ឆ្លៀតឱកាសមន្រ្តីរាជការឈប់សម្រាកថ្ងៃបុណ្យជាតិ ឈ្មួញមានលុយមានអំណាច ចាក់ដីរំលោភចូលចំណីប្រឡាយអូរ យ៉ាងអនាធិតេយ្យ

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ មិនមែនជារឿងថ្មីថ្មោង​នោះទេ សម្រាប់ក្រុមឈ្មួញមួយចំនួន ដែលតែងតែឆ្លៀតឱកាសបំពេញមហិច្ឆតាខ្លួនឯង រំលោភយកដីបឹង ដីព្រែក ដីអូរប្រឡាយ យកមកធ្វើ​ជាកម្មសិទ្ធិឯកជន ជាក់ស្ដែងករណីនៅក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានគេចាក់ដីរំលោភយកដីចំណីមាត់អូរយកមកធ្វើជាកម្មសិទ្ធិឯកជន ស្របពេល​ដែលគ្រប់ស្ថាប័នរដ្ឋឈប់សម្រាកក្នុងឪកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះព្រះខែ។

បើ​យោងតាមប្រភពពី​ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ​ បានអោយដឹងថា​ នៅដីអូរនៅចំណុចជាប់ស្ពានព្រែករូងឈាងខាងជើងផ្លូវជាតិលេខ៣៣A ដែលគេចាក់ដីលុបយកមកធ្វើជាកម្មសិទ្ធិឯកជននេះ គឺជាផ្លូវទឹកដ៏សំខាន់នារដូវវស្សា ដើ​ម្បីកាត់បន្ថយគ្រោះទឹកជំនន់លិចស្រូវប្រជាពលរដ្ឋនារដូវវស្សា ។ ពលរដ្ឋសូមស្នើសុំដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មានវិធានការទប់ស្កាត់ករណីរំលោភបំពានផ្លូវបង្ហូទឹកនៅចំណុចខាងលើនេះផង។

គួររំឭកផងដែរថា ប្រព័ន្ធព្រែកប្រឡាយទឹកជាច្រើនកន្លែង ដែលមានទំហំ​ធំធេង សម្រាប់​បញ្ចៀសទឹកជំនន់ទូទាំងស្រុកកំពង់ត្រាចផ្នែកខាងជើងបឹង ខាងកើតបឹង បច្ចុប្បន្នត្រូវបានឈ្មួញមានលុយមានអំណាច រៀបចំជាប្រព័ន្ធរំលោភស្ទើរអស់ទៅហើយ៕

@Amapapa.News