វិធានការក្ដៅ! អាជ្ញាធរខណ្ឌមានជ័យ រឹបអូសសម្ភារៈពីទីតាំងលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់ និងរំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើយោង​តាមហ្វេសប៊ុករបស់លោក ស៊ុ​ ឬទ្ធី​ មន្ត្រីសាលាខណ្ឌមានជ័យ បានឲ្យ​ដឹងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ថា ក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ នឹងបន្តចាត់វិធានការរដ្ឋបាល ទៅម្ចាស់ទីតាំងលក់ដូរទាំងឡាយណា ដែលមិនព្រមសហការរៀបចំកន្លែងលក់ដូរឡើងវិញ ឬមិនស្តាប់តាមការណែនាំ អប់រំ របស់អាជ្ញាធរទាំង៧សង្កាត់ នៃខណ្ឌមានជ័យកន្លងមក។

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ នឹងអនុវត្តន៍បទបញ្ជាលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោកឡុង ង៉ែត អភិបាលរង រួមជាមួយលោក ស៊ុ ឫទ្ធី មន្ត្រីខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់សហការជាមួយលោកចៅសង្កាត់ លោកមេប៉ុស្តិ៍ លោកប្រធានភូមិពាក់ពន្ធ័នៅក្នុងសង្កាត់ទាំង៧ ជាអ្នកអនុវត្តន៍ផ្ទាល់ទៅលើការងារនេះ។

ក្រុមការងារយើងខ្ញុំសូមប្រកាសជាដំណឹងចុងក្រោយបញ្ហាសណ្តាប់ធ្នាប់នេះឲ្យបានជ្រាបជាមុនថា កម្លាំងអាជ្ញាធរថ្នាក់ភូមិ សង្កាត់និងខណ្ឌ លែងធ្វើការអប់រំ ឬជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរគ្មាន សណ្តាប់ធ្នាប់ រំលោភយកចិញ្ចើមផ្លូវ ឬចំណីផ្លូវ បន្សល់ទុកនូវកាកសំណល់ សំរាមស្អុយ និងដាក់លក់សម្ភារៈបែបអនា​ធិបតេយ្យនៅលើផ្លូវចិញ្ចើមផ្លូវ ឬចំណីផ្លូបានទៀតហើយ ចាប់ពីពេលនេះតទៅ។

ក្នុងករណីបងប្អូនអ្នកលក់ដូរទាំងអស់មិនរៀបចំសណ្តាប់ធ្នាប់ទីតាំងលក់ដូរ ឫមិនចូលរួមសហការជាមួយក្រុមការងារ កម្លាំងមានសមត្ថកិច្ចនឹងចុះធ្វើការរឹបអូសដកហូតសម្ភារៈទៅលើទីតាំងនោះ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារៈ​ផ្សេងៗរបស់បងប្អូនឡើយ។

ក្រុមការងារយើងខ្ញុំសង្ឃឹមថា បងប្អូនអ្នកលក់ដូរតាមចិញ្ចើមថ្នល់ទាំងអស់ ដែលមានទីតាំងក្នុងភូមិសាស្ត្រខណ្ឌមានជ័យក៍ដូចនៅក្នុងរាជធានីភ្នំពេញនឹងចូលរួមសហការ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើឲ្យទីក្រុងភ្នំពេញយើងមានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងសោភ័ណភាពល្អ៕

@Amapapa.News