សហជីពថា ការដកអនុគ្រោះពន្ធ លើទំនិញគ្រប់ប្រភេទរបស់អឺរ៉ុប ពីកម្ពុជា ជារឿងនយោបាយ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សហជីពបានអះអាងថា ការដកអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទរបស់សហភាពអឺរ៉ុប (EU) មកលើប្រទេសកម្ពុជា មានចរិតនយោបាយ ច្រើនជាងអ្វីដែលកើតមានបច្ចុប្បន្ន តែមិនធ្វើឲ្យកម្ពុជា ស្លាប់នោះទេ។ ការអះអាងនេះ បន្ទាប់ពីសហភាពអឺរ៉ុប បានសម្រេចដកពន្ធអនុគ្រោះលើទំនិញគ្រប់ប្រភេទ លើកលែងតែសព្វាវុញប៉ុណ្ណោះពីប្រទេសកម្ពុជា។

លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ ខែតុលានេះថា ការដែល EU ដកអនុគ្រោះពន្ធមកលើទំនិញនាំចេញពីកម្ពុជា មានចរិតនយោបាយភាគច្រើន ហើយមិនឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនោះទេ។

លោកថា «អ្វីដែល EU ធ្វើនេះ មានចរិតនយោបាយច្រើន ពាក់ព័ន្ធនឹងទីតាំងភូមិសាស្ត្រនយោបាយក្នុងតំបន់។ ឥឡូវយើងមើលគាត់ថា កម្ពុជា រំលោភសិទ្ធិមនុស្ស តែយើងសព្វថ្ងៃនេះ បើនិយាយពីសិទ្ធិសេរីភាពវិញ សម្បូរណាស់ទៅហើយ ដោយប្រទេសខ្លះ មិនដូចប្រទេសកម្ពុជា យើងនោះទេ។ ចំណែកកម្មករវិញ មានសិទ្ធិច្រើន ហើយគាត់និយាយអីប្រៀប ដូចជា ILO ជួយកម្ពុជា រាប់ឆ្នាំកន្លងមក គ្មានប្រយោជន៍ទាល់តែសោះ»

លោកបន្តថា ពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា មានច្រើនភាគី ដូចជាក្រសួងការងារ សហជីព អង្កការអន្តរជាតិខាងការងារ (ILO) និងភាគីផ្សេងៗទៀត ដែលខិតខំធ្វើឲ្យវិស័យការងារកាន់តែល្អប្រសើរ។

លោក សោម អូន អះអាងថា ប្រសិនបើ EU សម្រេចដកពន្ធពីប្រទេសកម្ពុជា ក៏កម្ពុជា មិនស្លាប់ដែរ ព្រោះ ថា ការដកអនុគ្រោះរបស់ EU ធ្វើឡើងនៅប្រទេសណា ដែលមានជីវភាពក្រីក្រ ដើម្បីធ្វើឲ្យប្រទេសនោះ មានការអភិវឌ្ឍន៍ដំណើរទៅមុខ។ សម្រាប់ប្រទេសកម្ពុជាវិញ នៅឆ្នាំ២០២០ ប្រជាពលរដ្ឋនឹងមានចំណូលមធ្យមមួយដែលអាចរួចផុតពីការអនុគ្រោះពន្ធដោយស្វ័យប្រវត្តិ។ ដូច្នេះ រឿងនឹងមិនប៉ះពាល់អ្វីដល់កម្ពុជា ខ្លាំងក្លានោះទេ។

លោកក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា ទោះបីជា EU ដកពន្ធក្តី ក៏វិស័យកាត់ដេរនៅកម្ពុជា មិនដួលរំលំនោះទេ។ ព្រោះថា EBA នេះ សំដៅលើកការអនុគ្រោះពន្ធដែលនាំទំនិញទៅ EU មិនបង់ពន្ធ តែការបញ្ជាទំនិញពីកម្ពុជា នៅតែមានធម្មតា គ្រាន់តែបង់ពន្ធ ដូចជាប្រទេសផ្សេងៗ។

លោកសង្កត់ធ្ងន់ថា «ដក EBA មិនដកការបញ្ជាទិញទេ គឺបើដកការបញ្ជាទិញ ទើបវាប៉ះពាល់ដល់ថៅកែរោងចក្រ និងកម្មករ ប៉ុន្តែបើយើងនាំចូលទៅត្រូវបង់ពន្ធ។ អីញ្ចឹងខ្ញុំគិតថា មិនប៉ះពាល់ដល់អុ្នកវិនិយោគលើវិស័យកាត់ដេរនឹងប៉ុន្មាននោះទេ»

ទាក់ទិននឹងដកអនុគ្រោះពន្ធនេះដែរ ត្រូវបានលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកាត់ដេរកម្ពុជា បានលើកឡើងថា ការដកអនុគ្រោះពន្ធរបស់ EU មកលើកកម្ពុជា នឹងប៉ះពាល់ដល់កម្ពុជា ខ្លះដែរ ព្រោះថា អ្នករកស៊ីមួយចំនួនភាគច្រើន រកស៊ីលើវិស័យកាត់ដេរ និងស្បែកជើង។

លោកបញ្ជាក់ថា «បើសិនគេដកមែននោះ វានឹងជះឥទ្ធិពលដល់អ្នករកស៊ីទាំងអស់នោះ ដែលគាត់នឹងប្រឈមមុខនឹងការចំណាយបន្ថែម លើការវិនយោគរបស់ខ្លូនលើការបង់ពន្ធបន្ថែមទៀត។ ប្រសិនបើគាត់មិនអាចរ៉ាប់រងក្នុងការបង់ពន្ធទេ គាត់នឹងពិចារណាក្នុងការដកខ្លួនចេញក្នុងការវិនិយោគពីប្រទេសកម្ពុជា»

លោក ប៉ាវ ស៊ីណា ក៏បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាល ទប់ស្កាត់ដូចជាការរិះរកមធ្យោបាយផ្សេងៗ តាមរយៈការបង់ពន្ធ ការបញ្ចុះតម្លៃ ទឹក ភ្លើង ដឹកជញ្ជូនផ្សេងៗ ក៏ចូលរួមចំណែក្នុងការសម្រួលដល់អ្នករកស៊ីដើម្បីឲ្យគេបន្តទៀត។

ប្រធានសហជីពរូបនេះ ក៏បានលើកឡើងថា អ្វីដែល EU ដកអនុគ្រោះពន្ធពីកម្ពុជា នោះក៏ដោយសារស្ថានការណ៍នយោបាយផងដែរ។ លោកថា អ្នកនយោបាយ អាចដោះស្រាយស្ថានភាពនេះបាន៕

@Amapapa.News