បែកធ្លាយ ស្នងការរងទទួលផែនសេដ្ឋកិច្ចក្រុងភ្នំពេញ ពិត បញ្ញា ពង្រាយកូនចៅច្របាច់កអ្នករកស៊ី ឲ្យដាក់ខែ និងរាប់ក្បាលឡានយកលុយ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ព័ត៌មានថ្មីៗក្ដៅៗ ដែលទើបបែកធ្លាយនៅពេលក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រុងភ្នំពេញ ដើរធ្វើព្យុះធ្វើភ្លៀង ប្របាច់កអ្នករកស៊ី មិនថា ស្របច្បាប់ ឬមិនស្របច្បាប់ កំណត់ឲ្យបង់លុយប្រចាំខែ ឬរាប់ក្បាលឡានយកលុយ ធ្វើឲ្យក្រុមអ្នករកស៊ីមានការប្រតិកម្មយ៉ាងខ្លាំង រហូតគំរាមប្ដឹងទៅសម្ដេចតេជោ និងសម្ដេចក្រឡាហោម បើសិនជាគ្មានការយោគយល់គ្នា។ ក្រោមការដឹកនាំពីឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលទទួលផែនការងារសេដ្ឋកិច្ច បើសិនជាម្ចាស់រថយន្ត និងម្ចាស់ឃ្លាំងស្តុកទំនិញណាមួយ មិនព្រមបង់ជូនតាមការកំណត់របស់ពួកគេនោះ ពួកគេនឹងចេញយុទ្ធនាការ ចុះចាប់រថយន្តដឹកទំនិញ និងចុះឆែកឆេរភ្លាមៗតែម្ដង។

ជាការកត់សម្គាល់ កាលពីពេលកន្លងទៅ ឧត្តមសេនីយ៍ត្រី ពិត បញ្ញា ហាក់មិនមានសកម្មភាពនោះឡើយ ប៉ុន្តែចាប់តាំងពីមានការផ្លាស់ប្តូរតំណែងស្នងការនគរបាលថ្មី គឺឧត្តមសេនីយ៍ឯក ស ថេត ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មកនោះ ស្រាប់តែកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំពីលោក ពិត បញ្ញា បានបែងចែកជាក្រុមៗ ដើម្បីចុះទៅតាមឃ្លាំងស្តុកទំនិញទាំងអស់ នៅទូទាំងរាជធានីភ្នំពេញ មិនលើកលែងឲ្យមួយនោះឡើយ ដោយតម្រូវឲ្យម្ចាស់ឃ្លាំង ឬម្ចាស់ទំនិញទាំងនោះ បង់លុយជូនពួកគេប្រចាំខែ ឬប្រចាំថ្ងៃ បើមិនបង់ជូនទេ នោះពួកគេសហការជាមួយតំណាងអយ្យការ ចុះចាប់តែម្តង មិនថា ឃ្លាំងស្តុកទំនិញទាំងនោះ ស្របច្បាប់ ឬមិនស្របច្បាប់នោះឡើយ ពោល គឺឲ្យតែមិនបានបង់ជូនតាមដូចបំណងរបស់ពួកគេ។

តាមសេចក្តីរាយការណ៍នានា ពីអ្នករកស៊ីខ្លះទៀត បានលើកឡើងនូវផលលំបាកថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងនេះ ក្រៅពីការចុះទៅបង្ក្រាបតាមឃ្លាំងស្តុកទំនិញនោះ ខ្លះទៀត បានចុះទៅចាប់រថយន្តដឹកទំនិញ ដោយបង្ខំឲ្យម្ចាស់រថយន្តទាំងនោះ ត្រូវបង់តាមការកំណត់ប្រចាំថ្ងៃ ឬប្រចាំខែជូនពួកគេ ឬមួយបង់តាមក្បាលរថយន្តតែម្តងក៏បាន។

ក្រុមអ្នករកស៊ីទាំងនេះ បានលើកឡើងនូវគំនិតដូចៗគ្នាថា បើសិនក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងនេះ នៅបន្តធ្វើសកម្មភាពទាំងនេះទៀត ពួកគេនឹងដាក់ពាក្យប្តឹងដោយផ្ទាល់ទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដោយសារតែសម័យនេះទៅហើយ មិនត្រូវបណ្តែតបណ្តោយឲ្យក្រុមកម្លាំងនគរបាលមួយក្តាប់តូចនេះ មកធ្វើព្យុះធ្វើភ្លៀង ហើយធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍អ្នករកស៊ីស្របទាំងពួងឡើយ។

