(ខ្សឹប) លោកផ្កាយ២ ទេព ចិត្រា និង ពេជ្រ សុផាន់ លួចដំឡើងរថយន្តខុសបច្ចេកទេស ក្នុងបញ្ជាការដ្ឋានកងពលតូច “ង៧០”

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីយោធានៅកងពលតូចលេខ៧០ ឬហៅថា ង៧០ បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា វាពិតជាមិនធម្មតាឡើយ នៅគ្រាដែលព័ត៌មានជំ​នួញទុចរិតលាក់បាំងរាប់សិបឆ្នាំមកហើយនៃការនាំចូលរថយន្ត២កំណាត់ ហើយលួចដំឡើងកែច្នៃ​ខុសបច្ចេកទេស ខុសច្បាប់របស់មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោពីររូប នៅបញ្ជាការដ្ឋានកងពលតូច (ង៧០) ដែល​ត្រូវបានបែកធ្លាយមកខាងក្រៅ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន ដែលប្រើប្រាស់រថយន្តទំនើបៗនោះ។

បើតាមប្រភពព័ត៌មានពីការបែកធ្លាយនៃជំ​នួញរកស៊ីកាត់តដំឡើងរថយន្តខុសបច្ចេកទេសក្នុងកងពលខាងលើនេះ បានខ្សឹបឱ្យនាយ ក្តាមប្រៃ ដឹងថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា និងលោកឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០ ឬហៅថា (ង៧០) នោះ បានបង្កើតទីតាំងដឡើងរថយន្តខុសបទដ្ឋានបច្ចេកទេសជាប្រភេទរថយន្ត "កាត់ត" ទំនើបៗ នៅក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០តែម្តង ដោយគេយកផ្នែកខាងក្រោយប៉ែកខាងឆ្វេងបន្ទាយធ្វើជាកន្លែងដំឡើង ជាច្រើនឆ្នាំមកហើយ ដោយមានបុគ្គលិក កម្មករ មេជាង ជាច្រើននាក់។

បើតាមការលួចទម្លាយពីក្រុមជាងនៅទីនោះ ដោយបញ្ជាក់ប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា លោក​ផ្កាយ២ទាំងពីរនាក់ ដែលមានឈ្មោះខាងលើនេះ បាននាំមកបំណែកប្រភេទរថយន្តទំនើបៗ កាត់មួយកំណាត់ៗ ដូចជារថយន្ត កាមរីហាយព្រីត ស៊េរីឆ្នាំ២០០៧, កាមរីស៊េរី២០១៧ ,ឡង់គ្រឺស័រ ឡិចស៊ិស ចាប់ពីស៊េរីឆ្នាំ២០០៣ ដល់ឆ្នាំ២០១៨ ,រថយន្តហាយឡែនឌឺរ ចាប់ពីស៊េរីឆ្នាំ២០០២ឡើងទៅ យកមកកាត់តដំឡើងជារថយន្តមូលថ្មី ហើយលក់ចេញទៅទីតាំងលក់រថយន្តជាច្រើនកន្លែង ទាំងនៅកន្លែងគក់ជេររថយន្តម្តុំវត្តភ្នំផងដែរ។

ប្រភពខាងលើបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងបន្ថែមទៀតថា កន្លែងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេស ក្នុងបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានដំណើរជាយូរឆ្នាំមកហើយ ដោយ​គ្រប់គ្រងដោយមនុស្ស២នាក់ គឺលោកឧត្តមសេនីយ៍ទោ(ផ្កាយ២ ទេព ចិត្រា )និងលោកឧត្តមសេនីយ៍ទោ (ផ្កាយ២ ពេជ្រ សុផាន់) ដែលអ្នកទាំងពីរ មានតួនាទីជាមេបញ្ជាការរងកងពលតូចលេខ៧០នេះតែម្តង។

ប្រភពដដែលបានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា មានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្តកាត់១កំណាត់ៗ ដោយគេឃុបឃិតគ្នាជាមួយមន្ត្រីគយនៅច្រកអន្តរជាតិ ខេត្តព្រះសីហនុ ដោយបង់ពន្ធជាប្រភេទគ្រឿងបន្លាស់រថយន្ត ប៉ុន្តែជាប្រភេទរថយន្តថ្មីៗ ទំនើបៗ គ្រាន់តែគេប្រើវិធីកាត់ជា២កំណាត់ រួចយកមកផ្សារ ត ដំឡើង តោន បាញ់ថ្នាំប៉ូលា អោយទៅជារថយន្តស្របតាមបច្ចេកទេសនាំចូលបង់ពន្ធ ដើម្បីលក់លើទីផ្សារក្នុងស្រុក មួយចំនួនទៀតលួចនាំចេញទៅប្រទេសជិតខាង ដូចជាឆ្លងទៅវៀតណាម និងឆ្លងទៅប្រទេសឡាវ ជាដើម។

