អតីត ចៅអធិការវត្តគីរីវង់ស្លែង សង្ស័យស្រវឹងស្រា ទាញកាំបិត ផ្គាក់កាប់ភិក្ខុរបួសធ្ងន់១អង្គ នគរបាលមិនហ៊ានឃាត់

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ អតីតចៅអធិការវត្តគីរីវង់ស្លែងឈ្មោះ សាន គឹមស៊ន អាយុ៤០ឆ្នាំ ត្រូវបានមន្ត្រីមន្ទីរធម្មការខេត្ត និងគណសង្ឃគ្រប់លំដាប់ថ្នាក់បកស្បង់ចីវរ ភ្លាមៗបន្ទាប់ពីអតីតចៅអធិការវត្តរូបនោះ សង្ស័យស្រវឹងស្រា ទាញកាំបិតផ្គាកកាប់ទៅលើព្រះសង្ឃមួយអង្គ (ភិក្ខុ) ដែលគង់នៅក្នុងវត្តជាមួយគ្នា បណ្តាលឲ្យរងរបួសចំនួន៤កន្លែងធ្ងន់ធ្ងរ សង្ស័យរឿងទំនាស់អាថ៌កំបាំងអ្វីមួយ រវាងសង្ឃទាំង២អង្គ(នាក់) នោះ កាលពីម៉ោង០៨ និង៣០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ នៅក្នុងកុដិលោកសាន គឹមស៊ន តែម្តង ក្នុងវត្តគីរីវង់ស្លែង ហៅវត្តទួលផ្កា ស្ថិតនៅក្នុងភូមិតានង់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បើតាមសម្តីរបស់លោកតាអាចារ្យវត្តឈ្មោះម៉ម គីម អាយុ៧០ឆ្នាំ បានមានប្រសាសន៍ឲ្យដឹងថា លោកតា ក៏មិនបាននៅក្នុងហេតុការឋនោះដែរ ប៉ុន្តែបានដឹងរឿងខ្លះៗថា អតីតចៅអធិការព្រះនាមសាន គឹមស៊ន ហ្នឹងមានជំលោះទាស់ទែង ជាមួយព្រះភិក្ខុ ព្រះនាម សុខ សុគន្ធី ព្រះជន្ម៤០វស្សា ដែលបណ្តាលឲ្យមានរងរបួសធ្ងន់ធ្ងរ ថែមទៀតផង ប៉ុន្តែមិនដឹងរឿងពិតផ្តើមចេញពីរឿងអ្វីនោះទេ ។

បន្ទាប់ពីមានរឿងកើតឡើង អតីតចៅអធិការវត្តត្រូវបានគណៈសង្ឃ ធម្មការខេត្តបានផ្សឹកទៅហើយ ប៉ុន្តែបែរជានគរបាលមិនឃាត់បុគ្គលរូបនោះពីបទបង្ករបួសស្នាមនោះឡើយ ទុកឲ្យមានសេរីភាព ដើរផឹកស៊ីទៅវិញ ខណៈដែលភិក្ខុព្រះនាម សុខ សុគន្ធី រងរបួសទៅសំរាកព្យាបាលនៅផ្ទះញោមរបស់ព្រះអង្គ នៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺទៅវិញ ។

បើតាមការឲ្យដឹងពីភិក្ខុមួយអង្គព្រះនាម វ៉ង់ ឈីម ព្រះជន្ម៦៤វស្សាថា ពិតជាមានរឿងរ៉ាវកើតមានមែន ពីក្បាលព្រលប់នោះម្តង ហើយស្រាប់តែរហូតដល់ភិក្ខុសុខ សុគន្ធី ចូលទៅសឹង(ដេក)ហើយនោះ ម៉ោង១១យប់ទៅហើយ អតីតចៅអធិការរូបនោះបានកាន់កាំបិតទៅដល់កុដិភិក្ខុរងគ្រោះទៀត ដោយមានការអង្វរកទៅទើបបញ្ចប់រឿង ។ ប៉ុន្តែភិក្ខុវ៉ង់ ឈីម មានការព្រួយបារម្ភ ត្បិតអតីតចៅអធិការវត្ត ដែលសឹកនោះបានបោះពាក្យគំរាមកំហែងលោក តាអាចារ្យ និងគណៈកម្មការវត្តថា មិនឲ្យនរណាម្នាក់បានសុខនោះទេ រូបគេ ដោះស្បង់ចីវរ ប៉ុណ្ណេះហើយនោះ ។