អ្នករកស៊ីម្នាក់ ដែលជាមន្រ្តីយោធាផងនោះ បាននិយាយថា ការរកស៊ីនាពេលកន្លងទៅ ពោលតាំងពីមិនទាន់ផ្លាស់ប្តូរស្នងការមកនោះ គឺមិនមានបញ្ហាអ្វីឡើយ បើទោះគាត់ត្រូវឧបត្ថម្ភខ្លះជូនសមត្ថកិច្ច ដើម្បីយកទៅចាត់ចែងកងកម្លាំងលើកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ប៉ុន្តែចាប់ពីតាំងពីមានការផ្លាស់ប្តូរស្នងការមកនោះ ស្រាប់តែក្រុមកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងនេះ បានចាប់ផ្តើមបញ្ចេញសកម្មភាពចុះទៅធ្វើព្យុះធ្វើភ្លៀងគ្រប់កន្លែងតាមឃ្លាំងស្តុកទំនិញរបស់លោក ដែលនាំចូលស្របច្បាប់ ហើយបានកំណត់ឲ្យបង់លុយមួយក្បាលរថយន្តដឹកទំនិញ១០០ ទៅ៣០០ដុល្លារ បើមិនបង់ជូនទេ នឹងចាប់ឃាត់តែម្តង គ្មានការលើកលែងឲ្យនោះឡើយ។

មន្រ្តីយោធារូបនេះ បានលួចទម្លាយថា បើនៅតែបន្តយ៉ាងនេះ តើពួកគេរកស៊ីយ៉ាងដូចម្តេច ហើយទំនិញនាំចូល និងដឹកមកចែកចាយក្នុងប្រទេសកម្ពុជានោះ គឺសុទ្ធតែស្របច្បាប់ទាំងអស់។ លោកថា ក្រុមនេះ ដឹកនាំដោយឈ្មោះ ពិត បញ្ញា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចតែម្តង ដោយបានចាត់ចែងកម្លាំងកូនចៅរបស់គេពង្រាយគ្រប់កន្លែងតែម្តង។

ដោយឡែក ឧត្តមសេនីយ៍ម្នាក់ទៀត នៅខាងជួរអង្គរក្សវិញ ក៏បានលើកឡើងនូវបញ្ហាទាំងនេះជាបន្តបន្ទាប់ផងដែរ ដោយសារតែក្រុមគ្រួសាររបស់លោក ជាអ្នករកស៊ីនាំចូលទំនិញយកមកចែកចាយ ស្រាប់តែត្រូវក្រុមកម្លាំងនគរបាលរបស់លោក ពិត បញ្ញា ទាំងនេះ បានមកកំណត់ឲ្យបង់ដោយមួយក្បាលរថយន្ត៣០០ដុល្លារ បើមិនបង់ជូនទេ នឹងចាប់ឃាត់តែម្តង ដោយសហការជាមួយព្រះរាជអាជ្ញា។ មន្រ្តីយោធាខាងអង្គរក្សរូបនេះ បានព្រមានថា បើសកម្មភាពរបស់កម្លាំងនគរបាល នៅបន្តធ្វើព្យុះធ្វើភ្លៀងបែបនេះ នោះលោកនឹងដាក់ពាក្យប្តឹងទៅកាន់ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពើពុករលួយ ជាផ្លូវការជាក់ជាមិនខានឡើយ។

តាមព័ត៌មានមួយចំនួនពីមន្រ្តីនគរបាលតូចតាច នៅក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចបង្ហើបថា កម្លាំងនគរបាលរបស់អង្គភាព ត្រូវតែធ្វើយ៉ាងដូច្នេះ ពីព្រោះមួយខែៗ ត្រូវបង់ជូនថ្នាក់ដឹកនាំមិនតិចជាង១៥ម៉ឺនដុល្លារទេ។ ហេតុនេះហើយ ត្រូវខិតខំរកលុយឲ្យបានលើសពី១៥ម៉ឺនដុល្លារ ដើម្បីទុកចែកគ្នា តែនៅទីបំផុត អ្នកវ័ណ្ឌក គឺអ្នករកស៊ីតែម្តង។

សូមបញ្ជាក់ថា តាមសេចក្តីរាយការណ៍នានា បានបង្ហាញថា ចាប់តាំងពីលោកផ្កាយ៣ ស​ ថេត ត្រូវបានតែងតាំងជាស្នងការនគរបាលរាជធានីភ្នំពេញមកនោះ​ ការផ្លាស់ប្តូរមន្រ្តីនគរបាលជាច្រើន បានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេស គឺមានការផ្លាស់ប្តូរនៅតាមការិយាល័យខ្លាញ់ៗ ហើយក្នុងនោះឈ្មោះមន្រ្តីនគរបាលនៅខេត្តបាត់ដំបងជាច្រើននាក់ ដែលជាកូនចៅជំនិតរបស់លោកពីពេលមុន ក៏មកកាន់ភ្នំពេញផងដែរ ដើម្បីជាអ្នករកសេដ្ឋកិច្ចជូនលោកតែម្តង។

អ្នករកស៊ីទាំងនេះ បានទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាជួយអន្តរាគមន៍ផង ពីព្រោះការរកស៊ីទូទៅ បើមានការគៀបសង្កត់យ៉ាងដូច្នេះ គ្មានការយោគយល់នោះ (ទោះបីជាទំនិញស្របច្បាប់) តើឲ្យពួកគេរកស៊ីចំណេញម្តេចកើត ហើយការជួយឧបត្ថម្ភជូនដល់កម្លាំងនគរបាលជារឿងធម្មតា ជាការលើកទឹកចិត្ត ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ តែបើមានការកំណត់បែបនេះ នោះពួកគេមិនអាចទទួលយកបានទេ ត្រូវតែងើបតវ៉ាប្រឆាំងជាដាច់ខាត៕

@Amapapa.News