មន្ត្រីយោធានៅទី​នោះបានខ្សឹបប្រាប់ឱ្យនាយ ក្តាមប្រៃ ដឹងទៀតថា  ករណីខ្លះទៀត ក្រោយដំឡើងរួចរាល់ គេត្រូវពាក់ស្លាកលេខ (ខម) ស្លាកលេខរដ្ឋ លក់ប្រើប្រាស់ក្នុងស្រុក មានតម្លៃទាបជាងរថយន្តនាំចូលបង់ពន្ធពាក់កណ្តាល។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ពេជ្រ សុផាន់ មានតួនាទីជាមេបញ្ជាការរង កងពលតូចលេខ៧០ គាត់ជាអ្នកមើលការខុសត្រូវសម្រាប់ទីតាំងដំឡើង​រថយន្តខុសបទដ្ឋានបច្ចេកទេសក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ នេះតែម្តង ដោយគ្រប់គ្រងជាង កម្មករ ពិនិត្យឡានពេលដំឡើង ត ផ្សារ តោន ប៉ូលា បាញ់ថ្នាំ និងបញ្ចេញលក់ ជាដើម។

ប្រភពខាងលើ បានខ្សឹបឱ្យនាយ ក្តាមប្រៃ ដឹងទៀតថា ទីតាំងដំឡើង​រថយន្តខុសបទដ្ឋានបច្ចេកទេសនេះ គេធ្វើរោងដំបូលស័ង្កសី ពណ៌ឈាមជ្រូក របងបិទជិត ទ្វារដែកបិទស័ង្កសី ពណ៌ខៀវ ដោយយករថយន្ត(ខម) និងរថយន្តពន្លត់អគ្គិភ័យអង្គភាពមកចតបាំងពីមុខ ជៀសវាងភ្ញៀវពីខាងក្រៅចូលទៅដឹងពីសកម្មភាពនេះ។

យ៉ាងហោចណាស់ក៏ក្នុង១ខែគេអាចដំឡើង​បាន១០០គ្រឿង ក្នុងនោះដំឡើងរួច១គ្រឿងៗ ត្រូវបង់លុយអោយអ្នកគ្រប់គ្រងនៅក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ ចំនួន៦០០ដុល្លារ។ ក្រៅពីករណីដំឡើងរថយន្តកាត់ត នៅទីនោះ ក៏ជាកន្លែងទទួលរក្សាទុករថយន្តទំនើបៗ​អត់ពន្ធនាំចូល ឬឲ្យ​អ្នកលក់ អ្នកទិញ ទៅមើលចរចាតថ្លៃគ្នា បញ្ចៀសការបង្ក្រាបណាមួយពីសមត្ថកិច្ចគយ។ ប៉ុន្តែគិតឈ្នួលថ្លៃក្បាលឡានស៊េរីទាប ឬខ្ពស់ ក្នុងសេវាជាក់ស្តែង និងមានប្រភេទឡានបាឡែន ឡិចស៊ីស កាមរីហាយព្រីត ហាយឡែនឌ័រ អត់ពន្ធនាំចូល បញ្ឈរដាក់លក់នៅទីនោះដ៏ច្រើនបន្ថែមទៀត។

ប្រភពបានខ្សឹបឱ្យនាយយើងដឹងបន្ថែមថា លោកឧត្តមសេនីយ៍ទោ ទេព ចិត្រា ក្រៅពីមានភារកិច្ចជាអ្នកនាំរថយន្តចូល ជាប្រភេទរថយន្ត "កាត់​១កំណាត់" គាត់ក៏មានការយកចិត្តទុកដាក់ប្រើកម្លាំង ដើម្បីការពាររថយន្តកុងតឺន័រ រថយន្តស្ទួចដឹករថយន្តកាត់ត ចូលក្នុងបញ្ជាការដ្ឋាន កងពលតូចលេខ៧០ កន្លែងដំឡើងរថយន្តខុសបទដ្ឋានបច្ចេកទេសនេះផងដែរ និងមានទីតាំងរបស់គាត់មួយទៀតនៅផ្ទះ២ល្វែង ទល់មុខបញ្ជាការដ្ឋាន កងពលតូចលេខ៧០ ក្នុងភូមិ ចុះពីផ្លូវជាតិលេខ៣ជិត៥០០ម៉ែត្រ ជាកន្លែងលាក់ទុករថយន្តទំនើបៗគ្មានពន្ធនាំចូល, រថយន្តកាត់តទំនើបៗ សម្រាប់ទុកយកទៅដំឡើង និងលក់ចេញ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពលតូចលេខ៧០ អង្គភាព" នាយក្តាមប្រៃ " មិនអាចទាក់ទងសុំការបំភ្លឺបានទេ តាមទូរស័ព្ទ ដោយទូរស័ព្ទនៅក្រៅប្រព័ន្ធសេវា៕

@Amapapa.News