រថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យឯកជន បុករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង របួសធ្ងន់ម្នាក់ ដាក់មេប្រូចបាត់ស្រមោល

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមួយគ្រឿង បើកលឿនដូចហោះ​ទៅបុកជាមួយនឹងរ៉ឺម៉កកង់បី បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយមិនឈប់ដោះស្រាយទេ បានព្យាយាម​បើករត់គេចខ្លួនស្រមោលពីកន្លែងកើតហេតុ ដោយបន្សល់ទុកម្ចាស់រ៉ឺម៉ករបួសធ្ងន់ នៅដេកដួលនៅលើផ្លូវ ក្រោយមកក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​នៅវេលាម៉ោង៣៖២០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង 1A-5968 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនធម្មតា។ លុះមកដល់កន្លែងកើត ដែលជាផ្លូវកោងជិតស្ពានអាកាស្ទឹងមានជ័យ ស្រាប់តែមានរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ជារបស់គ្លីនិកឯកជន(មិនស្គាល់ឈ្មោះ)​ បានបើកស្របទិសគ្នាក្នុងល្បឿនលឿនដូចហោះ​ ក៏ជ្រុលទៅបុកពីក្រោយរ៉ឺម៉កកង់បី បណ្ដាលរ៉ឺម៉កខ្ទាតមកលើចិញ្ចើមផ្លូវ ក្រឡាប់ផ្ងារជើង ហើយអ្នកបើកបររថយន្តសង្គ្រោះខាងលើ ​មិនបានឈប់ដោះស្រាយទេ បែរជាព្យាយាម​បើករត់គេចខ្លួនស្រមោលពីកន្លែងកើតហេតុ។ ចំណែកម្ចាស់រ៉ឺម៉ករបួសធ្ងន់ ដេកដួលនៅលើផ្លូវនោះ តែត្រូវបានប្រជាពលរដ្ឋ និងអ្នកឃើញហេតុការណ៍ ទាក់ទងរករថយន្តសង្គ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ​។

ដោយឡែក បើតាមប្រភពច្បាស់ការមួយ ដោយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ខេមប៉ុស្ដិ៍ថា រថយន្តគិលានសង្គ្រោះ ដែលបើកបុករ៉ឺម៉កម៉ូតូខាងលើ ហើយរត់បាត់ស្រមោលនោះ ជារថយន្តរបស់​មន្ទីរសម្រាកព្យាបាល​ សួគ៌ា ព្រោះគាត់ឃើញអក្សរធំៗដាក់ សួគ៌ា។ តែយ៉ាងណាមិញ ចំពោះ​រថយន្តបង្ក សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឡើយ ដោយសុំធ្វើការស្រាវជ្រាវសិន។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​ផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ បានចុះធ្វើការ​វាស់វែង​ និងយក​រ៉ឺម៉ក​កង់បី​រងគ្រោះ​ ទៅរក្សារទុកនៅ​អធិការដ្ឋាននគរបាល​ខណ្ឌ ដើម្បីរង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រករថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជននោះ មកដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ៕

@Amapapa.News