(ខ្សឹប) លោក ម៉ក់ ពេជ្ជរិទ្ធ មេកាំកុងត្រូលដុះស្លែ សម្ងំស៊ីយ៉ាងត្រជាក់ល្ហឹម​ ពីឈ្មួញនាំចូលទំនិញខូចគុណភាព មកចែកចាយលើទីផ្សារស្រុកខ្មែរ

អាម៉ាប៉ាប៉ាញ៉ូស

មន្ត្រីៗជាច្រើន ដែលបម្រើការងារនៅអគ្គនាយកដ្ឋានកាំកុងត្រូល បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងថា បើបងប្អូនចង់ដឹងមេឈ្មួញធំៗ នាំចូលទំនិញខូចគុណភាព និងសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ ក្រួច... នោះ គឺសួរលោក លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ប្រចាំស្រុកខ្មែរ ដែលកាន់តំណែងនេះ ឡើងដុះស្លែហើយនោះ ពិតជាបានដឹងច្បាស់ហើយ ព្រោះមេឈ្មួយទាំងនោះ បានបង់ជូនគាត់រាល់ៗខែ ទើបមានទំនិញ និងសាច់ បន្លែ មានជាតិគីមីខូចគុណភាព នាំចូលមកលក់ពេញទីផ្សារនៅទូទាំងខេត្ត ក្រុង រាជធានី តែម្តង។

ក្រុមមន្ត្រីអត់លិឍទាំងនោះ បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងទៀតថា ថ្មីៗនេះ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុងត្រូវបានមន្ត្រីតូចតាចនៅក្រោមឱវាទ បើកកកាយពីរឿងអាស្រូវពុករលួយ ពីការប្រមូលលុយតាមគ្រប់រូបភាព ដើម្បីយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ឲ្យក្លាយជាមហាសេដ្ឋីយ៉ាងត្រជាក់ល្ហឹម ហើយនិងប្រាប់គេឯងថា យកទៅជួយបក្សផងដែរ ក្នុងការចុះពង្រឹងបក្សនៅស្រុកកៀនស្វាយ។

មន្ត្រីទាំងនោះ នៅបានខ្សឹបឲ្យដឹងបន្តទៀតថា ដោយសារតែអំពើពុករលួយរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះហើយ ទើបឈ្មួញខិលខូចអាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារមានផ្ទុកសារធាតុគីមី មកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជា តែម្តង។

ប្រភពនេះ បានខ្សឹបទៀតថា លោក ម៉ក់ ពេជ្ជរិទ្ធ បានកាន់តំណែងអង្គុយកៅអីជាមេកាំកុងត្រូលនេះយូរឆ្នាំ ឡើងក្រិនគូទទៅហើយ ពោល គឺឡើងដុះស្លែ។ នេះមកពីលោកចេះសែនថ្នាក់លើ បានឆ្ងាញ់មាត់រហូតមក។

ក្រុមមន្ត្រីបានខ្សឹបបញ្ជាក់ប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងតទៅទៀតថា នៅគ្រាដែលថ្នាក់លើ មិនខ្វល់ពីសកម្មភាពរបស់លោក ម៉ក់ ពេជ្ជរិទ្ធ នោះ វាបានធ្វើឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ សព្វថ្ងៃនេះ កំពុងតែប្រើប្រាស់អំណាចតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយយ៉ាងខ្លាំង និងគ្រប់រូបភាពនៅតាមច្រកចេញចូលសំខាន់ៗ តាមរយៈមន្ត្រីដៃជើងជំនិតៗ ដែលកាន់នៅច្រកខ្លាញ់ៗ ក្រោមលេសយកថវិកាមកជួយការងារ និងពង្រឹងបក្សរបស់គណបក្សប្រជាជន នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលខ្លួនពង្រឹងនៅទីនោះ។

