អាងស្រាចូលខ្លួន! បុកគេហើយរត់ ត្រូវគេតាមឃាត់រថយន្តបាន លោតវាយសមត្ថកិច្ច និងអ្នកសារព័ត៌មាន

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាជោគបើករថយន្ត Lexus LX-460L ទៅបុករថយន្តមួយគ្រឿងដែលចតស្ងៀម រួចព្យាយាមបន្ថែមល្បឿនបើករត់គេច ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញតាមរហូតឃាត់បាន បែរជា​ចេញមកស្រែកឡូឡា រកវាយទាំងសមត្ថកិច្ច និងអ្នកសាព័ត៌មានទៀត តែមិនត្រូវទេ ទើបសមត្ថកិច្ច​សម្រេចចិត្ត​ឃាត់ខ្លួនតែម្ដង​។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើងកាលពីវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងកាហ្វេមួយកន្លែង ខាងលិចស្តុប២៤ម៉ោង ប្រមាណជាង១០០ម៉ែត្រ តាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីម្ចាស់រថយន្តរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿង ម៉ាក HILUX-VEVO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-6748 មកឈប់នៅចំណុចកើតហេតុខាងលើ ទិសដៅពីលិចទៅកើត ខណៈនោះក៏មានរថយន្តមួយគ្រឿង ម៉ាក LEXUS LX-460L ពណ៌ទឹកប្រាក់​ គ្មានស្លាកលេខ​ បើកបរដោយបុរសស្រវឹងស្រាធ្លាក់ភ្នែកម្នាក់ មកពីក្រោយស្របទិសដៅគ្នាមកដល់ចំណុចកើតហេតុខាងលើ បំរុងបត់ត្រឡ់ក្រោយដោយបួងចង្កូតមិនផុត ក៏ជ្រុលទៅបុកចំកាងខាងក្រោយផ្នែកខាងស្តាំ បណ្តាលឲ្យកំពិតតិចតួច។ បន្ទាប់មករថយន្តបង្កមិនឈប់ដោះស្រាយគ្នានោះទេ បែរជាបើករត់មកដល់ចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង (យីហោ អុី​ ប៉ូល) ដែលមានទីតាំងនៅផ្លូវបេតុលេខ៩៩ ខាងត្បូងសួនកម្សាន្តចំការព្រីង ប្រមាណជា៥០ម៉ែត្រ ត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញចាប់បានមកវិញ ស្រាប់តែម្ចាស់រថយន្តបង្កហេតុ ចេញពីរថយន្តស្រែកឡូឡាឆោឡោលផ្អើលអស់អ្នកជិតខាងដែលកំពុង​លង់លក់​ភ្ញាក់ចេញមកមើលព្រៀត ហើយក៏លោតទៅវាយសមត្ថកិច្ចដែលនៅឈរជិតនោះ ព្រមទាំងស្ទុះទៅវាយអ្នកសាព័ត៌មានដែលចុះទៅផ្តិតយករូបភាព នាំគ្នារត់ចែកជើង តែមិនបង្កឲ្យមានរបួសស្នាមអ្វីទេ ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនភ្លាមៗ ពេល​នោះក៏មានយុវជនម្នាក់ ដោះអាវមិនដឹងជាមកពីខាងណា ​ឬមួយបក្ខពួកជនបង្កគ្រោះថ្នាក់នោះទេ បានរត់ចូលមករករឿងសមត្ថកិច្ចហើយបម្រុងតដៃទៀតផង តែដោយសារតែមានកម្លាំងសមត្ថកិច្ច​បានចុះមកបន្តទៀត​ យុវជនរូបនោះក៏បានត្រឹមតែឡូឡា​ ហើយបាត់ឈឹងមិនដឹងទៅណាទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ដាក់ក្នុងរថយន្ត និងបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការវាស់ជាតិ​អាកុល​ និងរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News