បើលោកដឹងថាមានមន្ត្រីរូបណា ចៅសង្កាត់ នាយប៉ុស្ដិ៍ មានការឃុបគ្នាលួចលាក់បើកល្បែង លោកនិងចាត់វិធានការតាមច្បាប់ ចំពោះរូបលោក គឺត្រូវតែបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ។
ក្តីព្រួយបារម្មណ៍របស់ពលរដ្ឋ លើវាសនាអនាគត់ កូនចៅ យុវវ័យ ខាងលើពលរដ្ឋ ទទូចស្នើសុំដល់អាជ្ញាធរ សមត្ថកិច្ច នៅពេលនេះមេត្តាជួយចុះទៅពិនិត្យ ឬវិធានការ ជាបំណែកមួយដើម្បីកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន ហើយក៏ដើម្បី សន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមផងដែរ។
គួរបញ្ជាក់ថាទីតាំងណេតបង្កប់ល្បែងស៊ីសងជាពិសេសល្បែងភ្នាល់បាល់អនឡាញ ឬទីតាំងហ្គេមបាញ់ត្រី មិនមែនមានតែមួយទីតាំងនេះទេនៅក្នុងសង្កាត់ចាក់អង្រែលើ សូម្បីតែនៅសង្កាត់ផ្សេងៗទៀតក្នុងខណ្ឌមានជ័យ សរុបគឺមានមិនក្រោមពី៣០ទៅ៤០ទីតាំងឡើយ ឬសុទ្ធតែមានច្បាប់បើកអាជីវកម្ម បង្កប់ល្បែងភ្នាល់អនឡាញ? ចំណុចនេះទុកអោយបងប្អូនអុំពូមីង ពិចារណាដោយខ្លួនឯងផងចុះ៕






