សម្តេចតេជោ ៖ ១០០០ឆ្នាំទៀត ក៏គ្មានទោសលើកលែងដល់លោក កឹម សុខា ទេ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជាសារនយោបាយយ៉ាងមុតស្រួចមួយរបស់ប្រមុខដឹកនាំគណបក្សកាន់អំណាច ដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំមកនេះ ទៅកាន់អតីតមេបក្សប្រឆាំង គឺលោក សម រង្ស៊ី ដែលចង់ឲ្យមានការដោះលែងលោក កឹម សុខា ដែលកំពុងជាប់ក្នុងផ្ទះ គឺ១០០០ឆ្នាំទៀត ក៏គ្មានទោសសម្រាប់លើកលែងដែរ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ដែល​ជាសារមួយ ប្រាប់ទៅលោក សម រង្ស៊ី ដែលអះអាងថា នឹងមានការដោះលែងលោក កឹម សុខា ចន្លោះពីខែធ្នូ រហូតដល់ដើមខែមីនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា ថ្ងៃនេះ ខ្ញុំបានឃើញវីដេអូមួយ ដែលគេបានបង្ហោះតាម YouTube អំពីជនពាល សម រង្ស៊ី ដែលបានសរសេរក្នុង Facebook បបួលខ្ញុំភ្នាល់ អំពីការដោះលែង កឹម សុខា។

អបដោយវីឌីអូឃ្លី ដែលមានចំណងជើង «សម រង្ស៊ី ត្រូវរៀនស្តាប់សំដីរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យច្បាស់»នោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបកស្រាយក្នុងវីដេអូឃ្លីបនេះ គឺបានបង្ហាញនូវហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយទាក់ទងជាមួយដែនសមត្ថកិច្ចរបស់នាយករដ្ឋមន្ត្រី ដែលគ្មានចំណុចណាមួយបំពានដល់សមត្ថកិច្ចរបស់តុលាការទាល់តែសោះ។ នាយករដ្ឋមន្ត្រីពុំមានសិទ្ធិស្នើសុំលើកលែងទោសអោយអ្នកដែលមិនទាន់បានកាត់ទោស ឬសាលក្រមមិនទាន់ចូលស្ថាពរនោះទេ (ទោះសេះដុះស្នែងក៏មិនកើតឡើងទេ)។

សម្តេចតេជោគូសបញ្ជាក់ថា «យោងតាមច្បាប់ជាធរមាន ទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសអោយអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹម សេះដុះស្នែ ង។ តែមនុស្សដែលចូលចិត្តវាយប្រហារខ្ញុំ គេអត់ចេះស្តាប់ និងសិក្សាពីសំដីដែលបង្កប់ដោយន័យនយោបាយ និងផ្លូវច្បាប់ ដែលខ្ញុំបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់ខ្ញុំពេលនេះ គេដើរជាន់អន្ទាក់ខ្លួនឯងហើយ»

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជិវិតនយោបាយដែលអ្នកបបួលខ្ញុំភ្នាល់ គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់។

វីដេអូឃ្លីបនេះ ខ្ញុំនឹងបង្ហោះក្នុង Facebook ខ្ញុំរហូតដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយនៅពេលនោះ តើនឹងមានអ្វីកើតឡើងដូចដែលជនពាលនេះ បានបបួលខ្ញុំភ្នាល់នៅក្នុង Facebook គាត់មែនឬអត់៕

@Amapapa.News