រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យវៀតណាម ជួយមានវិធានការតឹងរឹង ពាក់ព័ន្ធទៅដល់ការគ្រប់គ្រងពាណិជ្ជកម្មផល

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យវៀតណាម ជួយមានវិធានការតឹងរឹង ពាក់ព័ន្ធទៅដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខ័ណ្ឌ តម្រូវរបស់សហភាពអ៊ឺរ៉ុប។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន សួនគឿង រដ្ឋមន្រ្តីកសិកម្ម និងអភិវឌ្ឍជនបទ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ លោក វេង សាខុន ថា “ស្នើដល់ភាគីវៀតណាម ជួយមានវិធានការតឹងរឹងបន្ថែមទៀត ពាក់ព័ន្ធដល់ការគ្រប់គ្រងពាណិជ្ជកម្មផល អនុផលព្រៃឈើខុសច្បាប់ និងការនេសាទឆ្លងដែនខុសច្បាប់ ពុំមានការអនុញ្ញាត និងមិនមានរបាយការណ៍ ព្រោះកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលរៀបចំលិខិតបទដ្ឋាននានា ដែលសមស្របទៅនឹងលក្ខខ័ណ្ឌ តម្រូវរបស់សហភាពអ៊ឺរ៉ុប”។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម សង្ឃឹមថា វៀតណាមនឹងបន្តរក្សាបាននូវតុល្យភាពតម្លៃ និងបរិមាណ នៃការប្រមូលទិញកសិផលពីកម្ពុជា។ ដោយឡែក ចំពោះពូជស្វាយចន្ទី ដែលសមាគមស្វាយចន្ទីវៀតណាម ប្រគល់មកកម្ពុជា រដ្ឋមន្ដ្រីស្នើឲ្យរៀតណាម ជួយផ្តល់នូវលិខិតបញ្ជាក់អនាម័យ និងភូតគាមអនាម័យ និងលិខិតបញ្ជាក់ពាក់ព័ន្ធផ្សេងទៀត ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍កសិករ។

ឆ្លៀតឱកាសនោះដែរ លោក វេង សាខុន ស្នើឲ្យវៀតណាមជួយពិនិត្យលទ្ធភាព ក្នុងការបង្កើនតម្លៃកៅស៊ូ ដែលប្រមូលទិញពីកម្ពុជា ដើម្បីសម្រួលដល់ជីវភាពកសិករកម្ពុជា។ ចំពោះការចលនាសត្វឆ្លងដែន លោករដ្ឋមន្រ្តី ស្នើឲ្យវៀតណាមជួយពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លងរាតត្បាត ដើម្បីបញ្ចៀសនូវហានិភ័យរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក ង្វៀន សួនគឿង បានសន្យាថា នឹងសហការជាមួយវិស័យឯកជនវៀតណាម ក្នុងការពិនិត្យមើលនូវលទ្ធភាព ក្នុងការប្រមូលទិញកៅស៊ូពីកម្ពុជា ក្នុងតម្លៃមួយសមស្រប។ ចំពោះបញ្ហាដំឡូងមី បច្ចុប្បន្នវៀតណាម ក៏កំពុងជួបប្រទះនូវបញ្ហាជំងឺឆ្លង ហើយក្រសួងនិងអ្នកជំនាញ កំពុងមានវិធានការកម្ចាត់ចោលនូវប្រភេទជំងឺឆ្លង និងកែលម្អឡើងវិញនូវការខូចខាត និងប្រើប្រាស់ពូជថ្មី ដែលមានភាពធន់នឹងជំងឺ។ លោកនឹងជំរុញដល់វិស័យឯកជនវៀតណាម បន្តរក្សានូវលំនឹងតម្លៃដំឡូងមីនៅកម្ពុជា។

លោកបន្ថែមថា ចំពោះការនេសាទឆ្លងដែន និងការដឹកជញ្ជូនផល អនុព្រៃឈើឆ្លងដែន ខាងភាគីវៀតណាម កំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយរដ្ឋាភិបាលវៀតណាម បានជំរុញឲ្យមានការដាំព្រៃឈើឡើងវិញ ជាលក្ខណៈពាណិជ្ជកម្ម និងជួយដល់បរិស្ថាន៕

@Amapapa.News