ការបែងចែកសំណុំរឿង នៅតុលាការក្រុងភ្នំពេញ មានភាពខុសគ្នារវាងព្រះរាជអាជ្ញា និងចៅក្រម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក កែវ សុធា ដែលទើបបានកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលថ្មីៗនេះ បានរៀបចំចាត់ចែងឲ្យមានដីកាចាត់តាំងតំណាងអយ្យការ ដើម្បីចាត់ការសំណុំរឿងព្រហ្មទណ្ឌនីមួយៗ ឲ្យស្របតាមការបែងចែកសំណុំរឿងឲ្យតាមលំដាប់លេខរៀង ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ចំណែក លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ពុំបានចាត់ចែងការបែងចែកសំណុំរឿងនេះ ឲ្យមានតម្លាភាព និងភាពយុត្តិធម៌នោះទេ ពោល គឺក្នុងការបោះត្រាចូលលើសំណុំរឿងរដ្ឋប្បវេណី មានចុះថ្ងៃខែឆ្នាំ តែពុំមានចុះម៉ោងដដែល ដែលជាហេតុមួយធ្វើឲ្យការបែងចែកសំណុំរឿង ពុំអាចធ្វើតាមលំដាប់លេខរៀង ដែលបានកំណត់រួចហើយបាននោះទេ។

ចំពោះករណីនេះ លោកបណ្ឌិត ខាន់ វណ្ណៈ អគ្គាធិការ នៃអគ្គាការដ្ឋានកិច្ចការតុលាការ ក្រសួងយុត្តិធម៌ ធ្លាប់បានបញ្ជាក់ក្នុងលិខិត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ដោយបានជម្រាបជូនលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ យោងតាមរបាយការណ៍សង្ខេប ស្តីពីលទ្ធផលសន្និបាតបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់ក្រសួងយុត្តិធម៌ បានកំណត់ថា ក្រសួងយុត្តិធម៌ ត្រូវបង្កើនការត្រួតពិនិត្យលើការគ្រប់គ្រងរដ្ឋបាល នៃការបែងចែក និងការចាត់ការសំណុំរឿងរបស់សាលាដំបូងរាជធានី-ខេត្ត។ ក្នុងស្មារតីនេះ ការចុះធ្វើអធិការកិច្ចជាប្រចាំនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត គឺជាការចាំបាច់ស្របតាមស្មារតី និងគោលដៅនៃកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីជួយឲ្យសម្រេចបាននូវការលើកកម្ពស់សេវាយុត្តិធម៌ តាមរយៈការបង្កើនប្រសិទ្ធភាពការងារ ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់មន្ត្រីអនុវត្តច្បាប់ ពង្រឹងជំនឿទុកចិត្តពីសាធារណជនលើវិស័យយុត្តិធម៌ និងប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌នៅក្នុងសង្គម ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាបែងចែកសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលសព្វថ្ងៃនេះ ក្រុមអ្នកច្បាប់ និងសាធារណជនមួយចំនួន យល់ឃើញថា ចំណាត់ការបែងចែកសំណុំរឿងព្រហ្មទណ្ឌរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានតម្លាភាព និងភាពយុត្តិធម៌ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែប្រសើរថែមទៀត ស្របតាមលទ្ធផលសន្និបាតបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០១៧ និងលើកទិសដៅការងារ ឆ្នាំ២០១៨ របស់ក្រសួងយុត្តិធម៌។

ដោយឡែក ចំពោះចំណាត់ការបែងចែកសំណុំរឿងរដ្ឋប្បវេណីរបស់លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់មានតម្លាភាព និងភាពយុត្តិធម៌នៅឡើយទេ ដោយសារតែការបោះត្រាចូលលើបណ្តឹងរដ្ឋប្បវេណីមានចុះថ្ងៃខែឆ្នាំ តែពុំមានចុះម៉ោងដដែល ដែលពុំអាចធ្វើឲ្យការបែងចែកសំណុំរឿងតាមលំដាប់លេខរៀងបានរលូននៅឡើយ។

ចំពោះភាពមិនប្រក្រតីនេះ ក្រុមអ្នកសង្កេតការណ៍ បានអះអាងថា លោក តាំង ស៊ុនឡាយ បានរៀបចំដីកាសម្រេចចាត់តាំងចៅក្រមឲ្យកាន់សំណុំរឿងនីមួយៗ តាមលំដាប់លេខរៀងពីលើមកក្រោម។ ប៉ុន្តែនៅមានចន្លោះប្រហោង ត្រង់ចំណុចការបោះត្រាចូលមានការចុះថ្ងៃខែឆ្នាំ តែពុំមានចុះម៉ោង ដែលជាហេតុធ្វើឲ្យអ្នកមានសិទ្ធិបែងចែកសំណុំរឿង អាចជ្រើសរើសរឿងល្អៗទុកខ្លួនឯង ឬបក្ខពួកខ្លួនឯងបាន។ ចំណែក សំណុំរឿងមិនល្អ ទើបបែងចែកតាមលំដាប់លេខរៀងដដែល។

ក្រុមអ្នកសង្កេតការណ៍ បានចាត់ទុកថា ចំណាត់ការបែបនេះ គឺជាល្បែងថ្ពិនភ្នែក ពោល គឺបើមានការចុះអធិការកិច្ចត្រួតពិនិត្យ លោក តាំង ស៊ុនឡាយ នឹងយកដីកាសម្រេចបែងចែកសំណុំរឿងតាមលំដាប់លេខរៀង មកបង្ហាញ ដើម្បីបញ្ជាក់ពីតម្លាភាព និងភាពយុត្តិធម៌ តែធាតុពិត គឺលោក តាំង ស៊ុនឡាយ និងបក្ខពួក នៅតែមានឱកាសជ្រើសរើសសំណុំរឿងល្អៗដដែល តាមរយៈការបោះត្រាចូល តែពុំមានចុះម៉ោងនេះឯង។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកច្បាប់ និងសាធារណជនមួយចំនួន បានសំណូមពរសុំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិសេសលោកបណ្ឌិត ខាន់ វណ្ណៈ ដែលបានការឯកភាពពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះធ្វើអធិការកិច្ចតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត មេត្តាពិនិត្យមើលការបោះត្រាចូលលើពាក្យបណ្តឹងព្រហ្មទណ្ឌរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានចុះថ្ងៃខែឆ្នាំ និងម៉ោងត្រឹមត្រូវ និងការបោះត្រាចូលលើពាក្យបណ្តឹងរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមានចុះថ្ងៃខែឆ្នាំ តែពុំមានម៉ោងត្រឹមត្រូវ៕

@Amapapa.News