អតីតផ្កាយ៣ នៅក្រោយរឿងជម្លោះដីផ្ទះ ក្នុងខណ្ឌឫស្សីកែវ រវាងពលរដ្ឋ និងពលរដ្ឋ, ស្នើសុំរដ្ឋមន្ត្រី ជា សុផារ៉ា ជួយដោះស្រាយបញ្ចប់

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកស្រី រេះ ស៊ីយ៉ា តំណាងឲ្យមេគ្រួសារទាំងមូល ស្នាក់នៅផ្ទះលេខ១៨៨E ស្ថិតនៅខាងត្បូងក្បែរផ្លូវជាតិលេខ៥ ក្នុងភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដែលបានមកតាំងទីលំនៅស្នាក់អាស្រ័យផលមុនថ្ងៃរំដោះ៧មករា ក្នុងឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០១៣ មានទាំងឯកសារបញ្ជាក់ទទួលស្គាល់ត្រឹមត្រូវស្របច្បាប់ ពីអាជ្ញាធរពាក់ព័ន្ធផងនោះ តាមរយៈភ្នាក់ងារសារព័ត៌មាន CAMPOST នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សូមស្នើរសុំអង្វរយ៉ាងទទូចទៅកាន់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយពន្លឿនការដោះស្រាយបញ្ចប់ ក្នុងការផ្ដល់ក្ដីយុត្តិធម៌ សម្រាប់ក្រុមគ្រួសារគាត់ផង ដោយសារបច្ចុប្បន្ននេះ កំពុងតែប្រឈមការបាត់បង់ដីធ្លី និងផ្ទះសំបែងមិនខានឡើយ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានឥន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រើអំណាចមកគាបសង្កត់ប្ដឹងចោទប្រកាន់គាត់ (រេះ ស៊ីយ៉ា) និងក្រុមគ្រួសារ ថាជាអ្នកស្នើសុំដីស្នាក់នៅបណ្ដោះអាសន្ន ជាយូរមកហើយ ទាំងបំពានទៅវិញ។

ការស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយអភិបាលរាជធានីភ្នំពេញ ខាងលើនេះដែរ គឺបានផ្ទុះឡើង បន្ទាប់ពីលោកស្រី រេះ ស៊ីយ៉ា និងក្រុមគ្រួសារ ដែលជាប្រជាពលរដ្ឋស្លូតត្រង់ បានចាប់ផ្ដើមរុះរើសំណង់លំនៅដ្ឋានចាស់ របស់ខ្លួនចោល ដោយសារមានសភាពទ្រុតទ្រោមបាក់បែកខ្លាំង ហើយចាប់ផ្ដើមសាងសង់លំនៅដ្ឋានជាថ្មីវិញ ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៧ «ពោលគឺកាលពីជាង១ឆ្នាំមុន» ស្រាប់តែលេចមុខសាច់ញាតិ របស់អតីតឧត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា បានចេញមកហាមឃាត់មិនឲ្យមានការជួសជុល ឬសាងសង់លំនៅដ្ឋានថ្មីឡើយ ដ៍រ៉ាបណាពាក្យបណ្ដឹងទំនាស់រំលោភបំពាន ក្នុងជម្លោះដីផ្ទះមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយ នៅថ្នាក់ភូមិ សង្កាត់ និងខណ្ឌ។

ជុំវិញការចោទប្រកាន់នេះ ភ្នាក់ងារ CAMPOST នៅពុំទាន់សុំការបកស្រាយបំភ្លឺពីលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា អតីតអគ្គនាយករង នៃអគ្គនាយកដ្ឋានឥន្តោប្រវេសន៍ នៅឡើយទេ ដោយសារលោកស្រី រេះ ស៊ីយ៉ា ដែលជាភាគីរងគ្រោះ បានធ្វើឡើងតាមឯកសារជាក់លាក់ជាច្រើន ក្រៅពីមានកិច្ចសន្យា, លិខិតធានាអះអាង, កំណត់ហេតុស្ដីពីការចុះពិនិត្យដីធ្លី, លិខិតបញ្ជាក់ប្រវត្តដី ពីអាជ្ញាធរពាក់ព័ន្ធទាំងឡាយនោះ ក៍នៅមានពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ដីធ្លី មានទំហំ ២,៧០+៣,៣០+៩,៦០ ដែលបានបន្តកាន់កាប់ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកមានការទទួលស្គាល់ពីប្រធានភូមិខ.២ លោក តា វិចិត្រ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ មានព្រំប្រទល់ប៉ែកខាងជើង ទល់បន្ទប់ទឹក ខាងត្បូងទល់របងថ្ម ខាងកើតទល់ផ្លូវការ៉ូឡា និងខាងលិចទល់របងថ្ម ចុះលេខ០៤៨ ប.ជ និងបានបញ្ជូនមកលោកប្រធានការិយាល័យភូមិបាលស្រុក ដើម្បីពិនិត្យ និងសម្រេចដោយលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ ព្រមទាំងបានធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងមួយនេះ ឲ្យទៅកូនប្រុសឈ្មោះ រេះ ឯលហ្សូរី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៣ ដោយមានការទទួលស្គាល់ពីលោក ឃ្លាំង ហួត បច្ចុប្បន្នជាអភិបាលខណ្ឌជ្រោយចង្វារ ដែលជាអតីតអភិបាលខណ្ឌឬស្សីកែវ ទៀតផង នៅក្នុងជំនាន់នោះ។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺយោងទៅតាមឯកសារមួយចំនួន ដែលភ្នាក់ងារ CAMPOST ទទួល បានបង្ហាញថា ពាក្យបណ្ដឹងរបស់អតីតឧត្តមសេនីយ៍ផ្កាយ៣ លោក ម៉ម ស្រ៊ីមវណ្ណា បានប្ដឹងចោទទៅឈ្មោះ យ៉ា សាហ្វី ដែលជាគ្រួសាររបស់លោកស្រី (រេះ ស៊ីយ៉ា) ទៅប្រធានភូមិខ.២ ក្នុងសង្កាត់ច្រាំងចំរេះទី២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦ (ពីបទយកដីមុខផ្ទះធ្វើរបស់ខ្លួននោះ) ពុំមានស្នាមផ្ដិតមេដៃនោះទេ ហាក់បីដូចជាថ្លែងឯកសារ នាជុំនាន់នោះដែរ។

