(ខ្សឹប) លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ ត្រូវលោក នឹម ផល្លី យកឈ្មោះទៅគំរាមឈ្មួញ ឲ្យបង់លុយក្រោមតុ ដោយគ្មានការលើកលែង

អាម៉ាប៉ាប៉ាញ៉ូស

ក្រុមឈ្មួញរកស៊ីជាច្រើន ដែលមានទីតាំងនៅក្នុងមូលដ្ឋានខណ្ឌចំការមន បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងថា លោក នឹម ផល្លី ដែលជាប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន បាន និងកំពុងប្រព្រឹត្តិខុសពីនីតិវិធីគយ ពុករលួយ បក្ខពួកនិយម និងគឃ្លើនយ៉ាងធ្ងន់ធ្ងរថែមទៀត គឺគាត់បានយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទៅជំរិតគាបសង្កត់ បង្ខំឲ្យឈ្មួញរកស៊ីតូចតាចនៅក្នុងអាណាចក្រខណ្ឌចំការមន បង់ប្រាក់ក្រោមតុតាមទំនើងចិត្តរបស់ខ្លួន ដែលទាមទារ។

ប្រភពខាងលើ ខ្សឹបបញ្ជាក់ប្រាប់នាយ "ក្តាមប្រៃ" យើងឲ្យដឹងទៀតថា ការប្រព្រឹត្តអំពើពុករលួយ មកលើឈ្មួញតូចតាចក្នុងមូលដ្ឋាន ដែលធ្វើឲ្យជះឥទ្ធិពលដ៏អាក្រក់នេះ គឺលោក នឹម ផល្លី មានចេតនាយកឈ្មោះបណ្ឌិត គុណ ញឹម មេគយធំ មកគ្របដណ្តប់ពីលើអំណាចខ្លួនបន្ថែមទៀត ដើម្បីធ្វើជាស្បែកបន្លាចឈ្មួញ និងពង្រីកឥទ្ធិពល​ខ្លួនឯង ហើយថែមទាំងបង្កើតក្រុមមន្ត្រីគយ​៤ទៅ៥នាក់ ឲ្យចាប់រថយន្តដឹកទំនិញ ដែលបើកកាត់ក្នុងអាណាចក្រខ្លួន ហើយដោះលែងវិញ ជាថ្នូរនឹងការបង់ប្រាក់ ប្រចាំថ្ងៃ ប្រចាំខែ យ៉ាងល្បីពេញខណ្ឌចំការមតែម្តង។

បើតាមក្រុមឈ្មួញ បានខ្សឹបបញ្ជាក់មកនាយ "ក្តាមប្រៃ" ឲ្យដឹងបន្ថែមទៀតថា បើពួកគាត់ដឹកទំនិញតាមរថយន្តតូចចំណុះ១តោនកន្លះ ទៅ៥តោននោះ គឺលោក នឹម ផល្លី និងមន្ត្រីរបស់គាត់ ចាប់បង្ខំឲ្យបង់លុយឆៅៗហ្មង ទៅតាមការទាមទារ ពិតជាគ្មាន​ការយោគយល់អ្វីទាំងអស់ ពោល គឺដឹងតែពីចាប់បង្ខំឲ្យបង់ប្រាក់ក្នុងមួយឡានពី៣០ដុល្លារ ទៅ៥០ដុល្លារ ទោះបីដឹងថា ទំនិញមានច្បាប់ និងបង់ពន្ធគ្រប់អស់ហើយក៏ដោយ ក៏ក្រុមលោក នឹម ផល្លី មិនលើកលែងដែរ ដោយគេពោលពាក្យថា "បើចាប់ហើយ កុំឲ្យស៊យដៃ ត្រូវបានខ្លះដាក់ហោប៉ៅ"

ជាមួយគ្នានេះ ក្រុមឈ្មួញក៏នៅបានខ្សឹបប្រាប់ទៀតថា សម្រាប់រថយន្តប្រភេទយីឌុបវិញ លោក នឹម ផល្លី និងបក្ខពួក ពុំបានគិតថា ការដឹកជញ្ជូននេះ មានពន្ធ ឬគេចពន្ធនោះឡើយ ដឹងតែតម្រូវឲ្យបង់ក្នុងមួយឡាន១០០ដុល្លារ ទៅ១៥០ដុល្លារ ឬ២០០ដុល្លារ ឲ្យតែឈ្មួញទាំងនោះ ដឹកជញ្ជូនទំនិញឆ្លងកាត់ទឹកដីខណ្ឌចំការមន របស់ខ្លួននោះ។

