ផ្លូវជុំវិញផ្សារអូរឫស្សី ក្លាយជាកន្លែងផ្ញើរថយន្ត និងម៉ូតូ ធ្វើឲ្យកកស្ទះចរាចរណ៍រាល់ថ្ងៃ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កន្លងមក រហូតដល់បច្ចុប្បន្ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាការខូចខាតផ្លូវ ការកកស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសោភ័ណ្ឌភាព ក្នុងរាជធានីភ្នំពេញ។ តែផ្ទុយទៅវិញ អាជ្ញាធរខណ្ឌ៧មករា ជាពិសេសលោក ហ៊ត វ៉ាន់ធី ដែលទើបឡើងកាន់តំណែងជាប្រធានផ្សារអូរឫស្សី មិនបានយកចិត្តទុកដាក់អនុវត្តទៅតាមគោលការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលនោះទេ បែរជាបណ្ដែតបណ្ដោយឲ្យមានភាពអនាធិបតេយ្យតាមផ្លូវជុំវិញផ្សារ បង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ មិនថា នាពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច ហើយក៏ធ្វើឲ្យបាត់បង់នូវសោភ័ណ្ឌភាពទីក្រុង ដោយសារតែផលប្រយោជន៍ចូលហោប៉ាវផ្ទាល់ខ្លួន មិនខ្វល់ពីអ្វីទាំងអស់។

ជាក់ស្តែង ផ្លូវជុំវិញវិញផ្សាអូរឫស្សី មានរថយន្តតាក់ស៊ី កន្លែងផ្ញើរថយន្ត និងកន្លែងផ្ញើម៉ូតូ ស្ថិតនៅជុំវិញផ្សារតែម្តង ម្ចាស់អាជីវកម្មយកផ្លូវធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ជាពិសេសនោះ គឺសន្តិសុខផ្សារតែម្តង បានអនុញ្ញាតឲ្យរថយន្តឈប់ចតនៅលើផ្លូវ ហួសគំនូសអនុញ្ញាតឲ្យចត ធ្វើឲ្យផ្លូវកាន់តែរួមតូច បង្កការកកស្ទះដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្សារអូរឫស្សី ដោយការផ្ញើម៉ូតូ បានលើកឡើងថា តម្លៃផ្ញើដាក់ផ្លាកថា ម៉ូតូ១គ្រឿង បូកនឹងមួកសុវត្ថិភាព១ តម្លៃ៣០០រៀល តែសន្តិសុខទទួលផ្ញើទីតាំងនោះ ទារតម្លៃ១០០០រៀល ហួសពីតម្លៃកំណត់គុណនឹង៣ដង។ ប្រជាពលរដ្ឋបន្តទៀតថា ផ្លូវជុំវិញផ្សារអូរឫស្សី ទីតាំងផ្ញើម៉ូតូ រថយន្ត និងបេនឡានតាក់ស៊ី បានយកផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ហួសពីច្បាប់បានកំណត់យ៉ាងអនាធិតេយ្យ បង្កឲ្យមានការកកស្ទះចរាចរណ៍ មិនដែលឃើញអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចប្រធានគណៈកម្មការផ្សារអូរឫស្សី មានវិធានការឡើយ ទើបអាជីវករទទួលផ្ញើរថយន្ត ម៉ូតូ និងអ្នករត់ឡានតាក់ស៊ី យកផ្លូវធ្វើជាកន្លែងចត និងផ្ញើយ៉ាងរលូនបែបនេះ។

ពាក់ព័ន្ធបញ្ហានេះ លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សី បានទទួលស្គាល់ថា ពិតជាមានការចតហួសគំនូសអនុញ្ញាត និងទារថ្លៃផ្ញើយានយន្តលើតម្លៃកំណត់ប្រាកដមែន។

លោកបញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មាន Cam Post ថា បញ្ហាការកកស្ទះ និងការចតរថយន្តហួសគំនូស ដែលបានកំណត់នេះ លោកកំពុងធ្វើកំណែទម្រង់បែបបទថ្មី ដើម្បីកាត់បន្ថយការកកស្ទះ។ ហើយចំពោះករណីទីតាំងទទួលផ្ញើកង់ ម៉ូតូ យកតម្លៃលើសពីតម្លៃច្បាប់បានកំណត់នោះ លោកប្រធានផ្សារបញ្ជាក់ថា លោកបានដាក់លុយរាយឲ្យគ្រប់ទីតាំងទទួលផ្ញើកង់ ម៉ូតូ តែបើនៅមានការទាមទាលើសពីតម្លៃបានកំណត់ សូមធ្វើការទំនាក់ទំនងមកគណៈកម្មការផ្សារ ដើម្បីចាត់ការតាមនីតិវិធី។

យ៉ាងណាក្ដី បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវជុំវិញបរិវេនផ្សាអូរឫស្សី សំណូមពរដល់ប្រធានគណៈកម្មការផ្សារ សូមយកចិត្តទុកដាក់ពីបញ្ហាការកកស្ទះចរាចរណ៍នៅជុំវិញផ្សារបន្ថែមទៀតផង៕

@Amapapa.News