សំណុំរឿងជនជាប់ចោទ គុយ សិទ្ធិសក្តិ ទម្លាយរូបអាក្រាតកញ្ញា វ៉ាន់ នីឡា សាលាឧទ្ធរណ៍ សម្រេចតម្កល់ទុក​​ដដែល

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍លោក ប៉ាក ច័ន្ទសំបូរ ប្រកាសសាដីកាសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល លើសំណុំរឿងជនជាប់ចោទ គុយ សិទ្ធិសក្តិ មុខរបរមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ រឿងប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស របស់តារាចម្រៀងវ័យក្មេងកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ដែលជាអតីតសង្សាររបស់ខ្លួន។

ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទហិង្សាដោយចេតនា និងបទចែកចាយរូបភាពអាសអាភាស តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦។

សូមបញ្ជាក់ថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ បានប្រកាសសាលក្រមហើយ ដោយផ្តន្ទាទោសជនជាប់ចោទ គុយ សិទ្ធិសក្តិ ដាក់ពន្ធនាគារ១ឆ្នាំ និងបង្គាប់ឲ្យសងសំណងជំងឺចិត្ត ដល់ដើមបណ្ដឹងកញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា ចំនួន២០០លានរៀល។ នៅពេលប្រកាសសាលក្រមនោះដែលលោកចៅក្រមក៏មិនបានប្រកាស ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើជនជាប់ចោទ គុយ សិទ្ធិសក្តិ នោះទេ ហើយលោកចៅក្រមក៏បានបើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕

@Amapapa.News