ប្រធានស្តីទី CNRP អំពាវនាវឱ្យប្រជារាស្ត្រខ្មែរកុំចាញ់កលល្បិចសម្តេច ហ៊ុន សែន ដែលប៉ុនប៉ងបំបែកគណបក្ស សង្គ្រោះជាតិ

រិទ្ធី

ប្រធានស្តីទី CNRP ដែលទើបតែត្រូវបានតែងតាំងកាលពីថ្មីៗនេះ បានបង្ហោះសារអំពាវនាវសូមឲ្យប្រជារាស្ត្រខ្មែរ កុំចាញ់កលល្បិចសម្តេច ហ៊ុន សែន ដែលប៉ុនប៉ងបំបែកគណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមសារដែលបានបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។

លោក សម រង្ស៊ី បានផ្ញើសារពីទីក្រុងអាត្លង់តា រដ្ឋចរចា សហរដ្ឋអាមេរិកថា៖ នៅប្រទេសកម្ពុជា របបហ៊ុន សែន រង្គើហើយ ដោយសារតែការតស៊ូរបស់បងប្អូនជនរួមជាតិនៅប្រទេសកម្ពុជា ហើយក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅឯនាយសមុទ្រ។

តាមរយៈវិដេអូរប្រមាណជិត៣នាទី លោក សម រង្ស៊ី ថារករូបមន្តមួយដើម្បីឱ្យបក្សCNRP ដំណើរការឡើងវិញ យើងមិនអាចទុកឱ្យគណបក្សសង្គ្រោះជាតិជាប់គាំងបានទេ ដោយប្រធានបក្សត្រូវលោក ហ៊ុន សែន ចាប់យកទៅឃុំឃាំង ត្រូវកំណត់យុទ្ធសាស្ត្រ យុទ្ធវិធី ធ្វើសេចក្តីសម្រេចសមស្របឱ្យទាន់ពេលវេលា យើងនឹងចាត់ចែងការងារដែលត្រូវបំពេញក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ​ ដើម្បីសង្គ្រោះជាតិយើង។

ប្រធានស្តីទីរូបនេះអះអាងថា៖ ដរាបណា យើងរួបរួមគ្នាជាធ្លុងមួយ យើងនឹងផ្តួលរំលំរបបផ្តាច់ការជាពុំខាន ក្នុងពេលដ៏ឆាប់ខាងមុខនេះ ត្រូវរក្សាជំហរឱ្យច្បាស់ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។

ចុងបញ្ចប់នៃសារនេះ អតីតប្រធានបក្សប្រឆាំងដ៏មានប្រជាប្រិយរូបនេះបានអំពាវនាវថា៖ សូមបងប្អូនប្រុងប្រយ័ត្ន កុំចាញ់បោកលោក ហ៊ុន សែន កុំជឿការឃោសនារបស់លោក ហ៊ុន សែន ដែលថាគណបក្សសង្គ្រោះជាតិបែកបាក់គ្នា ទាល់តែយើងរួមរួបគ្នា ឯកភាពរឹងមាំ ជោគជ័យគណបក្សសង្គ្រោះជាតិ គឺជោគជ័យប្រជារាស្ត្រខ្មែរទាំងមូល។

@Amapapa.News