លើសពីនេះទៀត នៅមានដីកាបញ្ជូនលិខិតលេខ០០៩ ត.ប.ក ចុះថ្ងៃទី១១ ខែមករា កាលពីដើមឆ្នាំ២០១៨ ពីទំហំ និងព្រំប្រទល់បង្កាន់ដៃលេខ ១៥៨០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩១ របស់ឈ្មោះ ម៉ាន ម៉ៃសំ តាមរយៈពាក្យបណ្ដឹងហាមឃាត់ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧  របស់ឈ្មោះ ឡោះ អាមីណាស់ ហៅហ្វា អាមីណាស់ ដែលមានដីកាអមលេខ០០១ ដ.ក.អ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដែលសុទ្ធតែជាសាច់ញាតិ របស់លោក ម៉ម ស្រ៉ីមវណ្ណា នៅក្នុងរឿងទំនាស់ដីផ្ទះនេះ ដើម្បីសំណើសុំឲ្យការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ ភូមិបាលខណ្ឌឫស្សីកែវ បើកការស្រាវជ្រាវបំភ្លឺជុំវិញបញ្ហានេះ ឃើញថាមានពាក្យស្នើសុំមែន តែគ្មានទំហំ និងគ្មានឈ្មោះព្រំខាងកើត ហើយស្ថិតនៅក្នុងភូមិ «ខ» សង្កាត់ច្រាំងចំរេះ២ មិនមែនភូមិ «ឃ» នោះទេ «ពោលគឺមានបញ្ហាមិនប្រក្រតីច្រើន»។

ឯកសារបានបង្ហាញទៀតថា ពាក្យបណ្ដឹងមួយទៀត នៅពីក្រោយនៃសាច់រឿងជម្លោះដីផ្ទះនេះ គឺមានឈ្មោះ ឡោះ អាមីណាស់ ត្រូវបានគេស្គាល់ ថាក៍ជាសាច់ញាតិរបស់លោកឧត្តមសេនីយ៍ផ្កាយ៣រូបនេះដែរ បានប្ដឹងទៅអាជ្ញាធរខណ្ឌឬស្សីកែវ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ដោយចោទលោកស្រី រេះ ស៊ីយ៉ា ជាជនរងគ្រោះ ថាក្នុងឆ្នាំ២០០០ ជាអ្នកសុំស្នាក់នៅបណ្ដោះអាសន្នលើដីក្នុងលំនៅដ្ឋានបច្ចុប្បន្ននេះ ដោយសំអាងលើសាច់ញាតិម្នាក់ទៀត (សពឈ្មោះ ម៉ាន ម៉ៃសំ) មានបង្កាន់ដៃទទួលពាក្យសុំកាន់កាប់ដី លេខ១៥៨០៤ ចុះថ្ងៃទី១១ ខែ០១ ឆ្នាំ១៩៩១ ស្ថិតនៅក្នុងភូមិឃ ឃុំច្រាំងចំរេះ២ ស្រុកឬស្សីកែវ ភ្នំពេញ ទាំងមិនអាចសបញ្ជាក់បាន ថាជាលិខិតស្នាមផ្លូវការគត្តិយុទ្ធនោះឡើយ បើទោះបីជាមានកិច្ចអន្តរាគមន៍មកសម្របសម្រួលដោះស្រាយ ក្នុងបំណងបញ្ចប់រឿងជាច្រើនលើក ច្រើនសារ ពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ រហូតដល់អភិបាលរងខណ្ឌ២រូបទៀត គឺលោក ប្រាជ្ញ សីហា និងលោក លីន ញ៉ក់ តំណាងឲ្យលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានសម្រចបញ្ជូនសំណុំរឿង ទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី នៅពេលក្រោយ ស្រាប់តែស្ងាត់ឈឹងអស់រយៈពេលជាង១ខែទៅហើយ៕

@Amapapa.News