(ខ្សឹប) ចង់នាំឡាន និងម៉ូតូទំនើបៗ គេចពន្ធចូលមកបានស្រួល ទាក់ទងលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង

អាម៉ាប៉ាប៉ាញ៉ូស

ខ្សឹបៈ មន្ត្រីមានសមត្ថកិច្ចជាច្រើន ពិសេសមន្ត្រីគយ​ ដែលស្និទ្ធនឹងលោក សំ កុសល ប្រធាន​សាខាគយ ​និងរដ្ឋាករខេត្តកោះកុង បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ដូចៗគ្នា​ថា នៅក្នុងអាណាចក្រខេត្តកោះកុង ជាប់នឹងប្រទេសថៃមួយនេះ បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​ នៅតែ​នាំចូល​ម៉ូតូ​ទំនើបៗ ​រថយន្ត​ទំនើបៗ​ អត់​ពន្ធ រួមទាំងទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទទៀតផងដែរ ​ពី​ទឹកដី​ថៃ​ ចូល​ទឹកដី​ខ្មែរ​ យ៉ាង​គគ្រឹកគគ្រេង ទាំងតាមទូកកាណូត​ និងតាមឡាន នៅពេលយប់​ ដោយសារតែឈ្មួញទាំងនោះ បានចរចាត្រូវរ៉ូវគ្នាជាមួយលោក សំ កុសល មេគយខេត្តរួចស្រេចទៅហើយ រហូតមានឈ្មួញខ្លះ បានទម្លាយថា "ចង់នាំឡាន និងម៉ូតូគេចពន្ធពីថៃចូលមកខ្មែរបានស្រួល ត្រូវទាក់ទងលោក សំ កុសល មេគយខេត្តកោះកុងជាមុនសិន"

បើតាមប្រភព​ខាងលើ បាន​បន្តខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យ​ដឹង​ទៀតថា ទំនិញគេចពន្ធទាំងនោះ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ច្រក​ស្រែអំបិល ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត ដោយសារតែមានភ្លើងខៀវពីលោក សំ កុសល មេគយធំប្រចាំខេត្តកោះកុង  រួមជាមួយបក្ខពួកនៅតាមច្រកទាំងនោះ ដោយឱ្យម្ចាស់ទំនិញ​ បង់ពន្ធ​អាករ ចូល​រដ្ឋ​ត្រឹម​តែ២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ។ ក្រៅពីនេះ ​គឺមានការឃុបឃិត​ បែង​ចែក​ផលប្រយោជន៍​គ្នា ​រវាង​ក្រុម​ឈ្មួញ ​និង​លោក សំ កុសល​​​ ប្រធានសាខាគយ និងរដ្ឋាករខេត្ត និងក្រុមឈ្មួញមានលុយមានអំណាច ហើយធ្វើឱ្យបាត់បង់ចំណូលរដ្ឋក្នុងមួយខែៗរាប់សែនដុល្លារឯណោះ។

ក្រុមមន្ត្រីខាងលើនៅបានខ្សឹបឱ្យនាយ "ក្តាមប្រៃ" ដឹង​ទៀតថា ការដែល​លោក សំ កុសល មេគយខេត្តកោះកុងរូបនេះ ហ៊ាន​ធ្វើ​អ្វីៗតាម​អំពើ​ចិត្ត​របស់ខ្លួនបែបនេះ គឺគាត់បានបំពាន​ទៅលើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ ពោលគឺដោយសារ​លោក សំ កុសល អាង​មាន​ខ្នងបង្អែកដ៏​រឹងមាំ​ចាំ​ជួយ​ការពារ ​និង​ជួយ​ដោះស្រាយ​គ្រប់ពេល។

បើតាមមន្ត្រី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង មួយចំនួនទៀត ក៏​បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ " ឲ្យ​ដឹងដែរថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ណារបស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះ​ ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ក៏ដូចជា​​ លោក​ គុណ ​ញឹម អគ្គនាយនៃអគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា នាំគ្នា​សម្ងំ​ឈឹងហ្មង​។ ដូច្នេះហើយ​ ទើប​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង កាន់តែ​មានអំណាច​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

មន្ត្រី​ភ្នាក់ងារ​គយ​ខេត្តកោះកុង បាន​ឲ្យនាយ"ក្តាមប្រៃ"​ ដឹង​បន្តទៀតថា មួយរយៈ​ចុងក្រោយ​នេះ ​លោក សំ កុសល ប្រើ​តួនាទី​ និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ កាន់តែ​ច្រើនឡើងៗ​ តាមច្រកបាក់ខ្លង តាមទូក និងច្រករបៀងតូចៗជាច្រើនទៀតផងដែរ។ ជាពិសេសទំនិញគេចពន្ធ ដែលមេគយរូបនេះ ត្រូវប៉ាន់ជាងគេនោះ គឺឡានគេចពន្ធស៊េរីទំនើបៗ ម៉ូតូគេចពន្ធសេរីទំនើបៗ និងគ្រឿងបន្លាស់ជាដើម ដែលជាប្រភពចំណូលចូលហោប៉ៅលោកសំ កុសល យ៉ាងត្រជាក់មេជើងហ្មង។ ហើយរាល់ទំនិញគេចពន្ធទាំងនោះ ត្រូវលោក សំ កុសល ប្រធាន​សាខាគយ និងរដ្ឋាករ​ខេត្តកោះកុងឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។

ប្រភពដដែលបានខ្សឹបឱ្យនាយ"ក្តាមប្រៃ" ដឹងបន្ថែមទៀតថា លើស​ពី​នេះ​ទៅទៀត ​លោក សំ កុសល តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី ​និង​អំពើពុករលួយ​របស់ខ្លួន ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ដើម្បី​គំរាម​មិន​ឲ្យ​មន្ត្រី​គយ ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកោះកុង ធ្វើការ​តវ៉ា និងរាយការណ៍ពីសកម្មភាពពុករលួយ និងបក្ខពួកនិយមរបស់ខ្លួន​។

ពាក់ពន្ធ័នឹងការលើកឡើង ក៏ដូចជាការចោទប្រកាន់មកលើលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងរូបនេះ នាយ ក្តាមប្រៃ មិនធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយនោះទេ។ ហើយ​ជាមួយគ្នានេះ នាយក្តាមប្រៃយើង ចង់ដឹងព័ត៌មានបន្តិចបន្ទួចពីលោក សំ កុសល ដែរ តែដោយទូរស័ព្ទខលទៅហើយគ្មានអ្នកទទួល​។ តែទោះយ៉ាងណានាយក្តាមប្រៃយើងរង់ចាំការបកស្រាយពីលោក សំ កុសល គ្រប់ពេលវេលា៕

@Amapapa.News