ផ្ញើសារ ទៅក្រុមប្រឆាំង សម្តេចតេជោ ៖ ខ្ញុំមិនស្គាល់ អ្វីជាកុម្មុយនីស្ត និង អ្វីជាមូលធន តែស្គាល់ការពិត នៅកម្ពុជា

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្ញើសារទៅកាន់ក្រុមប្រឆាំងដែលតែងតែរិះគន់ថា ខ្ញុំមិនស្គាល់អ្វីកុម្មុយនីស្ត និងអ្វីជារបបមូលធននោះទេ គឺស្គាល់ តែការពិតនៅកម្ពុជា ។

ការលើកឡើងរបស់ប្រមុខដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ បន្ទាប់ពីក្រុមប្រឆាំងបាន រិះគន់ ថា កម្ពុជាកំពុងស្ថិតក្នុងរបបកុម្មុយនីស្ត ផ្តាច់ការ និងមូលធននិយម ។

សម្តេចតេជោបានបញ្ជាក់នៅក្នុងពិធីបិទមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នារសៀលថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា យ៉ាងដូច្នេះថា «យើងមិនចង់បក្សដទៃធ្វើតាមយើងនោះទេ ព្រោះគេ បានបណ្តុះបង្អាប់យើងថា សុទ្ធតែបក្សកុម្មុយនីស្ត។ រឿងកុម្មុយនីស្ត ឬមិនកុម្មុយនីស្ត ខ្ញុំអត់ ស្គាល់ទេ អត់ស្គាល់អ្វីជាមូលធន ហើយក៏អត់ស្គាល់អ្វី ថាកុម្មុយនីស្តដែរ! ខ្ញុំស្គាល់នូវ អ្វីដែល ជាការពិតនៅកម្ពុជា ដែលបានកំពុងកើតនៅកម្ពុជាប៉ុណ្ណោះ»។

សម្តេចក៏បានលើកឡើងថា «ខ្ញុំធ្លាប់បានលើកឡើងថា ខ្លួនខ្ញុំនេះអភព្វខ្លំាងណាស់ ទៅដល់សូវៀតគេថា ខ្ញុំពួកសេរី ទៅដល់ប៉ារីស គេថា ខ្ញុំពូក កុម្មុយនីស្ត ។ អ្នកឯង យកពាក្យ មកចោទខ្ញុំថា កុម្មុយនីស្តៗ នៅពេលអ្នកឯង កំពុងធ្វើដំណើរយ៉ាងសេរី កំពុងចូលភោជនីយដ្ឋាន ដោយសេរី កំពុងដើររើសសាលារៀនដោយសេរី កំពុងជ្រើសរើសមុខរបរដោយសេរីនោះទេ ។ អ្នក ឯង គឺជាការក្បត់នូវការពិត ដែលអ្នកឯងបានកំពុងរស់នៅហើយ»។

សម្តេចតេជោ បានបន្ថែមថា ក្រុមប្រឆាំងមិនអាចមកចោទប្រកាន់យុវជនរបស់គណបក្សប្រជាជនកម្ពុជា ទោះបី មិននៅទីកន្លែងនេះ បានឡើយ ។ អ្នកមិនអាចចោទពួកគេ ជាជនកុម្មុយនីស្ត ទេ ព្រោះយើងមិនទាន់ស្គាល់ថា ប្រទេសលើពិភពលោក មួយណា ដែលបាន សម្រេចរួចហើយនូវរបបកុម្មុយនីស្ត ។ វាអត់ទាន់ តែមាន? របបប៉ុល ពត់ មិនប្រាកដថា ជារបបកុម្មុយនីស្តនោះទេ វាជារបបប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ យើងមិនទាន់ដឹងថា ទម្រង់សង្គម និយមបែបណានោះទេ ? ទម្រង់កុម្មុយនីស្តបែបណានោះទេ? តែយើងអាចយល់បាន នូវទម្រង់ នូវសេដ្ឋកិច្ចផែនការ និងទម្រង់សេដ្ឋកិច្ចទីផ្សារតែប៉ុណ្ណោះ ។

សម្តេចបានគូសបញ្ជាក់ថា«ថ្ងៃនេះ ដោយសារខ្ញុំគិតថា ជាខូបនៃ៤០ឆ្នាំ នៃការបង្កើតរណសិរ្ស និងខូប៤០ ឆ្នាំ នៃថ្ងៃរំដោះ៧មករា ហើយក៏ជាខូប២០ ឆ្នាំ នៃនយោបាយឈ្នះឈ្នះ ខ្ញុំគួរចែករំលែកខ្លះ ដែលក្មួយៗចៅៗ មិនទាន់ឆ្លងកាត់ចាស់ទុំនៅឡើយ ប៉ុន្តែនៅថ្ងៃណាមួយ នឹងឆ្លងកាត់នៅពេលណាមួយហើយ»។

សម្តេចតេជោ ក៏បានលើកឡើងថា ធ្វើជាមេដឹកនាំពិតជាមានការលំបាកខ្លាំងណាស់ ប៉ុន្តែ បើធ្វើជាមេដឹកនាំគេ ត្រូវតែហ៊ានលះបង់ បើទោះបីជាតម្លៃ នៃការលះបង់នោះ ធំធេងយ៉ាងណា ក៏ត្រូវធ្វើដែរ បើសូម្បីដល់អាយុជីវិតក៏ធ្វើ ដែរ ដើម្បីសេចក្តីសុខរបស់អ្នកដទៃ ។

សម្តេចគូសបញ្ជាក់ថា សម្រាប់បទពិសោធន៍ជីវិត សម្តេចបានធ្វើឲ្យប្រទេសមានការរីកធំធាត់មួយដែរ ។ ក្មួយៗ ត្រូវចាំថា គ្មានការទទួលផលណាមួយ ដែលគ្មានការបង់ថ្លៃនោះទេ មាន តែពួកប្រឆាំងផ្កាំមុខប៉ុណ្ណោះ ដែលដេករង់ចាំយ៉ាងស្រមើស្រមៃ រង់ចាំការដួលរលំក្នុងរបប ហ៊ុន សែន ឬរដ្ឋអំណាចសម័យមុន ។

សម្តេចបន្ថែមថា ពួកអ្នកដែលទន្ទឹមរង់ចាំនៃការដួលរលំរបបសម្តេចសីហនុ នៅសម័យនោះ សុទ្ធតែត្រូវបានទទួលបរាជ័យរួចបាត់ទៅហើយ។ អ្នកដែលទន្ទឹមរង់ចាំដួលរលំរបបលន់ ណុល ក៏ទទួលបរាជ័យដែរ ។ អ្នកត្រូវចាំថា អ្វីក៏ដោយ ដែលយើងទទួលបាន ត្រូវមានការបង់ថ្លៃជានិច្ច គ្រាន់តែ តិច ឬច្រើនប៉ុណ្ណោះ ៕

@Amapapa.News