លោក ផៃន ស៊ីផាន ៖ រឿងរំលាយបក្សសង្គ្រោះជាតិ អាស្រ័យអង្គហេតុ និងអង្គច្បាប់ មិនអាចអ្នកណារំលោភលើសាលដីកាបានទេ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានអះអាងចំពោះសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ គឺជាអំណាចរបស់តុលាការ ដោយសំអាងលើកអង្គហេតុ និងអង្គច្បាប់ ហើយរាជរដ្ឋាភិបាលមិនរំលោភបំពានបានទេ ទោះបីជាមានសំណើពីអន្តរជាតិយ៉ាងណាក្តី។

លោក ផៃន ស៊ីផាន បានលើកឡើងតាមរយៈវីឌីអូឃ្លីបប្រមាណ២០នាទីយ៉ាងដូច្នេះថា កម្ពុជាមិនមែនជារដ្ឋបរាជ័យ ឬរដ្ឋអនាធិបតេយ្យទេ។ អាស្រ័យដោយកម្ពុជា បានរក្សាសណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រក្សាសន្តិភាពជាមួយប្រទេសជិតខាង ក៏ដូចជា ក្នុងឆាកអន្តរជាតិ កម្ពុជាបានធ្វើឲ្យយន្តការប្រជាធិបតេយ្យ បន្តដំណើរទៅមុខតាមអ្វីជាក់ស្តែង ដែលកម្ពុជាយល់ឃើញល្អសម្រាប់កម្ពុជា។

លោកបន្តថា កម្ពុជាបានរក្សាសន្តិភាព សណ្តាប់ធ្នាប់ និងរក្សាបានការបោះឆ្នោតដោយ ទៀងទាត់ ដែលផ្ទុយពីការចង់បានរបស់ប្អូនមួយចំនួន ដែលគាំទ្របក្សប្រឆាំងចង់ឲ្យមានការបោះឆ្នោតឡើងវិញ នោះគឺជាការប្រឆាំងនឹងច្បាប់កម្ពុជា(ច្បាប់ធម្មនុញ្ញ)។

លោកបញ្ជាក់ថា «បើ​ប្អូនស្រឡាញ់កម្ពុជា មិន​ប្រកាន់បក្ខពួកទេ យើងគួរយករដ្ឋធម្មនុញ្ញជាមូលដ្ឋាន។ ដូច្នេះបើស្រលាញ់កម្ពុជា ត្រូវអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យបរទេស លុក​លុយដែនអធិបតេយ្យភាពកម្ពុជានោះទេ។ ច្បាប់បោះឆ្នោតយើងធ្វើទៀតទាត់ ដោយមិន ធ្វើមុនកំណត់ដោយច្បាប់ ឬធ្វើក្រោយនៃការនោះទេ។ ព្រោះយើងអត់មានវិបត្តិនយោបាយ ឬ ជម្លោះភាគីអាវុធណាមួយនោះទេ »

អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ ករណីរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧យ៉ាងណាដូច្នេះថា «ការរំលាយគណបក្សសង្គ្រោះជាតិមិនមែនមានវិបត្តិនយោបាយនោះទេ គឺធ្វើឡើងតាមអង្គហេតុ អង្គច្បាប់សម្រេចដោយតុលាការ។ រាល់ការលើក ឡើងពីអន្តរជាតិណាមួយ ដែលឲ្យកម្ពុជារំលត់ រំលោភ ឬរំលាយសាលដីការកំពូល យើងមិន អាចធ្វើបានទេ។ ព្រោះយើងយល់ឃើញថា កម្ពុជាកំពុងស្ថិតក្នុងការពង្រឹងនីតិរដ្ឋ។ ដូច្នេះលទ្ធិ ប្រជាធិតេយ្យត្រូវសម្រេចឲ្យមាននីតិរដ្ឋ»

លោក ផៃ ស៊ីផាន ក៏បានលើកឡើងថា អ្នកនយោបាយ គឺជាបុគ្គលមួយដែលស្ថិតនៅក្រោមច្បាប់ និងអនុវត្តច្បាប់ទាំងអស់គ្នា។ អាស្រ័យដូច្នេះ គឺគ្មានការផ្លាស់ប្តូរជំហររបស់រាជរដ្ឋាភិបាល ឬរបស់កម្ពុជា ដើម្បីដើរចេញក្នុងការអនុវត្តច្បាប់ ឬប្រតិបត្តិច្បាប់របស់ខ្លួន ឬលក់ដូរ ដើម្បីឲ្យបរទេសមកត្រួតត្រានោះទេ។

លោកបានសង្កត់ធ្ងន់ថា «ខ្ញុំសូមជម្រាបថា បងប្អូនមានសេរីភាពគ្រប់គ្រាន់ក្នុងការជ្រកកោននៅប្រទេសដទៃ ដែលទទួលបានសិទ្ធិ ទទួលបានសញ្ជាតិ ក៏ប៉ុន្តែសូមកុំភ្លេចថា អ្នក ដែលចូលរួមក្នុងជីវភាពនយោបាយនៅកម្ពុជា គឺត្រូវតែជាប្រជាជនស្របច្បាប់ ទាំងការបោះឆ្នោត និងឲ្យគេបោះឆ្នោតស្របតាមច្បាប់កម្ពុជា»

លោក ផៃ ស៊ីផាន បានលើកឡើងទៀតថា កម្ពុជានៅតែបន្តការបោះឆ្នោតសេរីពហុបក្ស តាមរបប​លិទ្ធិប្រជាធិបតេយ្យ ដែលកំពុងដើរទៅរកកិច្ចថែរក្សាឯកភាពជាតិ ថែរក្សាតម្លៃប្រជាធិបតេយ្យ ដែលកើតចេញពីប្រជាពលរដ្ឋខ្មែរ។

សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ក្រុមប្រឆាំងនៅក្រៅប្រទេសបានធ្វើបាតុកម្មនានា ដើម្បីទាមទារឲ្យអន្តរជាតិដាក់គំនាមករាជរដ្ឋាភិបាលកម្ពុជា  ដើម្បីឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រមទាំងឲ្យអ្នកនយោបាយចំនួន១១៨នាក់របស់ គណបក្សនេះមានសិទ្ធិធ្វើនយោបាយឡើងវិញ។

យ៉ាងណាក្តីសម្រាប់សកម្មភាពរបស់ក្រុមប្រឆាំង និងមេបក្សប្រឆាំងនេះ គេមិនទាន់ឃើញ​មាន ប្រសិទ្ធភាពមកលើរាជរដ្ឋាភិបាលកម្ពុជា ដូចអ្វីដែលចង់បាននោះទេ។

ជាងនេះអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ក៏បានដើរកៀរ​គរបរទេសដាក់គំនាប​ ដើម្បីឲ្យរាជរដ្ឋាភិបាលឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។

គួរំឭកថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលបានសម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំងមិនអនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះ ចំនួន ១១៨នាក់ធ្វើនយោបាយចំនួន៥ ឆ្នាំថែមទៀត៕

@Amapapa.News