(ខ្សឹប) ក្រុមមន្ត្រី ៖ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ជាសាច់ស្អុយជិត១ឆ្នាំ នឹងសូមឲ្យថ្នាក់លើកាត់ចេញ

អាម៉ាប៉ាប៉ាញ៉ូស

ខ្សឹបៈ មន្ត្រីរាជការជាច្រើននាក់ នៅក្នុងនាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ កម្ពុជា បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា ពួកគាត់មិនសប្បាយចិត្ត និងលោក ហេង ណារិទ្ធ ដែលជាអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនេះទេ ដោ​យសារតែគាត់នៅតែឆ្ងាញ់និងតំណែង ក្រាញននៀលមិនព្រមចូលនិវត្តន៍ នៅគ្រាដែលខ្លួនមានឈ្មោះចូលនិវត្តន៍ជិត១ឆ្នាំមកហើយនោះ ហើយសូមឱ្យលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងវះកាត់សាច់ស្អុយ សាច់ជ្រាវជ្រួញ មួយដុំនេះចេញ ដើម្បីកុំឱ្យផ្ទុះស្អុយចេញមកក្រៅកាន់តែខ្លាំង។

មន្ត្រីរាជការនៅនាយកដ្ឋាននេះ បានច្សឹបប្រាប់មកនាយ ក្តាមប្រៃ ឱ្យដឹងទៀតថា គាត់ «ហង ណារិទ្ធ»ស្រឡាញ់អង្គភាព ស្រឡាញ់ការងារ យកចំណេះដឹងបទពិសោធន៍មកបម្រើជូនរដ្ឋ ឬក៏មិនអស់អាល័យកន្លែងខ្លួន មានប្រភពសេដ្ឋកិច្ចចូលហោប៉ៅគាត់ច្រើនៗជារៀងរាល់ថ្ងៃ។ ហើយបើនិយាយពីតួនាទីអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ចំនួន៦រូប គឺមានតែលោក ហេង ណារិទ្ធ ម្នាក់ ដែលមានការខ្វះបច្ចេកទេសជំនាញជាងគេ។ ហើយត្រូវដល់អាយុចូលនិវត្តន៍ទៀត ប៉ុន្តែគាត់បន្តនៅធ្វើការបែបជាបញ្ញើរក្អែក ដើម្បីឆ្លៀតឱកាស ទាញយកផលប្រយោជន៍ផ្សេងៗក្នុងតំណែងនេះ។

ប្រភពពីក្រុមមន្ត្រី​នៃនាយកដ្ឋានខាងលើនេះ បានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងបន្តទៀតថា នៅក្នុងអង្គភាពនេះ មិនខ្វះទេ អ្នកមានសមត្ថភាព ចំណេះដឹងអាចធ្វើកិច្ចការទាំង ដោយស៊ីជម្រៅ និងកំណែទម្រង់ តម្លាភាព មានសក្តានុពល រីកចម្រើនជូនអង្គភាព ប្រសើរជាងលោក ហេង ណារិទ្ធ មានទម្លាប់វប្បធម៌ កេងចំណេញទាញផលប្រយោជន៍ក្នុងតំណែង ពីអង្គភាព បន្សល់ទុកនូវទង្វើមិនគប្បីប្រឈមការរិះគន់ ពោរពេញដោយរឿងអាស្រូវពុករលួយ និងបក្ខពួកនិយម។

ក្រុមមន្ត្រីបានលើកឡើងឱ្យនាយ ក្តាមប្រៃ ដឹងថា លក្ខ័ន្តិកៈមន្ត្រីរាជការមានចែងច្បាស់លាស់ និងនៅជាធរមាន អំពីករណីមន្ត្រីរាជការដល់អាយុចូលនិវត្តន៍។ ដូច្នេះលោក ហេង ណារិទ្ធ គួរតែធ្វើជាថ្នាក់ដឹកនាំគំរូ អនុវត្តតាមច្បាប់ការងារ ទុកឱកាស ឬលទ្ធភាពឱ្យបញ្ញាវ័ន្តជំនាន់ក្រោយ និងអ្នកមានចំណេះ បទពិសោធន៍ បានចូលរួមបញ្ចេញសមត្ថភាព បម្រើអោយអង្គភាពរីកចម្រើនថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ករណីនេះផងដែរ ក្រុមមន្ត្រីបានបញ្ជាក់ប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា រឿងរ៉ាវនេះ វានឹងអាចលេចឮដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រសិនបើផ្ទុះការរអ៊ូរទាំពីមន្ត្រីកាន់តែរីកដុះដាល ហើយគាត់«ហេង ណារិទ្ធ»ធ្វើអោយខូចឈ្មោះអង្គភាព ប្រាកដជាគ្មានការលើកលែងពីលោកឧបនាយករដ្ឋមន្ត្រី ជាដាច់ខាត។ ហើយពួកគាត់សង្ឃឹមថា លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនេះ នឹងវះកាត់សាច់ស្អុយ សាច់ជ្រាវជ្រួញមួយដុំនេះចេញ៕

@Amapapa.News