លោក សែន បូរ៉ា ចាងហ្វាងគេហទំព័រ​ ធីអិនអឹមធីវី អនឡាយ ត្រូវអយ្យការសាលាដំបូង​ខេត្តកំពង់ចាម សម្រេចចោទប្រកាន់​

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ លោក សែន បូរ៉ា ចាងហ្វាងគេហទំព័រ​ ធីអិនអឹមធីវី អនឡាយ ត្រូវបានអយ្យការសាលាដំបូង​ខេត្តកំពង់ចាម សម្រេចចោទប្រកាន់​ និងបញ្ជូន​ទៅចៅក្រម​ស៊ើបសួរបន្ត នីតិវិធី​ពាក់ព័ន្ធករណីឆបោកប្រាក់ទិញ លក់ដី​នៅស្រុកបាធាយ ។

តាមការឲ្យដឹងពីអយ្យការសាលាដំបូង ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ថា លោក សែម បូរ៉ា ចាងហ្វាង គេហទំព័រខាងលើ ដែលត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម ឃាត់ខ្លួកាលពីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ តាមពាក្យបណ្តឹង និងឯកសារ​របស់លោកឧកញ៉ា ទេព ភារម្យ មានអសយដ្ឋាន​នៅទីក្រុងភ្នំពេញ ពាក់ព័ន្ធ​នឹងករណីឆបោកប្រាក់ទិញដីស្រែប្រាំង នៅចំណុច ភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។ បន្ទាប់ពីការសាកសួរ តំណាងអយ្យការ​បានសម្រេចចោទប្រកាន់​ និងបញ្ជូនសំណុំរឿង​ទៅចៅក្រមស៊ើសួរ បន្តនីតិវិធី ដោយសំអាង​លើឯកសារ​ទិញ លក់ និងឯកសារកិច្ចសន្យាប្រគល់ប្រាក់ផ្តាច់ មានភាពមិនប្រក្រតី ហើយទីតាំងដីដែលត្រូវលក់​ជាន់គ្នា ដីមួយកន្លែងលក់២ដង ដោយក្នុងលិខិតកិច្ចសន្យា លក់ផ្តាច់មួយសន្លឹក ចុះហត្ថលេខា ដោយលោក ខួន ខន មេភូមិចុង ឃុំសំបូរ និងលិខិតកិច្ចសន្យា​មួយច្បាប់ទៀត ចុះហត្ថលេខាដឹងឮ ដោយលោក ជុក មិច អនុប្រធានភូមិចុង ឃុំសំបូរ និងមានការចុះហត្ថលេខា ដឹងឮពីលោក ង៉ា ឆៃលាង មេឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ក្នុងករណីនេះ លោកចាងហ្វាង​សែម បូរ៉ា ដើរតួជាតំណាងឲ្យប្រជាពលរដ្ឋ​ចំនួន៨​គ្រួសារ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ដោយលក់ដីស្រែប្រាំងទំហំ៧,៩៧ហិកតា ដោយក្នុងមួយហិកតាលក់តម្លៃ១៥.៦០០ដុល្លារ ហើយលក់ដីនេះចំនួន២ដង ដោយលើកទី១ លក់ឲ្យទៅឈ្មោះ ញ៉ា សំអាត និងឈ្មោះ ជុន សុខឃៀង និងលើកទី២ លក់ឲ្យទៅលោកឧកញ៉ា ទេព ភារម្យ លើទីតាំងដីតែមួយ ។

ពាក់ព័ន្ធនឹងករណីនេះ លោកឧកញ៉ា ទេព្យ ភារម្យ មិនអាចសុំការបំភ្លឺ​ចានឡើយ ព្រោះទូរស័ព្ទចូលពុំមានអ្នកលើកទទួល ។ ចំណែកមេធាវីខាងលោក សែម បូរ៉ា លោកថា មិនអាចបកស្រាយបានទេ ព្រោះនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ ៕

@Amapapa.News