សម្ដេច ស ខេង ៖ អតីតមន្រ្តីបក្សប្រឆាំង១១៨រូប គោរពសាលក្រម ទើបធ្វើវិសោធនកម្ម បើកផ្លូវឲ្យធ្វើនយោបាយវិញ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលធ្វើសេចក្តីស្នើសុំមកកាន់នាយករដ្ឋមន្រ្តីកម្ពុជា ពាក់ព័ន្ធទៅនឹងបើកផ្លូវនយោបាយ របស់អតីតមន្រ្តីទាំង១១៨រូប នៃអតីតគណបក្សសង្រ្គោះជាតិ ហើយក្នុងនាមជាដើមបណ្តឹង ប្តឹងរំលាយគណបក្សសង្រ្គោះជាតិ រហូតដល់ដកបំរាមអ្នកទាំង១១៨រូបនោះ បានថ្លែងថា ការធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យអ្នកនយោបាយ១១៨រូប ធ្វើនយោបាយវិញ ដោយសារពួកគេមួយចំនួនធំ បានគោរពតាមលក្ខខ័ណ្ឌសាលក្រមតុលាការកំពូល។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ក្នុងនោះអ្នកនយោបាយទាំង១១៨រូប របស់អតីតបក្សប្រឆាំង បានកាត់សិទ្ធិធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

សម្តេច ស ខេង បានមានប្រសាសន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ថា ក្នុងចំណោមបំរាមនយោបាយទាំង១១៨រូប មានមួយចំនួន មិនគោរពតាមសាលក្រមតុលាការកំពូល ប៉ុន្តែមួយចំនួនធំទៀត ក៏បានគោរព។

សម្តេចបន្តថា “ក្នុងនោះមួយចំនួនធំបានគោរព នូវសាលក្រមរបស់តុលាការ ដូច្នេះត្រូវទទួលស្គាល់ ប៉ុន្តែសាលាក្រមតុលាការកំពូល បានបិទផ្លូវតវ៉ាចំពោះអ្នកទាំង១១៨រូប ដោយគ្មានទុកច្រកណាចេញបានទេ ទាល់តែ៥ឆ្នាំបានផុតកំណត់ ប៉ុន្តែដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ មានតែធ្វើវិសោធនកម្មច្បាប់ដើម្បីបើកច្រក”។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្ថែមថា រដ្ឋសភា បាននឹងកំពុងធ្វើសេចក្តីស្នើច្បាប់ ។ ក្នុងនោះសម្តេច បានធ្វើការពន្យល់ថា សេចក្តីស្នើច្បាប់នេះ មានសេចក្តីព្រាងច្បាប់ គឺជាច្បាប់ដែលព្រាងដោយរាជរដ្ឋាភិបាល។ រីឯសេចក្តីស្នើច្បាប់ គឺតំណាងរាស្រ្តមានសិទ្ធិធ្វើសេចក្តីស្នើច្បាប់ ដើម្បីផ្តល់លទ្ធភាព ឲ្យអ្នកគោរពសាលក្រមតុលាការ គឺមានលទ្ធភាពដកចេញ នូវបំរាមការហាមឃាត់ធ្វើនយោបាយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋសភាកម្ពុជា បានប្រកាសជាសាធារណៈ ពីការធ្វើវិសោធនកម្មច្បាប់ គណបក្សនយោបាយ ដើម្បីបើកផ្លូវផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់សម្បទាដល់អ្នកនយោបាយ១១៨រូប របស់អតីតគណបក្សសង្គ្រោះជាតិ ដែលតុលាការហាមឃាត់ធ្វើនយោបាយរយៈពេល៥ឆ្នាំ ឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីតំណាងរាស្ត្រហត្ថលេខី ចំនួន៨៧រូប បានផ្តួចផ្តើមធ្វើសេចក្តីច្បាប់ ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៣ ធ្នូ បានឲ្យដឹងថា មាត្រា៤៥ថ្មី (ស្ទួនមួយ) មានខ្លឹមសារយ៉ាងដូច្នេះថា បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។

បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយ ពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេល នៃការហាមឃាត់ ដែលកំណត់ដោយសាលដីការ របស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិសម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមដំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

@Amapapa.News