ជំទាវ លី អ៊ុំអេង តុលាការមិនបានឃុំខ្លួន​ ព្រោះ​​មានលោកធំម្នាក់ រត់ការយកប្រាក់មកតម្កល់

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកស្រី លី អ៊ុំអេង នាយិកាក្រុមហ៊ុន លី អ៊ុំអេង លីមីធីត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទឹកដីខេត្តសៀមរាប តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចេញសែកអត់សាច់ប្រាក់ចំ​នួនជាង៣លានដុល្លារអាមេរិក។

បន្ទាប់ពីចាប់ខ្លួនបានហើយ សាលាដំបូងខេត្តសៀមរាប បានផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងនេះ មកសាលាដំបូងរាជធានីភ្នំពេញវិញ រួចបញ្ជូនអ្នកស្រី លី អ៊ុំអេង មករាជធានីភ្នំពេញ ហើយ​អយ្យការអមសាលាដំបូងបានសម្រេចប្រគល់ជនជាប់ចោទឲ្យ​លោកចៅក្រម ម៉ុង មុន្នីសោភា ចាត់ការតាមនីតិវិធី ។

រហូតមកដល់ព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្លោនាំ២០១៨ លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដាក់ជនត្រូវចោទ លី អ៊ុំអេង ឲ្យ​ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពោលគឺមិនឃុំខ្លួនជនជាប់ចោទ ដោយសារមានអ្នកធំ ម្នាក់ បានរត់ការយកប្រាក់មកតម្កល់ធានាសំណងជាង៣លានដុល្លារនោះ។

លោក ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប និងជាចៅក្រមស៊ើបសួរបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអ្នកស្រី លី អ៊ុំអេង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបានប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមដីកាតុលាការ, មុនពេលចាប់ខ្លួននេះ គឺអ្នកស្រី លី អ៊ុំអេង បានគេចខ្លួនមិនទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចបានទៅដល់គេហដ្ឋានរបស់លោកស្រី។

ក្រៅពីសំណុំរឿងនេះ នៅមានប្រជាពលរដ្ឋចំនួន៨គ្រួសារ បានចោទអ្នកស្រី លី អ៊ុំអេង ថារំលោភយកដីរបស់ពួកគាត់ប្រមាណជាង ១០ហិកតា នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប ប៉ុន្តែរឿងក្ដីនេះការដោះស្រាយហាក់មិនជឿនលឿនទៅមុខទេ ដោយសារអាជ្ញាធរហាក់ដូចជាមិនមានចេតនាដោះស្រាយអោយចប់ ៕

@Amapapa.News