(ខ្សឹប) អូ! លោក ឡេង សុខ មេរងគយប្រចាំច្រកអន្តរជាតិដូង ស្រុកកំរៀង ដល់ម្លឹងផង...

អាម៉ាប៉ាប៉ាញ៉ូស

ខ្សឹបៈ ក្រុមមន្ត្រីសមត្ថកិច្ច​នៃស្ថាប័នជាច្រើន ពិសេសក្រុមមន្ត្រីប៉ូលិសសេដ្ឋកិច្ច និងមន្ត្រីគយ នៅច្រកអន្តរជាតិដូង បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងថា លោក ឡេង សុខ ដែលមានតួនាទីជាអនុប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង បានក្លាយជាមេគយ ដ៏មានអំណាចបំផុត ក្នុងការលួចបំបាត់ កេង​បន្លំ ចំណូលពន្ធ ដោយឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញ បង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ទំនិញខុសច្បាប់ចូលមកដូចទឹកបាក់ទំនប់ និងអនាធិបតេយ្យបំផុត ធ្វើឲ្យខាតបង់ចំណូលពន្ធរដ្ឋ រាប់ម៉ឺនដុល្លារក្នុង១ខែៗ ។

ក្រុមមន្ត្រីនៃស្ថាប័នខាងលើនោះ បានខ្សឹបប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងបន្ថែមទៀតថា មានភាពមិនប្រក្រតី ពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក ឡេង សុខ ដែលមានតួនាទី ជាអនុប្រធាន ការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀងនៃខេត្តបាត់ដំបងនេះ បានកាន់តំណែងមិនតិចជាង២០ឆ្នាំនោះទេ ពោលគឺឡើងដុះស្លែហ្មង អត់ដែលឃើញថ្នាក់លើ ប្តូរលោក ឡេង សុខ ទៅណាសោះ ហើយមេគយប្រចាំច្រកនេះ សឹងគ្រប់ជំនាន់ ត្រូវបានលោក ឡេង សុខ មានជំនាញពឹសពុលរបៀបយុទ្ធសាស្ត្រ «ស្ងោរសាច់អោយផុយ តែមិនអោយក្តៅទឹក» ឈានដល់ខ្លាចរអាភ័យបង្ខំចិត្តចំណាយ តាមការតម្រូវចែចូវសុំបង់លុយប្រចាំខែ មិនឲ្យទើសចិត្តជូនលោក ឡេង សុខ ព្រោះលោក ឡេង សុខ មានជំនាញខាងឃុបឃិតជាមួយឈ្មួញធំៗ នាំទំនិញចូលមកបង់ពន្ធមិនគ្រប់ ពោលគឺបង់ពន្ធចូលរដ្ឋមួយចំណែកតូច ហើយមួយចំណែកធំចូលហោប៉ៅបុគ្គល ឡេង សុខ តែម្តង។

មន្ត្រីទាំងនោះ បានខ្សឹបប្រាប់នាយ ក្តាមប្រៃ បន្តទៀតថា លោក ឡេង សុខ គោរពតែប្រធានការិយាល័យ ដើម្បីទទួលបាននូវចំហាយអំណាច យកមកកៀបជំរិត ប្រមូលលុយពីក្រុមឈ្មួញ និងអ្នករកស៊ីដឹកទំនិញគ្រប់រូបភាព ទាំងលុយចំណូលពន្ធ និងលុយខ្មៅ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានតែម្នាក់ឯង ចង់ក្លាយទៅជាមហាសេដ្ឋី ហើយទម្លាក់ឱ្យមេកើយរបស់ខ្លួនតែបន្តិចបន្ទួច គ្រាន់ទុកស៊ីចាយសប្បាយស្រីញីអូនបងតែប៉ុណ្ណោះ។

ប្រភពខាងលើបានខ្សឹបឲ្យនាយ ក្តាមប្រៃ ដឹងទៀតថា បច្ចុប្បន្ននេះ លោក ឡេង សុខ មានតួនាទី ជាអនុប្រធានការិយាល័យ ក៏ពិតមែន តែគាត់មានឥទ្ធិពល កាន់សុទ្ធតែកន្លែងខ្លាញ់តែម្តង ដូចជា តួនាទីជាប្រធានស្តីទី (ព្រោះប្រធាន ការិយាល័យ មិនសូវទៅធ្វើការងារ ) ប្រធានគយប្រចាំច្រកដូង និងជាប្រធានគណនេយ្យ ប្រធានផែស្ងួតផងដែរ។

