តើអាជ្ញាធរខណ្ឌសែនសុខ ខ្លាចថៅកែរោងចក្រផលិតបេតុងឬយ៉ាងណា បានជាបណ្ដោយទុកឲ្យបំផ្លិចបំផ្លាញផ្លូវអស់ខ្ទេចខ្ទី មិនឃើញជួសជុលឡើងវិញ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណជា៥០គ្រួសារ​ បានរអ៊ូរទាំ និងរិះគន់ទៅលើមន្រ្តីអាជ្ញាធរខណ្ឌសែនសុខ និងលោកអភិបាលខណ្ឌសែនសុខផ្ទាល់ ពីបញ្ហាផ្លូវលំមួយខ្សែស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ មិនឃើញការជួសជុលធ្វើឡើងវិញទាល់តែសោះ កន្លងមកផ្លូវនេះ រងការខូចខាតស្ទើរតែធ្វើដំណើរមិនបាន ដោយសាររោងចក្រផលិតបេតុងស៊ីម៉ង់ត៍មួយកន្លែង ដែលដឹកជញ្ជូនទាំងយប់ទាំងថ្ងែ បំផ្លិចបំផ្លាញផ្លូវខ្ទេច។ លើសពីនេះទៀត នៅពេលសល់កាកសំណល់ស៊ីម៉ង់ត៍បេតុងម្ដងៗ គេបានដឹកយកទៅចាក់ចោលតាមផ្លូវនេះ និងចាក់ចូលក្នុងប្រព័ន្ធលូបង្ហូរទឹក ធ្វើឲ្យផ្លូវរអិល ហើយឥឡូវខូច និងស្ទះលូមិនអាចបង្ហូរទឹកបានឡើយ ប៉ុន្តែគេមិនឃើញអាជ្ញាធរ និងលោកអភិបាលខណ្ឌ ចុះត្រួតពិនិត្យ ឬមានវិធានការចំពោះក្រុមហ៊ុនផលិតបេតុងនេះសោះ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិនេះ បានឲ្យដឹងថា កន្លងមកផ្លូវលំ១ខ្សែនេះ តូចទេ តែជិះម៉ូតូ និងរថយន្តទៅវិញទៅមកបានងាយស្រួល ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសប្បាយ ព្រោះពេលនោះមិនទាន់មានរោងចក្រស៊ីម៉ង់ត៍។ ស្រាប់តែរោងចក្រស៊ីម៉ង់ត៍បានបង្កើតឡើង ហើយរថយន្តដឹកស៊ីម៉ង់ត៍បានបើកចេញបើកចូលទាំងយប់ទាំងថ្ងៃ ហើយកាកសំណល់ស៊ីម៉ង់ត៍ធ្លាក់ពីរថយន្តជ្រុះធ្លាក់ធ្វើឲ្យផ្លូវលំមួយខ្សែនេះខូតខាតខ្លាំងតែម្ដង។ សូម្បីតែប្រជាពលរដ្ឋអ្នកខ្លះចង់ធ្វើដំណើរដោយបើករថយន្ត និងម៉ូតូទៅវិញទៅមក ស្ទើរតែទៅមុខមិនរួច ពោលបើមានអាសន្នអីមួយ ពិបាកនឹងធ្វើដំណើរណាស់។

ប្រជាពលរដ្ឋបញ្ជាក់ទៀតថា កន្លងម កពួកគាត់ធ្លាប់សំណូមពរ និងរាយការណ៍ទៅលោកមេភូមិ លោកចៅសង្កាត់ និងអាជ្ញាធរទាំងលោកអភិបាលខណ្ឌសែនសុខ ឲ្យជួយអន្តរាគមន៍ឬមានវិធានការចំពោះរោចក្រក្រឡុកស៊ីម៉ង់ត៍ និងស្នើឲ្យជួយជួសជុលផ្លូវមួយខ្សែនេះ តែផ្ទុយទៅវិញ លោកបានត្រឹមចុះត្រួតពិនិត្រតែមួយភ្លែត ហើយសន្យាថា នឹងជួសជុលផ្លូវនេះជូនប្រជាពលរដ្ឋ ស្រាប់តែមកដល់ពេលនេះ មិនឃើញអាជ្ញាធរ ក៏ដូចជាខាងសាលាខណ្ឌ ចុះត្រួចពិនិត្យ និងធ្វើផ្លូវមួយខ្សែនេះសោះ ឬមួយពួកគាត់រវល់គិតពីរឿងមានប្រយោជន៍ចូលក្នុងហោប៉ៅ មិនខ្វល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋសោះ?

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ចំននួ៥០គ្រួសារ សំណូមពរឲ្យខាងសាលាខណ្ឌសែនសុខ និងសាលារាជធានីភ្នំពេញ ជាពិសេសសំណូមពរដល់ថ្នាក់ដឹកនាំ និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល សូមសម្ដេចមេត្តាជួយស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញផង ដើម្បីផ្ដល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ ដោយមានសុវត្ថភាព និងបានសុខប្បាយផង៕

@Amapapa.News