មន្ត្រីតូចតាចក្នុងអគ្គនាយកដ្ឋានកាំកុងត្រូល បានបង្ហើបឲ្យដឹងថា ការដែលមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិសំខាន់ៗ ឬច្រកព្រំដែន ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម និងប្រទេសថៃនោះ ហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញខូចគុណ ទំនិញហួសកាលកំណត់ប្រើប្រាស់ បន្លែ បង្ការ ផ្លែឈើ មានផ្ទុកសារធាត់គីមី ឬសាច់មាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងគោ និងប្រហិត ដែលមានលាយសារធាតុគីមីជាដើម គឺដើម្បីប្រមូលលុយយកទៅជូនលោក ម៉ក់ ពេជ្ជរិទ្ធ តាមការកំណត់ ដែលលោកបានជួយដាក់ពួកគេឲ្យកាន់តំណែងជាប្រធានច្រកសំខាន់ៗនោះ។

ចំណែកឯមន្ត្រីកាំកុងត្រូល តាមបណ្តាខេត្តមួយចំនួន ក៏បានបង្ហើបឲ្យនាយ ក្តាមប្រៃ បានដឹងផងដែរថា ពួកគេត្រូវបង់លុយតាមការកំណត់របស់លោក ម៉ក់ ពេជ្ជរិទ្ធ ព្រោះលោកបានប្រាប់ពួកគេថា ត្រូវយកលុយទាំងនោះ ទៅជួយការងារគណបក្សក្នុងស្រុកកៀនស្វាយ។ ហេតុនេះហើយ ទើបពួកគេបិទភ្នែក បិទច្រមុះ បិទត្រចៀក បើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព និងចំណីអាហារមានលាយសារធាតុគីមី ក៏ដូចជាជ្រូកក្រហម មាន់ ទា ត្រី ព្រមទាំងបន្លែបង្ការមានផ្ទុកសារធាតុគីមី មកលក់ចែកចាយក្នុងទីផ្សារកម្ពុជា តែម្តង។

ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះ មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិ ច្រកព្រំដែន និងច្រករបៀង ជាប់ព្រំដែនវៀតណាម និងព្រំដែនថៃ បានបើកដៃឲ្យឈ្មួញនាំចូលទំនិញខូចគុណភាព ចំណីអាហារមានលាយសារធាតុគីមី បន្លែបង្ការ មានផ្ទុកសាធាតុគីមី និងជ្រូកក្រហម ជ្រូកត្រចៀកខៀវ ចូលប្រទេសកម្ពុជា យ៉ាងពេញបន្ទុកតែម្តង។

ក្រុមមន្ត្រីខាងលើ បានប្រាប់នាយ ក្តាមប្រៃ ឲ្យដឹងបន្ថែមថា ក្នុងនាមជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម លោក ម៉ក់ ពេជ្ជរិទ្ធ គិតតែពីរឿងប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនគិតគូរពីផលប៉ះពាល់ដល់សុខភាពពលរដ្ឋខ្មែរឡើយ ពោលគឺគាត់បញ្ជាមន្ត្រីថ្នាក់ក្រោមប្រចាំតំបន់ មន្ត្រីក្នុងនាយកដ្ឋាន ធ្វើសកម្មភាពចុះពិនិត្យទំនិញតាមហាង តាមផ្សារខ្លះៗ ដើម្បីថតផ្សាយ បង្អួតស្នាដៃឲ្យថ្នាក់លើបានឃើញ បានដឹង តែប៉ុណ្ណោះ។ ហើយវាគ្រាន់តែជារូបភាពបិទបាំងសកម្មភាពពុករលួយរបស់មេកាំកុងត្រូលជាមួយមេឈ្មួញធំៗឲ្យនាំចូលពីក្រោយខ្នង យកមកលក់ចែកចាយពាសពេញទីផ្សារស្រុកខ្មែរតែម្តង។

ជុំវិញការលើកឡើងរបស់ក្រុមមន្ត្រីខាងលើនេះ នាយក្តាមប្រៃ មិនធ្វើអត្ថាធិប្បាយវែងឆ្ងាយអីទេ ដោយទុកនាទីនេះ ឲ្យថ្នាក់ដឹកនាំពិនិត្យចុះ។ ហើយទន្ទឹមនេះ នាយក្តាមប្រៃ ក៏រង់ចាំការបំភ្លឺបកស្រាយពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូលផងដែរ៕

@Amapapa.News