ប្រភពនៅបានខ្សឹបបន្តទៀតថា គ្រប់ការដឹកជញ្ជូនទំនិញ ដែលត្រូវទូទាត់លុយ ស្រេចតែលោក ឡេង សុខ ជាអ្នកចាត់ចែង ទាំងលុយបង់ពន្ធ និងលុយក្រោមតុ។ និយាយរួមកំណត់លើការសម្រេចតាមបបូរមាត់របស់លោក ឡេង សុខ តែម្តង។ ហើយឈ្មួញជាច្រើន ដូចជា ចែឆេង គាធី អេកធី និងមានដល់ទៅជិត១០ ក្រុមហ៊ុនទៀត ដែលស្គាល់ជិតដិតជាមួយលោក ឡេង សុខ អាចនាំចូលទំនិញ ដោយបង់ពន្ធប្រហែល ៤០ភាគរយចូលពន្ធអាកររដ្ឋ ហើយសល់ប៉ុន្មាន បង់ចូលហោប៉ៅ លោក ឡេង សុខ ឬគ្រាន់តែជួយរកចំណូលបង់ឲ្យ​បានគ្រប់ផែនការប្រចាំខែ ប្រចាំត្រីមាស និងអនុញ្ញាតអោយនាំចូលទំនិញគេច ដោយមិនគិតពីខុសម៉ោងរដ្ឋបាលនោះទេ ពោលគឺចូលបានគ្រប់ម៉ោងហ្មង។

ក្រុមមន្ត្រីបានខ្សឹបឱ្យនាយ ក្តាមប្រៃ បានដឹងបែបលម្អិតព័ត៌មានថា រាល់ទំនិញ ដែលឈ្មួញធំៗ លួចនាំចូលតាមច្រកដូង មានដូចជា ភេសជ្ជៈ គោជល់ បាកាស់ គ្រឿងបន្លាស់ រថយន្តកាត់តជាដើម។ ហើយសាច់មាន់ ខូចគុណភាព មួយរថយន្ត២០ទៅ៣០តោន រួមទាំងទំនិញបង្កប់ មានដូចជា គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីនត្រជាក់ ដែលទាំងអស់នេះ ឈ្មួញបង់ពន្ធ ចូលរដ្ឋ តិចតួចបំផុត រកគិតជាចំនួនភាគរយ សឹងមិនបានផង។

ប្រភពបានខ្សឹបឱ្យដឹងបន្ថែមថា លោក ឡេង សុខ មានជំនាញក្តោបក្តាប់មុខសញ្ញាក្រុមឈ្មួញ នៅច្រកដូង ច្បាស់ដូចថ្ងៃអ៊ីចឹង ដោយគាត់រឹតបន្តឹង លើការប្រមូលពន្ធ ពីឈ្មួញតូចតាច ដើម្បីបង្គ្រប់ផែនការប្រមូលពន្ធ ហើយនៅសល់ពីនោះ គាត់ព្រលែងឲ្យឈ្មួញ នាំចូលទំនិញធំៗ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ យាងអនាធិបតេយ្យ មិនខ្វល់ពីការប្រមូលចំណូលបន្ថែមអ្វីឡើយ។

គេបានខ្សឹបឱ្យនាយ ក្តាមប្រៃ ដឹងទៀតថា លោក ឡេង សុខ បានអនុវត្តផ្ទុយពីការណែនាំរបស់លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ក៏ដូចគោលការណ៍ណែនាំ និងដាក់ចេញដោយលោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនេះជាដើម។

មន្ត្រីជាច្រើន បានលើកឡើងថា លោក ឡេង សុខ ចេះដាក់សំណែនជូនថ្នាក់លើ បានត្រូវចិត្តថ្នាក់លើ ហើយមើលទៅ ទើបលោក ឡេង សុខ បាននៅកាន់ប៉ុស្តិ៍គយច្រកអន្តរជាតិដូងនេះបានជិត២០ឆ្នាំ ដែលគេនិយាយមួយបែបទៀតថា កាន់តំ​ណែងឡើងដុះស្លែហ្មង! ហើយបើថ្នាក់លើនៅតែចង់បានសំណែនពីលោក ឡេង សុខ និងនៅតែទុកបុគ្គលនេះនៅទីនេះបន្តទៀតនោះ ចំណូលពន្ធអាករចូលរដ្ឋ ត្រូវបាត់បង់រាប់លានដូល្លារក្នុងមួយឆ្នាំៗ ហើយចំណូលដែលរដ្ឋបាត់បង់នោះវារត់ចូលក្នុងហោប៉ៅបុគ្គល​ពុករលួយរូបនេះជាមួយនិងបក្ខពួក។

ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ នាយក្តាមប្រៃ នាយព្យាយាមទាក់ទងពីលោក ឡេង សុខ ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទាក់ទងបាន ។ ហើយនាយក្តាមប្រៃ ក៏រង់ចាំការបកស្រាយពីលោក ឡេង សុខ ផងដែរ៕

@Amapapa.News