រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរសត្វព្រៃខុសច្បាប់នោះទេ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងសន្និសីទ ស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ ធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ៗ នៅមុខមន្រ្តីមកពីបណ្តាប្រទេសជាង៨០ថា កម្ពុជាមិនមែនជាទីកន្លែងជួញដូរសត្វព្រៃខុសច្បាប់នោះទេ ប៉ុន្តែការវិវត្តសភាពការណ៍ក្នុងសកលលោក នាពេលបច្ចុប្បន្ននេះ ក៏បានជំរុញឲ្យកម្ពុជា ជាប្រទេសឆ្លងកាត់នូវឧក្រិដ្ឋកម្ម ក្នុងការដឹកជញ្ជូនផលិតផលសត្វព្រៃខុសច្បាប់ ទៅគោលដៅប្រទេសទី៣ ខណៈកម្ពុជាមិនមានតម្រូវការសត្វព្រៃ ធ្វើជាអាហារប្រចាំថ្ងៃឡើយ។

ថ្លែងក្នុងសន្និសីទ ស្តីពីការជួញដូរសត្វព្រៃខុសច្បាប់លើកទី៤ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលមានការចូលរួមជាង៨០ប្រទេស សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជា គឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សំបូរទៅដោយធនធានធម្មជាតិជាច្រើន សុទ្ធតែវប្បធម៌មានតម្លៃ រួមមាន៖ រ៉ែ ព្រៃឈើ សត្វ ព្រៃភ្នំ ទន្លេ ជាដើម នៅតាមតំបន់ខ្ពង់រាប។

សម្ដេចមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជូនថា កម្ពុជាមិនមែនជាប្រទេសដែលអនុញ្ញាតឲ្យមានការជួញដូរផលិតផលសត្វព្រៃនោះទេ ហើយក៏មិនមែនជាប្រទេសដែលមានតម្រូវការនូវផលិតផលសត្វព្រៃ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនោះដែរ ក៏ប៉ុន្ដែការវិវត្តនៃសភាពការណ៍សកលលោកនាពេលបច្ចុប្បន្ននេះ ក៏បានជំរុញឲ្យកម្ពុជា ជាប្រទេសដែលឆ្លងកាត់ នូវឧក្រិដ្ឋកម្មក្នុងការដឹកជញ្ជូន នៃការចរាចណ៍ផលិតផល សត្វព្រៃខុសច្បាប់ ទៅគោលដៅប្រទេសទី៣”។

សម្ដេចបន្ដថា ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អាជ្ញាធរកម្ពុជាបានបង្ក្រាប និងបំបែក ករណីដឹកជញ្ជូនផលិតផលសត្វព្រៃខុសច្បាប់មួយចំនួនធំ ព្រមទាំងទទួលបានការសាទរពី ប្រទេសជិតខាងផងដែរ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងទៀតថា បទល្មើសជួញដូរសត្វព្រៃខុសច្បាប់ មិនត្រឹមតែនាំមកនូវមហន្ដរាយដល់ធនធានធម្មជាតិ នៃភពផែនដីប៉ុណ្ណោះទេ ប៉ុន្ដែថវិកាទទួលបានពីការប្រព្រឹត្តបទល្មើសសត្វព្រៃ ក៏បាននាំមកបញ្ហាជាច្រើនក្នុងសកលលោក ជាពិសេសបទល្មើសពាក់ព័ន្ធដ៏ទៃ ដូចជា ការសម្អាតប្រាក់ អំពើភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធខុសច្បាប់ជាដើម។

ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម បន្ថែមទៀតថា ក្នុងស្មារតីរួមចំណែកដល់សន្និសីទប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ លើកទី៤នេះ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបានធ្វើការប្តេជ្ញាចិត្តបន្តអនុវត្ត នូវគោលការណ៍ និងវិធានការសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលកម្ពុជា និងសន្និសីទ លើកទី៣កន្លងមក។

វិធានការទាំងនោះរួមមាន៖ ទី១- បន្តកែលម្អលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់, ទី២- បន្តពង្រឹងការអនុវត្តច្បាប់ឲ្យកាន់តែតឹងរឹង តាមរយៈការរឹតបន្តឹងការដាក់ទោសទណ្ឌ ឬការផ្តន្ទាទោស ចំពោះសកម្មភាព ល្មើសច្បាប់ពាក់ព័ន្ធ នឹងការជួញដូរសត្វព្រៃខុសច្បាប់, ទី៣- សហការកៀរគរការចូលរួមពីគ្រប់ សមាសភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័ន រាជរដ្ឋាភិបាល គ្រឹះស្ថានឯកជន អង្គការសង្គមស៊ីវិល ដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិ, ទី៤- បន្តផ្សព្វផ្សាយ បង្កើនការយល់ដឹង តាមរយៈការអប់រំណែនាំសាធារណជនទូទៅឲ្យយល់ ដឹងពីតម្លៃ និងសារៈសំខាន់នៃ ធនធានធម្មជាតិ និងសត្វព្រៃ និងទី៥-បន្តផ្សាភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ ជាមួយស្ថាប័ន អនុវត្តច្បាប់ ក្នុងការចែករំលែក បទពិសោធន៍ និងព័ត៌មាន ក្នុងកិច្ចប្រតិបត្តិការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរ សត្វព្រៃឆ្លងដែន គ្រប់ទម្រង់៕

@Amapapa.News