តាមសម្តីរបស់ប្រជាពុទ្ធបរិស័ទបានមានការងឿងឆ្ងល់ថា អតីតចៅអធិការវត្តបានបង្ករបួសស្នាម (យកកាំបិតផ្គាក់កាប់) ទៅលើព្រះភិក្ខុសង្ឃបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទៅហើយ ហើយសាច់ញាតិ និងជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយ បែរជាលោកនាយប៉ុស្តិ៍នគរបាលឃុំក្រាំងអំពិល មិនឃាត់ខ្លួនជនដៃដល់នោះទៅវិញ បែរជាទុកឲ្យមានសេរីភាពដើរហើរផឹកស៊ីរករឿងគំរាមកំហែង លោក តាអាចារ្យ គណៈកម្មការវត្តតាមតែអំពើចិត្តទៅវិញ ។

ពាក់ពន្ធ័ នឹងការលើកឡើងខាងលើរបស់ពុទ្ធបរិស័ទចំណុះជើងវត្តនោះ លោកនាយប៉ុស្តិ៍នគរបាលឃុំក្រាំងអំពិលបាននិយាយឲ្យក្រុមអ្នកសារព័ត៌មានដឹងថា លោកពិតជាទទួលបានពាក្យបណ្តឹងមែន ហើយព្រះសង្ឃរងរបួសចំនួន៤កន្លែង ដៃស្តាំ ជើងស្តាំ ភ្លៅឆ្វេង និងខ្នងពីក្រោយ ហើយលោកមិនបានឃាត់ទេ លោកបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកហួសដៃលោកហើយ ។

ចំណែកលោកតាខុន អាយុជាង៧០ឆ្នាំ ជាញោម របស់ភិក្ខុ ព្រះនាមសុខ សុគន្ធី បាននិយាយថា លោកពិតជាត្រូវបានអតីតចៅអធិការវត្តកាប់បណ្តាលឲ្យរងរបួសមែន ប៉ុន្តែដោយមិនចង់មានរឿងវែងឆ្ងាយ ហើយក៏មិនចង់ឲ្យល្បីសុះសាយដល់បណ្តាញសារព័ត៌មាននានានោះ ទើបនាំលោកកូនមកសំរាកព្យាបាលនៅផ្ទះរបស់លោកតា ក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយភាគីខាងអតីតចៅអធិការវត្ត ដែលសឹកទៅហើយនោះ បានបង់លុយឲ្យចំនួន២លានរៀល ដែលដើម្បីបញ្ចប់រឿង ។

បើតាមសម្តីរបស់អ្នកច្បាប់ម្នាក់បាននិយាយឲ្យដឹងថា បើទោះបីជាព្រះសង្ឃធ្វើខុសវិន័យសង្ឃត្រូវបានចាប់ផ្សឹកហើយ ប៉ុន្តែការបង្ករបួសស្នាមមិនអាចបញ្ចប់រឿងក្រៅប្រពន្ធ័តុលាការបានទេ គឺជាប់បណ្តឹងអាជ្ញា លុះត្រាតែមកពន្លត់បណ្តឹងអាជ្ញាទើបចប់រឿង រឿងនេះគឺសមត្ថកិច្ចក្នុងស្រុកសំរោងទងទាំងមូលព្យាយាមលាក់បាំងព័ត៌មាននេះដល់ក្រុមអ្នកសារព័ត៌មានទើបស្ងាត់បែបនេះ ។

ដូចនេះប្រជាពុទ្ធបរិស័ទសំណូមពរដល់អស់លោកសមត្ថកិច្ចពាក់ពន្ធ័នានានៅក្នុងខេត្តកំពង់ស្ពឺទាំងអស់មេត្តាជួយពិនិត្យមើលរឿងនេះវិញផងទាន បើអតីតចៅអធិការវត្តឈ្មោះ សាន គឹមស៊ន នៅតែដើរគំរាមកំហែងគេឯងដូច្នេះនេះ តើលោកសង្ឃ តាអាចារ្យ និងគណកម្មារស់នៅយ៉ាងណា? មានតែអស់លោកសមត្ថកិច្ចទេ ដែលអាចជួយការពារសុវត្ថិភាពជូនពួកគាត់បាននោះ ៕

@Amapapa.News