លោកឧត្តមសេនីយ៍ សៅ ខាន់ បញ្ជាកូនទាហានមកបោះបង្គោលព្រំលើដីប្រជាពលរដ្ឋ មានប្លង់រឹង រំលោភយកទាំងបំពាន

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ លោកឧត្តមសេនីយ៍ម្នាក់ ឈ្មោះ សៅ ខាន់ បានរងការចោទប្រកាន់ពីម្ចាស់ដី ដែលមានប័ណ្ណកាន់កាប់ត្រឹមត្រូវ(ប្លង់រឹង)ថា បានបញ្ជាកូនទាហានមួយក្រុមជាង២០នាក់ មកបោះបង្គោលព្រំ ថែមទាំងដកដើមស្វាយ និងដើមឫស្សីទៀតផង បំណងរំលោភបំពានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋស្លូនត្រង់ អាងខ្លួនមានអំណាច និងកាំភ្លើងគ្រប់ដៃនោះ បើទោះបីប្រជាពលរដ្ឋ ម្ចាស់ដីបានរាយការណ៍ទៅអាជ្ញាធរឃុំ ស្រុកសុំឲ្យជួយដោះស្រាយរយះពេលជិត២ខែមកហើយក៏ដោយ រហូតមកដល់ពេលនេះមិនទាន់ឃើញមានលទ្ធផលនោះទេ ។

បើតាមសម្តីរបស់លោក សរ ខន្តី ជាម្ចាស់ដីក្បាលលេខ២១៨ មានទំហំ៥៧៦៥៥ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយឲ្យដឹងថា ដីរបស់លោកខាងលើនេះមានការទទួលស្គាល់ចេញប្លង់ប័ណ្ណកាន់កាប់(ប្លង់រឹង) ចេញដោយលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ហើយស្រាប់តែនៅថ្ងៃទី០៣ និងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ មានក្រុមយោធាប្រមាណជាង២០នាក់មានចបជីក ចបកាប់ បង្គោលថ្ម មករំលោភទន្ទ្រានបំពានបោះបង្គោលព្រំយកដីរបស់លោកដោយគ្មានការអនុញ្ញាត ដោយមិនញញើតម្ចាស់ដីសូម្បីតែបន្តិច ដែលគេដឹងថា ការដឹកនាំក្រុមយោធានោះមានឈ្មោះអ៊ុក សារ៉ុន នៅវរសេនាតូចលេខ៤ ចំណុះឲ្យកងពលតូចលេខ៧០(ង ៧០) និងមានការបញ្ជាផ្ទាល់ពីថ្នាក់ឧត្តមសេនីយ៍ឈ្មោះ សៅ ខាន់ ថែមទៀតផង ទើបកូនទាហានទាំងអស់នោះហ៊ានចូលទៅបោះបង្គោលទាំងបំពាន ។

លោកសរ ខន្តី ជាម្ចាស់ដីបានបន្តទៀតថា បន្ទាប់ពីមានការបំពានបោះបង្គោលព្រំបានជិត១០ថ្ងៃមក ក្រុមយោធាទាំងអស់នោះបានចូលមកដកយកដើមស្វាយ និងដើមឫស្សីរបស់លោកប្រមាណជាង១០០ដើមថែមទៀតផង លោកក៏បានរាយការណ៍ទៅអាជ្ញាធរឃុំ ស្រុកដើម្បីឲ្យជួយដោះស្រាយដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់ដោះស្រាយចេញនៅឡើយទេ លោកបានបញ្ជាក់ទៀតថា លោកជាប្រជាពលរដ្ឋមិនហ៊ានទៅដកបង្គោលព្រំ ដែលក្រុមយោធាទាំងអស់នោះមកបោះឡើយ ដោយខ្លាចអំណាច និងណាមួយគេជាយោធាមានអាវុធថែមទៀតផង ទើបសង្ឃឹមលើលោកមេឃុំ លោកអភិបាលស្រុកជួយដោះស្រាយនោះប៉ុន្តែគ្មានសោះ ។

ដូចនេះ ក្នុងនាមលោកជាម្ចាស់ដីសំណូមពរដល់លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាពិសេសនោះ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក មេត្តាជួយចាត់ក្រុមជំនាញ និងអធិការកិច្ចចុះពិនិត្យដីរបស់ប្រជាពលរដ្ឋ ដែលមានប្លង់រឹងហើយក្រុមយោធាបំពានទន្ទ្រានយកផងទាន? ។

ពាក់ពន្ធ័ នឹងការលើកឡើងខាងលើរបស់ម្ចាស់ដីនេះ ដែរលោកស៊ីម រតនៈ អភិបាលស្រុកសំរោងទងនិយាយថាឲ្យលោកដោះស្រាយយ៉ាងម៉េចបើភាគីម្ចាស់ដីមិនដាក់ពាក្យបណ្តឹងផង បានត្រឹមតែរាយការណ៍ និងលោកដឹងតាមក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ ។

ដោយឡែក លោកឧត្តមសេនីយ៍ សៅ ខាន់ ដែលទទួលទិសគ្រប់គ្រងបន្ទាយវរលេខ៤នេះ បានឲ្យដឹងតាមទូរសព្ទ័យ៉ាងខ្លីថា ចង់ដឹងសួរទៅមេឃុំ អភិបាលស្រុកទៅ ។

ប្រជាពលរដ្ឋបានដឹងរឿង និងលោកជាម្ចាស់ដីមានការងឿងឆ្ងល់ថា តើការរំលោភបំពានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋមានប្លង់រឹងហើយ ក្រុមយោធាអ្នកមកបោះបង្គោលតាមមេធំបញ្ជា ចុះហេតុអ្វីបានជាលោកមេធំ (ឧត្តមសេនីយ៍ សៅ ខាន់) ហ្នុងបែរជាឲ្យក្រុមអ្នកសារព័ត៌មានសួរទៅមេឃុំ លោកមេស្រុកទៅវិញ ឬមួយអស់លោកមេឃុំ អភិបាលស្រុកសំរោងទងហ្នឹងឃុបឃិតជាមួយក្រុមយោធាទេដឹង ដើម្បីជាលេសយកដីប្រជាពលរដ្ឋស្លូតត្រង់នោះ ។

អ្នកសារព័ត៌មានមិនអាចបែងចែកវែកញែករឿងខាងលើនេះបានទេ ទុកឲ្យប្រិយមិត្តអ្នកអាន និងអ្នកទស្សនាគិត និងពិចារណាខ្លួនឯងឬក៏ឲ្យអ្នកច្បាប់ជាអ្នកកាត់ក្តីរឿងនេះទៅចុះ៕

@Amapapa.News