ឧកញ៉ា ណូ មេឆ្នោតដ៏ធំប្រចាំក្រុងភ្នំពេញ អាចបញ្ជាសមត្ថកិច្ចបង្ក្រាបកូនកញ្ច្រែង មិនកត់ឆ្នោតឲ្យខ្លួន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រៅពីល្បីរឿងកាប់បំផ្លាញព្រៃឈើ និងរកស៊ីឆ្នោតវៀតណាមខុសច្បាប់ ឧកញ៉ា ណូ ត្រូវបានគេរាយការណ៍មកថា អាចបញ្ជាសមត្ថកិច្ចឲ្យបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន។ មិនតែប៉ុណ្ណោះ ឧកញ៉ារូបនេះ ប្រើលុយប្រើអំណាច ជួលនាយទាហានឈ្មោះ ម៉ៅ អ៊ុច ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ ហើយត្រូវបានមេប៉ូលិសក្រុងភ្នំពេញ លោកផ្កាយ៣ ស ថេត បញ្ជាឲ្យចាប់ខ្លួន។

បើតាមប្រភពច្បាស់ការណ៍ ប្រាប់អង្គភាពសារព័ត៌មាន Cam Post ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងថា ឧកញ៉ា ណូ បច្ចុប្បន្ន គឺជាមនុស្សមានទាំងអំណាច និងលុយ កំពុងបើកឆ្នោតវៀតណាមខុសច្បាប់ នៅគ្រប់ខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ លើសពីនេះទៀត លោកឧកញ៉ារូបនេះ ក៏អាចប្រើលុយជួលសមត្ថកិច្ច ឲ្យចុះបង្ក្រាបកូនកញ្ច្រែងណា ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន ហើយថែមទាំងជួលទាហាន ឲ្យដើរអុកឡុកអ្នករកស៊ីលក់ឆ្នោតស្របច្បាប់ទៀតផង។

ជាក់ស្ដែង ករណីថ្មីៗនេះ ក្រុមលោក ម៉ៅ អ៊ុច ដែលគេដឹងថា ជាមន្ត្រីយោធា និងជាកូនចៅរបស់លោកឧកញ៉ា ណូ បានចុះទៅចាប់កូនកញ្ច្រែងតាមផ្សារយ៉ាងអនាធិបតេយ្យ ដែលមិនព្រមកត់ឆ្នោតឲ្យខ្លួន បង្កការអុកឡុក និងរំខានដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។ ទង្វើនេះ ត្រូវបានប្រជាពលរដ្ឋយល់ឃើញថា ដូចជាចោរប្លន់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយបង្កភាពអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ជាពិសេសនៅម្ដុំផ្សារសាមគ្គី ក្នុងទឹកដីខណ្ឌទួលគោក ដោយគ្មានខ្លាចសមត្ថកិច្ច ឬច្បាប់ឡើយ។ នេះបើតាមការបញ្ជាក់របស់ប្រភព។

ប្រភពមួយទៀត ឲ្យដឹងដែរថា បន្ទាប់ពីការចុះចាប់យ៉ាងអនាធិបតេយ្យពីសំណាក់លោក ម៉ៅ អ៊ុច និងកូនចៅហើយនោះ ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីលក់ឆ្នោតខ្មែរស្របច្បាប់ បានដាក់ពាក្យប្ដឹងទៅអាវុធហត្ថរាជធានីភ្នំពេញផងដែរ។ ក្នុងពាក្យបណ្ដឹង បានចោទទៅលើក្រុមមនុស្សចំនួន៣ទៅ៤នាក់ ដែលធ្វើការអុកឡុកការរកស៊ីរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ ពាក់ស្លាកលេខ ខេមរភូមិន្ទ ទៀតផង។

សម្រាប់ករណីនេះ ប្រភពបញ្ជាក់បន្ថែមថា ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលគ្រប់ខណ្ឌទាំងអស់ ចុះធ្វើការបង្ក្រាបឆ្នោតវៀតណាមខុសច្បាប់ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន ហើយលោកស្នងការក៏បានបញ្ជាឲ្យចាប់ខ្លួននាយទាហានឈ្មោះ ម៉ៅ អ៊ុច ដែលបង្កការអុកឡុកដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ជុំវិញការចោទប្រកាន់ខាងលើ Cam Post មិនអាចទំនាក់ទំនងសុំការបំភ្លឺពីសំណាក់ឧកញ៉ា ណូ បានទេ នៅថ្ងៃទី២៣ ខែតុលានេះ។

ទោះជាបែបណាក្ដី ប្រជាពលរដ្ឋបានយល់ និងកត់សម្គាល់ឃើញថា បញ្ហាឆ្នោតវៀតណាមខុសច្បាប់ កំពុងរីកដូចផ្សិតក្នុងរាជធានីភ្នំពេញ ជាពិសេសទីប្រជុំជន តាមផ្សារនានា ដែលមានកូនកញ្ច្រែងកត់ឆ្នោតយ៉ាងច្រើន បើទោះបីជាសមត្ថកិច្ចបង្ក្រាបស្ទើររាល់ថ្ងៃក៏ដោយ។ បញ្ហានេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម ជាពិសេសសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នកំពុងប្រឈមយ៉ាងខ្លាំង ចំពោះករណីចោរលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ កើតមានជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសចៅហ្វាយក្រុងភ្នំពេញ លោក ឃួង ស្រេង មេត្តាជួយពិនិត្យមើលពីភាពមិនប្រក្រតីខាងលើនេះផង ដោយអនុវត្តន៍ឲ្យបានតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

@Amapapa.News