ផលិតផលបក្សីចម្រុះខូចគុណភាព​ជិត៤០០គីឡូក្រាម ត្រូវមន្ត្រីជំនាញដុតកម្ទេចចោល

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានធ្វើការដុតបំផ្លាញចោលផលិតផលបក្សីចម្រុះប្រមាណជិត៤០០គីឡូក្រាមកាលពីព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ ​បន្ទាប់ពីស្ទាក់ចាប់បាន។

ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ​លោក សាន វិជ្ជាសារ៉ាវុធ​ បាននិយាយថា​ ក្រោយទទួលបានព័ត៌មានពីការប្រមូលផ្តុំផលិតផលបក្សីកំពុងរៀបចូលរថយន្តនៅចំណុច អង់តែន០១៦ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែតនៅម៉ោង៣ និង៤០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨​ លោកក៏បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានចុះបង្ក្រាបភ្លាមៗ។ លទ្ធផល​កម្លាំងបានស្ទាក់ឃាត់រថយន្តមួយគ្រឿងដែលផ្ទុកផលិតផលបក្សីពេញរួមជាមួយអ្នកបើកបរម្នាក់ផងដែរ។

លោក​ សាន​ វិជ្ជាសារ៉ាវុធ​ បានបញ្ជាក់ឲ្យ​ដឹងផងដែរថា​ ផលិតផលបក្សីដែលស្ទាក់ចាប់បាមានក្រញាំ​ សាច់ជាប់ឆ្អឹង ស្លាប និងជង្គង់​ មានទំងន់ ៣៦៥គីឡូក្រាម ។ ផលិតផលទាំងនេះគឺមានការវិចខ្ចប់ទុកដាក់ ខុសស្តង់ដា​បច្ចេកទេស​ គ្មានអនាម័យ​ ហើយបើកយកទៅបរិភោគគឺធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន។ លោកនិយាយថាប្រជាពលរដ្ឋក៏ដូចឈ្មួញគួរតែយល់ដឹងពីបញ្ហានេះមិនគួរទទួលទាននិងជួញដូរផលិតផលខូចគុណភាពទាំងនេះទេព្រោះវាបានបំផ្លាញសុខភាពយើងរាល់គ្នា​។

សូមបញ្ជាក់ថា ក្រោយពីធ្វើការដុតកម្ទេចចោលនូវផលិផលខូចគុណភាព​ទាំងអស់នេះ​កម្លាំងំនាញសាខាកាំកុងត្រូលក៏បានបន្តនីតិវិធីដោយកសាងសំណុំរឿងបញ្ជូនវត្ថុតាងរួមជាមួយអ្នកបើកបរទៅតុលាការដើម្បីចាត់ការតាមច្បាប់​ ៕

@Amapapa.News