មន្ត្រីគយចល័តឈរជើងនៅដងផ្លូវជាតិលេខ៥ ខេត្តបាត់ដំបង តាមចាប់រថយន្តចង្កូតស្តាំ ផ្អើលដល់ផ្កាយ៣ ចេញអន្តរាគមន៍

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ករណីមន្ត្រីគយចល័ត ដែលឈរជើងនៅដងផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង តាមចាប់រថយន្តចង្កូតស្តាំ កាលពីព្រឹកថ្ងៃអង្គារ ទី២៧ វិច្ឆិកា ២០១៨ នៅចំណុចមាត់ស្ទឹងសង្កែ នៃក្រុងបាត់ដំបង បង្កឲ្យមានការភ្ញាក់ផ្អើល និង​កកស្ទះចរាចរណ៍អស់រយៈពេលជិត១ម៉ោង ដោយសារតៃកុងរថយន្ត (ខ.ម) ខាងលើ មិនព្រមចុះមកនិយាយគ្នា ហើយពេលនោះកម្លាំងគយហៅរថយន្តស្ទូច ប៉ុន្តែមិនទាន់បានស្ទូចនៅឡើយទេ។ ភ្លាមនោះ លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន (យោធា) ក៏បានចេញមុខមកអន្តរាគមន៍នៅកន្លែងកើតហេតុនោះ។

ករណីរថយន្តល្មើសច្បាប់គយតាមចាប់ខាងលើ បើតាមប្រភពពីមន្ត្រីពាក់ព័ន្ធមួយចំនួន បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា អ្នក​បើករថយន្តគេចពន្ធម៉ាក(ម៉ាសស្តា សេរីឆ្នាំ២០១៥ ស្លា​កលេខ ខ.ម)ខាងលើ គេស្គាល់ថា ឈ្មោះ រដ្ឋ ជាមន្ត្រីយោធា និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំការនៅច្រកតំបន់ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បញ្ហាខាងលើ លោកឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន បានប្រាប់អ្នកសារព័ត៌មានឲ្យ​ដឹងតាមរយៈទូរស័ព្ទកាលវេលាម៉ោង៤៖៣៧នាទីថ្ងៃដដែលនោះ​ថា រថយន្តដែលមន្ត្រីគយតាមចាប់នោះ គឺគេមានឯកសារគ្រប់គ្រាន់ ប៉ុន្តែគ្រាន់តែខុសពណ៌មិនទាន់កែ ហើយឡានខាងលើនេះ ម្ចាស់គេបានជិះរយៈពេល២ឆ្នាំមកហើយ៕

@Amapapa.News