កម្ពុជា កំពុងតាក់តែងសេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាពពោះជំនួស

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូត កាណាដា ថា បច្ចុប្បន្ន កម្ពុជាកំពុងតាក់តែង សេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហា ពពោះជំនួស បើទោះបីជាច្បាប់នោះ មិនទាន់ចេញជារូបរាង ក៏ប៉ុន្ដែរាជរដ្ឋាភិបាល បាននិងកំពុង យកចិត្តទុកដាក់ ។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយ លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេច ស ខេង បានមានប្រសាសន៍ថា “បច្ចុប្បន្នកម្ពុជាកំពុងតាក់តែង សេចក្ដីព្រាងច្បាប់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហានេះ និងថា បើទោះបីជាច្បាប់នោះ មិនទាន់ចេញជារូបរាង រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះករណីដ៏ស្មុគស្មាញនេះ” ។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យកម្ពុជា គ្មានការប្រែប្រួលនោះទេ ដោយសារកម្ពុជា កំពុងអនុវត្តតាមរដ្ឋធម្មនុញ្ញ និងមានការរៀបចំ ការបោះឆ្នោតជាទៀងទាត់ ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីបន្ថែមថា ប្រជាពលរដ្ឋខ្មែរ បានចូលរួមបោះឆ្នោតដ៏ច្រើន នាពេលកន្លងទៅនេះ គឺជាការបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋ បានប្រើប្រាស់ សិទ្ធិរបស់ពួកគាត់ តាមច្បាប់កំណត់ ។

ចំណែកលោកស្រី Donica Pottie បានថ្លែងអំណរគុណ សម្ដេចក្រឡាហោម ចំពោះការផ្ដល់ព័ត៌មានអស់ទាំងនេះ និងបានជំរាបជូនសម្ដេច ក្រឡាហោម ស ខេង ពីការសម្រេចបន្តផ្ដល់មូលនិធិ ជូននក្រសួងមហាផ្ទៃឡើងវិញ សម្រាប់ការបណ្ដុះបណ្ដាល មន្រ្តីការពារព្រំដែន បន្ទាប់ពីបានសម្រេច ផ្អាកអស់មួយរយៈមកនោះ ។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដល់ព័ត៌មានមួយចំនួនទៅកាន់ លោកស្រី Donica Pottie ពាក់ព័ន្ធនឹងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាល ជាមួយសមាគម និងអង្គការក្រៅរដ្ឋាភិបាល ពិសេសការបង្កើតក្រុមការងារ ពិគ្រោះយោបល់ និងការមិនតម្រូវឲ្យជូនដំណឹង មកអាជ្ញាធរមុនពេលធ្វើ សកម្មភាពជាដើម៕

@Amapapa.News