កញ្ញា វ៉ាន់ នីឡា ដែលត្រូវអតីតសង្សារទម្លាយរូបអាក្រាត​ វ៉ាន់ នីឡា អំពាវនាវសាលាឧទ្ធរណ៍ ផ្ដល់យុត្តិធម៌ជូនខ្លួនឲ្យដូចសាលាដំបូង ខណៈស្អែកនេះ ​សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា​

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ ​សំណុំរឿងតារាចម្រៀង កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ​នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកាពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៥ កន្លងទៅនេះ។

ជាមួយគ្នានេះដែរ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ កញ្ញា វ៉ាន់ នីឡា ដែលជាជនរងគ្រោះក្នុងសំណុំរឿងនេះ  បានអំពាវនាវដល់សាលាឧទ្ធរណ៍ បន្ដផ្ដល់យុត្តិធម៌ឲ្យខ្លួនដូចសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ដោយសាលាដំបូងបានផ្ដល់យុត្តិធម៌ដូចក្ដីបំណង ហើយនាងមានការពេញចិត្តជាខ្លាំង ចំពោះការផ្ដន្ទាទោស ទៅលើអតីតសង្សាររបស់នាង ពីសំណាក់តុលាការ។

សូមរំលឹកផងដែរថា ​តារាចម្រៀង វ៉ាន់ នីឡា បានទទួលនូវពន្លឺយុតិ្តធម៌ពីសាលាដំបូងរាជធានីភ្នំពេញ ដោយជនជាប់ចោទ​ ត្រូវជាអតីតសង្សាររបស់ខ្លួន គឺលោក គុយ សិទ្ធិសក្តិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស ជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និង​ពិន័យទឹកប្រាក់ប្រមាណ២០០លានរៀល (៥ម៉ឺនដុល្លារអាមេរិក) នៅក្នុងសំណុំរឿងលួចទម្លាយរូប​​ស្រាតរបស់នាង កាលពីឆ្នាំ២០១៥។

នៅក្នុងការប្រកាសសាលក្រមនេះ គេពុំបានឮលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសចេញដីកាបង្គាប់​ឲ្យចាប់ខ្លួន ជនជាប់ចោទ គុយ សិទ្ធិសក្តិ ទេ (ពុំមានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនទេ) តែបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕

@Amapapa.News