ល្បែងជល់មាន់ យូគី អាប៉ោង ចាប់ផ្តើមផ្ទុះឡើងទៀតហើយ នៅក្នុងស្រុកជុំគិរី ខេត្តកំពត

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ បើនិយាយពីបញ្ហាល្បែងស៊ីសង មើលទៅហាក់មិនថមថយសោះ បើទោះបីឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេ ខំស្រែកយ៉ាងណាក៏ដោយ។

ល្បែងស៊ីសងត្រូវបានគេចាត់ទុកថា ជាបទល្មើសមួយដែលមានការព្រួយបារម្ភពីបញ្ហាសន្តិសុខសុវត្តិភាព ដោយសារតែល្បែងជាដើមចមនៃអំពើ លួច ឆក់ ប្លន់ និងកាប់សម្លាប់។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ល្បែងជល់មាន់ យូគី អាប៉ោង ចាប់ផ្តើមផ្ទុះឡើងទៀតហើយ នៅក្នុងស្រុកជុំគិរី ខេត្តកំពត ក្នុងនោះគឺមានមនុស្ស២នាក់ ដែលជាអ្នកទទួលខុសត្រូវ ទី១ ឈ្មោះ មឿន និងទី២ ឈ្មោះ ហៃ។

ពលរដ្ឋបានរាយការណ៍ទៀតថា លោកមឿន និងលោក ហៃ បានដើរប្រាប់គេថា បើកល្បែងស៊ីសងខុសច្បាប់បានទាល់តែមានការអនុញាតិពីអាជា្ញធមានសមត្ថកិច្ចពិសេសគឺលោក ម៉ី សុខុម អធិការស្រុកជុំគីរី ដោយសារ លោកជាមនុស្សមានឥទ្ធិពល អាចនិយាយចរចាជាមួយថ្នាក់លើបាន។

ប្រជាពលរដ្ឋបានប្រាប់មកទៀតថា ទីតាំងសង្វៀនជល់មាន់ និងយូគី អាប៉ោងនេះ បានដំណើរការទៅយ៉ាងរលូន នៅភូមិ ថ្មី ឃុំជម្ពូវ័ន ស្រុកជុំគីរី ខេត្តកំពត។

ស្នងការនគរបាលខេត្តកំពត លោក ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ នៅព្រឹកថ្ងៃទី១៦វិចិ្ឆកា ២០១៨ អង្គភាពសារព័ត៌មាន Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញចំណាត់ការបង្រ្កាបល្បែងស៊ីសង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាស់តឿនក្រើនរំឭកថា មានមតិពីប្រជាពលរដ្ឋស្ទើរតែគ្រប់ទីកន្លែងអំពីសមត្ថកិច្ច មិនព្រមបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាថ្នូរនឹងការដាក់ខែយកប្រាក់ពីអ្នកបើកល្បែង ដូច្នេះត្រូវពង្រឹងក្នុងការបង្ក្រាបឡើងវិញ ជៀសវាងការរិះគន់នានា។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តត្បូងឃ្មុំថ្មី នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ល្បែងស៊ីសងគ្រប់ប្រភេទ សុទ្ធតែស្ថិតនៅក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

សម្តេចបន្តថា “ល្បែងស៊ីសងនេះ មានអ្នកតិះតៀនយើងថា អូ…សមត្ថកិច្ចនេះ ដេកលក់អស់ហើយ សមត្ថកិច្ចបានប្រាក់ដាក់ខែ មិនព្រមបង្ក្រាបមុន ដូចជាល្បែងជល់មាន់ អាប៉ោង និងល្បែងអីផ្សេងទៀតជាហូរហែ”។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបន្ថែមថា ដូច្នេះកុំមានការរិះគន់បន្តទៀត ត្រូវរួមគ្នាបង្ក្រាប ដើម្បីឲ្យដូចទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព៕

@Amapapa.News