
កោះកុងៈ បន្ទាប់ពីបានចុះបង្ក្រាបល្បែងស៊ីសងភ្នាល់មាន់ក្នុងទូរទស្សន៍មួយកន្លែង ស្ថិតនៅក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលដកបានម៉ូតូចំនួន១៣គ្រឿង C១២៥ ចំនួន៦គ្រឿង WAVE ៣គ្រឿង ZOOMER ១គ្រឿង APR ១គ្រឿង VIVA ១គ្រឿង និង SMAK ១គ្រឿង រួមទាំងស្បែកជើង៤គូរ ទូរទស្សន៍ ១គ្រឿងម៉ាកសូនី កុំព្យូទ័រលេបថប ១គ្រឿង ម៉ាក DELL ក្រដាសសម្រាប់កត់គូជល់មាន់ តុដែក១ និងបានហៅម្ចាស់កាន់កាប់ទីកន្លែង ឈ្មោះ កែវ ធារី ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នកលក់ភេសជ្ជៈនៅទីកន្លែងបង្ក្រាបមកសាកសួរ។
ទើបបែកធ្លាយរឿង អធិការក្រុងខេមរភូមិន្ទ បានដោះលែងម៉ូតូ ដែលរិបអូសបានពីការបង្ក្រាបហាងកាហ្វេចាក់មាន់ជល់តាមទូរទស្សន៍នោះ ប្រគល់ឲ្យម្ចាស់វិញហើយ ព្រោះតែរកមិនឃើញ ថា ពួកគេមានកំហុស ឬពុំអាចរកភស្តុងតាងដាក់បន្ទុកជនរងគ្រោះបាន។


ប៉ុន្តែលោកអធិការ មិនបានដោះលែងដោយស្រួលៗ នោះទេ គឺឲ្យម្ចាស់ម៉ូតូ ពួកគាត់ស្ម័គ្រចិត្ត បង់លុយ១០០ដុល្លារក្នុងមួយគ្រឿង (ទាំងអស់១៣គ្រឿង ) ជាថ្នូរនឹងការដោះលែងយកម៉ូតូមកវិញ។
តាមរយៈនោះ ប្រជាពលរដ្ឋបានអំពាវនាវដល់អគ្គស្នងការនគរបាលជាតិ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តា ស្រាវជ្រាវករណីខាងលើនេះ ដើម្បីទប់ស្កាត់សកម្មភាពជិះជាន់ប្រជាពលរដ្ឋពីមន្ត្រីនគរបាលថ្នាក់ក្រោមជាបន្ទាន់ផង ក្នុងពេលដែលសម្តេច ហ៊ុន សែន កំពុងតែថ្នាក់ថ្នមសភាពការនយោបាយតាមរយៈលើកទឹកចិត្តប្រជាពលរដ្ឋ។



ពាក់ព័ន្ធការរិះគន់ខាងលើ CAM POST នៅមិនទាន់អាចសុំការបកស្រាយ ឬបំភ្លឺពីលោក ហេង លាង អធិការក្រុងខេមរៈភូមិន្ទនៅឡើយទេ។
ប៉ុន្តែយើងនឹងព្យាយាមគ្រប់លទ្ធភាព ដើម្បីស្វែងរកការបកស្រាយពីលោកស្នងការ ឬមន្ត្រីពាក់ព័ន្ធ ហើយរាយការណ៍ជូនប្រិយមិត្តអ្នកតាមដាននៅពេលបន្ទាប់ទៀត៕