លោក ពេជ្រ ស្រស់ ប្រឆាំងដាច់ខាតការផ្ទេរអ្នកទោសវៀតណាមនៅថៃមកដាក់ឃុំនៅកម្ពុជា

រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាផ្តល់យោបល់ បានប្រកាសប្រឆាំងដាច់ខាតការផ្ទេរអ្នកទោសវៀតណាមនៅថៃមកដាក់ឃុំនៅកម្ពុជា។ ក្នុងវីដេអូមានរយៈពេលជាង៣នាទី លោក ពេជ្រ ស្រស់ នឹកស្មានមិនដល់ ហួសចិត្ត ដែលអ្នកទោសវៀតណាមជាប់ឃុំនៅប្រទេសថៃស្នើមកសុំដាក់ឃុំនៅប្រទេសកម្ពុជា ម៉េចមិនទៅយកទៅឃុំនៅប្រទេសវៀតណាម។ លោកមិនស្វាគមន៍ និងមិនទទួលស្គាល់អ្នកទោសជនជាតិវៀតណាមទេ។

លោក ពេជ្រ ស្រស់ សួរថាតើកម្ពុជានិងវៀតណាមមានរឿងអីជាប់ពាក់ព័ន្ធគ្នា ត្រូវដឹកទៅដាក់នៅប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះលោកនឹងសរសេរលិខិតជំទាស់ផ្ញើទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ កម្ពុជា។

ការប្រតិកម្មមិនទទួលស្គាល់ចំពោះការផ្ទេរអ្នកទោសវៀតណាមនេះ ក្រោយពីមានព័ត៌មាន និងតាមសេចក្ដីជូនដំណឹង កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា មានអ្នកទោសជាជនជាតិវៀតណាមជាច្រើនកំពុងជាប់ពន្ធនាគារនៅថៃ បានស្នើសុំផ្ទេរឈ្មោះ មកជាប់ពន្ធនាគារនៅកម្ពុជាវិញ។ 

យោងតាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ចំពោះបញ្ហាផ្ទេរទណ្ឌិត គឺត្រូវអនុវត្តតាមកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស រវាងកម្ពុជា និងថៃ ដែលមានដូចជា៖ ទី១- បទល្មើសដែលអាចផ្ទេរអ្នកទោស បានលុះត្រាបទល្មើសនោះ ត្រូវជាប់ពន្ធនាគារចាប់ពីមួយឆ្នាំទ្បើងទៅ ទី២- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាទណ្ឌិតនោះ ត្រូវជាប់ទោស២/៣ នៃទោសរួម និងទី៣- ទណ្ឌិតដែលអាចផ្ទេរបាន លុះត្រាសាម៉ីខ្លួនស្នើសុំជាលាយលក្ខអក្សរ ។

@Amapapa.News