ជំនាញរដ្ឋបាលព្រៃឈើ បង្ក្រាបគោយន្តដឹកឈើ៣គ្រឿង តែមិនបង្ក្រាបរោងម៉ាស៊ីនអារឈើរបស់ឈ្មោះ អាត សង្ស័យត្រូវថ្នាំសណ្ដំហើយ!

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ជំនាញរដ្ឋបាលព្រៃឈើស្រុកថ្ពង និងស្រុកឱរ៉ាល់ បានបង្ក្រាបក្រុមគោយន្តកន្ត្រៃដឹកឈើដុល ខណៈរោងម៉ាស៊ីនអារឈើ ដែលគេស្គាល់ម្ចាស់មានឈ្មោះ អាត ហៅ អាន អាយុជាង៤០ឆ្នាំ ស្ថិតក្នុងភូមិក្វៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សង្ស័យអស់លោកជំនាញ ត្រូវថ្នាំម្ចាស់ម៉ាស៊ីនហើយ ទើបមិនហ៊ានបង្ក្រាបសោះ។

ប្រតិបត្តិការមន្ត្រីទាំងក្រុង ចុះបង្ក្រាបក្រុមគោយន្តដឹកឈើដុលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចំណុចភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយលោក ស្មៀន សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ ព្រមទាំងមានកិច្ចសហការចូលរួមពីខាងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងជោ និងខាងកងរាជអវុហត្ថស្រុកឱរ៉ាល់ ប្រចាំការឃុំត្រពាំងជោ បានធ្វើការបង្ក្រាបទៅលើគោយន្តកន្ត្រៃដឹកឈើរបស់ឈ្មួញចំនួន៣គ្រឿង ដែលដឹកយ៉ាងសកម្មប្រចាំក្នុងស្រុកឱរ៉ាល់នោះ។

ខាងមន្ត្រីជំនាញ ធ្វើការស្ទួចបានតែឈើចំនួន៦ដុំ ជាប្រភេទឈើផ្ចឹក និងសុក្រំ ពីគោយន្តចំនួន១គ្រឿងតែប៉ុណ្ណោះ ខណៈគោយន្តដឹកឈើចំនួន២ទៀត ត្រូវក្រុមឈ្មួញធ្វើការទាក់ទងតាមទូរស័ព្ទលើកគ្នាទាំងហ្វូង ប្រដាប់ដោយដំបងយ៉ាងច្រងេងច្រងាង មករំដោះយកគោយន្ត និងឈើទៅដោយសុវត្តិភាព គ្មានញញើតសម្ថកិច្ចបន្តិចសោះ។

លោក ស្មៀន សារ៉េត ឲ្យដឹងថា ការចុះបង្ក្រាបទប់ស្កាត់ទៅលើក្រុមឈ្មួញម្តងៗ មានផលលំបាកយ៉ាងខ្លាំង ដោយក្រុមឈ្មួញទាំងនោះ តែងតែលើកគ្នាទាំងហ្វូងមកជេរស្តីប្រមាថមន្ត្រីជំនាញ និងមានពេលខ្លះក្រុមឈ្មួញទាំងនោះ បានយកកាំបិតដំបងមកគំរាមលោក និងកងកម្លាំងថែមទៀតផង។ លោកបន្តថា កត្តាទាំងនេះហើយ ដែលធ្វើឲ្យខាងមន្ត្រីជំនាញរបស់លោក មានផលលំបាកក្នុងការចុះបង្ក្រាបបទល្មើសដឹកជញ្ជូនព្រៃឈើ ដែលធ្វើឲ្យក្រុមឈ្មួញទាំងនោះ មុខរីកប្រម៉ាត់ធំ លែងញញើតពីការតាមបង្ក្រាបរបស់មន្ត្រីជំនាញ។

តែតាមសេចក្ដីរាយការណ៍ ឲ្យដឹងថា មន្ត្រីជំនាញសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងជោ មិនធ្វើការបង្ក្រាបទៅលើក្រុមឈ្មួញខិលខូច ដែលតែងតែលបលួចដឹកជញ្ជូនផលអនុផលព្រៃឈើដោយមិនញញើតច្បាប់ទាល់តែសោះ។ ប៉ុន្តែពួកគេបង្ក្រាបតែក្រុមឈ្មួញរកស៊ីតូចតាច ដើម្បីយកស្នាដៃយកប៉េពីថ្នាក់លើ។

សូមបញ្ជាក់ថា កាលកន្លងទៅថ្មីៗនេះ គោយន្តដឹកឈើរបស់ក្រុមឈ្មួញទាំងនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ចំពោះបងប្អូនអ្នកធ្វើដំណើរនៅលើដងផ្លូវជាតិលេខ៤៤ ដោយបង្កឲ្យមានអ្នកស្លាប់ និងរងរបួសធ្ងន់ ដេកពេទ្យមិនទាន់ជាសះស្បើយផង ព្រោះតែក្រុមដឹកឈើទាំងនោះ បើកក្នុងល្បឿនលឿនៗដូចហោះ មិនខ្វល់ពីសុវត្ថិភាពអ្នកធ្វើដំណើរនោះទេ។

ដោយឡែក បន្ទាប់ពីកម្លាំងជំនាញធ្វើការបង្ក្រាបក្រុមគោយន្តនោះហើយ ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានម៉ាស៊ីនអារឈើលួចលាក់អារក្នុងព្រៃ ដែលមានម្ចាស់ឈ្មោះ អាត ហៅអាន រស់នៅក្នុងភូមិក្វៀក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងតែធ្វើសកម្មភាពអារមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ស្រាប់តែជំនាញមិនហ៊ានមកបង្ក្រាបឡើយ ដោយនិយាយមកកាន់អ្នកសារព័ត៌មានថា ចាំបុណ្យអុំទូកហើយសិនទៅ មុននឹងធ្វើការបង្ក្រាប ទាល់តែធ្វើការរាយការណ៍ទៅគណៈបញ្ជាការឯកភាពស្រុក និងថ្នាក់លើសិន ទើបហ៊ានបង្ក្រាប។

ទោះជាយ៉ាងណា គេបានដឹងហើយថា នេះគ្រាន់តែជាលេសរបស់ជំនាញប៉ុណ្ណោះ ហើយគេបានដាក់ការសង្ស័យថា ម្ចាស់រោងម៉ាស៊ីនអារឈើខាងលើ អាចមានខ្នងបង្អែក និងមានការពាក់ព័ន្ធជាមួយជំនាញ៕

@Amapapa.News