ភ្ជង់ប្លន់ជនជាតិចិន យកបានលុយជាង៣ម៉ឺនដុល្លារ ដល់ក្នុងហាងលក់ភេសជ្ជៈ ទល់មុខផ្សារសូរិយា គេចខ្លួនដោយសុវត្ថិភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ​ជនសង្ស័យ​២នាក់ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាព​ភ្ជង់ជន​ជាតិ​ចិន ​ប្លន់យកលុយអស់ចំនួន​ជាង​៣ម៉ឺន​ដុល្លារអាមេរិក ​ដល់ក្នុងហាងលក់​ភេសជ្ជៈ​មួយកន្លែង រួចគេចខ្លួនបាត់ដោយសុវត្ថិភាព​ មិនរំខានដល់កម្លាំងសមត្ថកិច្ចបន្តិចឡើយ។ ករណីភ្ជង់ប្លន់ជនបរទេសនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១១យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅចំណុចហាងលក់ភេសជ្ជៈរបស់ចិនយីហោ "ឈិន​ ស៊ិន​"​ នៅតាមបណ្ដោយវិថីត្រសក់ផ្អែម (៦៣) ទល់មុខផ្សារទំនើបសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនជាតិចិន ដែល​រងអំពើប្លន់នោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គាត់មិនដឹងថា ជនសង្ស័យទាំង២នាក់ តាមជនរងគ្រោះមកពីណានោះទេ គាត់បានត្រឹមតែឃើញ​ជនសង្ស័យ​ទាំង២ ចូលទៅក្នុងហាងកើតហេតុខាងលើ ហើយមួយសន្ទុះក្រោយមក ក៏ឃើញជនសង្ស័យទាំងនោះ ចេញមកវិញ​ រួចនាំគ្នាប្រញាប់ប្រញាល់ឡើងរ៉ឺម៉កម៉ូតូកង់បី បើកចេញពីហាងបាត់ទៅ។ ស្របពេលជាមួយគ្នានោះ គាត់ក៏ឃើញជនជាតិចិនរងគ្រោះ បានរត់ចេញមកក្រៅ ស្រែក​ឆោឡោ​ឡើង ហើយអ្នកចេះភាសាចិន នៅក្បែរនោះក៏សួរនាំគាត់ ទើបដឹងថា ជាករណីប្លន់យកលុយអស់ចំនួន​ជាង​៣ម៉ឺន​ដុល្លារ ​បានដោយសុវត្ថិភាព​ ទើប​បង្កការភ្ញាក់ផ្អើលដល់​សមត្ថកិច្ច ចុះ​មកកន្លែងកើតហេតុ​តែម្ដង។

ពាក់ព័ន្ធ​នឹងករណីនេះ អធិការរងនគរបាលខណ្ឌដូនពេញ​ម្នាក់ បញ្ជាក់ប្រាប់ឲ្យដឹងថា​ ចំពោះករណីប្លន់ជនជាតិចិន​ យកលុយអស់​ជាង៣ម៉ឺនដុល្លារខាងលើនេះ ពិតជាមានប្រាកដមែន ហើយសមត្ថកិច្ចបាននាំ​ជនជាតិចិន​រងគ្រោះ ទៅធ្វើការសាកសួរប៉ុស្តិ៍​នគរបាល​ផ្សារថ្មីទី១ហើយ។ យ៉ាងណា លោកអធិការរងរូបនេះ មិនអាចបញ្ជាក់ព័ត៌មានលម្អិតប្រាប់ Cam Post បានឡើយ ដោយសុំឲ្យសមត្ថកិច្ចធ្វើការតាមជំនាញជាមុនសិន៕

@Amapapa.News