សូមប្រុងប្រយ័ត្ន! ចោរស្រីដៃឆើត ផ្ដាច់ខ្សែកផ្លាកទីន១ជីកន្លះ ពីក្មេងស្រីអាយុជាង២ខួប...

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្មេងស្រីអាយុជាង២ខួប ពាក់ខ្សែក​ផ្លាទីន១ជីកន្លះ ដើរផ្សារជាមួយម្ដាយ ស្រាប់តែចោរស្រីលួចទាញផ្ដាច់​យក បម្រុងគេចខ្លួន តែត្រូវបងប្អូនអាជីវករអ្នកលក់ដូរក្នុងផ្សារឃើញទាន់​ ស្រែកប្រាប់សមត្ថកិច្ចជួយចាប់បានភ្លាមៗតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង​០៩:០០នាទីព្រឹក​ ថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារស្ទឹងមានជ័យចាស់ ផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មុំ ភឿន ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)​ ។

​​ជនរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា ភេទស្រី អាយុ ២ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

​​វត្ថុតាងចាប់យក ៖ ខ្សែក០១ខ្សែធ្វើពីលោហធាតុពណ៌ទង់ដែង ទម្ងន់១ជី ជារបស់ជនរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា និង កាបូបដៃ ពណ៌ខ្មៅ១ និង ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPhone5 ជារបស់ជនសង្ស័យឈ្មោះ មុំ ភឿន ។
​​
សម្ភារបាត់បង់ ៖ បន្តោងខ្សែករូបស្វា ធ្វើពីលោហធាតុ ពណ៌ទង់ដែងចំនួន ០១ ។

សមត្ថកិច្ចបានប្រាប់ភ្នាក់ងារ​ Cam Post (ខេមប៉ុស្តិ៍)​ ថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៩ម៉០០នាទី ឈ្មោះ អឿ ធាវី បានដឹកដៃកូនស្រីឈ្មោះ ហួន ចាន់លីហ្សា អាយុ០២ឆ្នាំ មកទិញម្ហូបនៅក្នុងផ្សារស្ទឹងមានជ័យចាស់ ផ្លូវមុនីរ៉េត ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយកុមារីរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា មានពាក់ខ្សែកប្លាទីន០១ខ្សែ មានបន្តោងរូបស្វាចំនួន០១ ទម្ងន់សរុបចំនួន០១ជីកន្លះ ពេលនោះ ជនសង្ស័យឈ្មោះ មុំ ភឿន បានមកធ្វើសកម្មភាពទាញផ្តាច់លួចយកខ្សែករបស់កុមារីរងគ្រោះឈ្មោះ ហួន ចាន់លីហ្សា ដាក់ក្នុងកាបូបដៃពណ៌ខ្មៅ ចំណែកបន្តោងខ្សែករូបស្វាបានខ្ទាតបាត់ រកមិនឃើញ ខណៈនោះប្រជាពលរដ្ឋដែលមកទិញម្ហូបបានឃើញក៏ប្រាប់ម្តាយកុមារីរងគ្រោះឈ្មោះ អឿ ធាវី ឲ្យបានដឹង ពេលនោះឈ្មោះ អឿ ធាវី (ម្តាយកុមារីរងគ្រោះ) ក៏បានឃាត់ជនសង្ស័យឈ្មោះ មុំ ភឿន សុំត្រួតពិនិត្យមើលក្នុងកាបូបដៃពណ៌ខ្មៅ របស់ជនសង្ស័យកំពុងកាន់ឃើញខ្សែករបស់កូនស្រីឈ្មោះ ហួន ចាន់លីហ្សា ក៏ស្រែកឆោឡោឡើង ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលយាមប្រចាំការនៅខាងមុខផ្សារក៏បានមកឃាត់ខ្លួនជនសង្ស័យឈ្មោះ មុំ ភឿន យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១តែម្តង ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ មុំ ភឿន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

@Amapapa.News