ប្រភពខាងលើនៅបានខ្សឹបប្រាប់មកនាយ "ក្តាមប្រៃ" ឲ្យដឹងបន្តទៀតថា ក្រៅពីអំពើពុករលួយ តាមរូបភាពខាងលើបែបនេះ លោក នឹម ផល្លី ប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌចំការមន ក៏នៅបានបង្កើតនូវល្បិចកលដ៏អាក្រក់បំផុត ដោយចាត់ឲ្យមន្ត្រីជំនិតបក្ខពួករបស់ខ្លួន ចុះទៅយកលុយតាមទីតាំងឃ្លាំងស្តុកទំនិញ ក្នុងមួយខែៗ ទៅតាមទីតាំងឃ្លាំងតូច ឬធំមាន២០០ដុល្លារ ទៅដល់១ពាន់ដុល្លារ ឬ២ពាន់ដុល្លារឯណោះ ដោយសារឃ្លាំងខ្លះ មានស្តុកទំនិញបង់ពន្ធមិនគ្រប់ ដោយលោក នឹម ផល្លី លាក់ទុកយកសេវាក្រៅប្រចាំខែដាក់ហោប៉ៅ ចាយវាយយ៉ាងត្រជាក់ល្ហឹមហ្មង!។

ប្រភពបានខ្សឹបឲ្យនាយ "ក្តាមប្រៃ" ដឹងថា កាលពីពេលថ្មីៗមកនេះ ដោយសារតែការអនុវត្តតួនាទីភារកិច្ច ពោរពេញទៅដោយអំពើពុករលួយ ហើយប៉ះពាល់ធ្ងន់ធ្ងរពេកទៅលើអាជីវករ ក្រុមហ៊ុនរកស៊ីនោះ ទើបលោក នឹម ផល្លី ត្រូវបានលោកបណ្ឌិត គុណ​ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ហៅមកដុះក្អែលស្ទើរតែដកតំណែង និងទុកពេលឲ្យកែខ្លួន។ តែផ្ទុយទៅវិញ លោក នឹម ផល្លី មិនត្រឹមតែមិនបានកែខ្លួន ឬស្តាប់ការណែនាំរបស់បណ្ឌិត គុណ ញឹម នោះទេ ពោល គឺលោក នឹម ​ផល្លី កាន់តែបង្កើតនូវរឿងរ៉ាវដ៏អាក្រក់ អំពើពុករលួយជំរិតគាបសង្កត់បង្ខំឲ្យឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខណ្ឌចំការមន ឲ្យបង់ប្រាក់ រកលុយ​ពីទីតាំងឃ្លាំងដាក់ទំនិញ ដោយបានលើកហេតុផលទៅកាន់ក្រុមឈ្មួញទាំងនោះថា នេះជាគោលការណ៍របស់ «ឯកឧត្តមប្រតិភូ អគ្គនាយកគយ» ដើម្បីឲ្យប្រមូលពន្ធឲ្យគ្រប់តាមគោលការណ៍។ ប៉ុន្តែក្រុមឈ្មួញមិនល្ងង់ដល់ថ្នាក់ ការយកលុយបែបនេះ ជាការប្រមូលពន្ធជូនរដ្ឋនោះទេ ព្រោះគ្មាន​គោលការណ៍ គ្មានវិក្កយបត្រត្រឹមត្រូវ គឺតម្រូវឲ្យបង់តាមការទាមទារតាមបបូរមាត់ ជាប្រយោជន៍ដាក់ហោប៉ៅរបស់ពួកគេតែប៉ុណ្ណោះឯង។

ពាក់ព័ន្ធនឹងករណី​ក្រុមឈ្មួញ លើកឡើងខាងលើនេះ នាយក្តាមប្រៃ មិនបញ្ចេញមតិយោបល់អ្វីទេ ទុកនាទីជូនលោកអគ្គនាយកគយ និងរដ្ឋាករ ទៅចុះ។ ហើយនាយយើង រង់ចាំការបកស្រាយបំភ្លឺពីលោកនាយគយខណ្ឌចំការមន គ្រប់ពេល៕

@Amapapa.News