រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា ពលរដ្ឋភ័យខ្លាច ទៅលេងព្រះសីហនុ ទើបក្រសួងមហាផ្ទៃ បង្កើតក្រុមការងារកម្រិតស្រាល

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយសារតែខេត្តព្រះសីហនុបច្ចុប្បន្នក្លាយជាតំបន់កំពុងអភិវឌ្ឍន៍ និងវិនិយោគយ៉ាងខ្លាំងក្លា ដែលភាគច្រើនវិនិយោគ ដោយជាជនជាតិចិន ហើយមានជនជាតិចិនមួយចំនួន បានបង្កបញ្ហាឥតឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋទៅដំណើរកម្សាន្ដនៅខេត្តព្រះសីហនុ មានការភ័យខ្លាច ទើបក្រសួងមហាផ្ទៃ បង្កើតក្រុមការងារ ដើម្បីដោះស្រាយបញ្ហានានា នៅខេត្តព្រះសីហនុ។

សូមរំលឹកថា នាពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបង្កើតក្រុមការងារកម្រិតស្រាលមួយ ដើម្បីចុះពិនិត្យខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាជាច្រើន បានកើតមានឡើងនៅក្នុងខេត្តនេះ រួមមានទាំងចារកម្ម ការសម្លាប់គ្នា ជួញដូរគ្រឿងញៀន និងបញ្ហាសម្រាម ព្រមទាំងជនជាតិចិនជាដើម ដោយថា មូលហេតុដែលកំពុងកើតមានឡើងដូចសព្វថ្ងៃនេះ ដោយសារមិនទាន់បានរៀបចំខេត្តឲ្យបានត្រឹមត្រូវនៅឡើយ តាមការវិវត្តន៍ជាក់ស្តែង។

ក្រោយកិច្ចប្រជុំពិភាក្សាការងារ ជាមួយប្រធានគណៈកម្មាធិការទី៤ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ណេង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមការងារកម្រិតស្រាល មិនដើរតួនាទីជាសមត្ថកិច្ចឡើយ គ្រាន់តែចូលរួមពិគ្រោះយោបល់តែប៉ុណ្ណោះ ពោលគឺសេចក្ដីសម្រេច គឺសមត្ថកិច្ចខេត្តព្រះសីហនុដដែល។

សម្ដេច ស ខេង មានប្រសាសន៍ថា “ដោយសាររឿងហ្នឹងហើយ បានជាយើងរៀបចំឲ្យមានក្រុមការងារទៅ ដើម្បីជួយបញ្ហាអស់នឹង ប៉ុន្ដែខ្ញុំជឿថាប្រជាជនមួយចំនួន ប៉ុន្ដែប្រជាជនភាគីច្រើនមិនទាន់មានអីដែរទេ។ មួយចំនួនគាត់បារម្ភអាហ្នឹង គឺដោយសារគិតពីការបារម្ភរបស់គាត់ហ្នឹងហើយ បានជាយើងយកចិត្តទុកដាក់បញ្ហាហ្នឹង ហើយសៀមរាបខ្ញុំមិនបានបញ្ជូនទៅទេ បញ្ជូនទៅកំពុងសោមតើ”។

សម្ដេចបន្ដថា ក្រុមការងារកម្រិតស្រាល ក្រសួងមហាផ្ទៃ មិនឲ្យរស់នៅខេត្តព្រះសីហនុឡើយ។សម្ដេចថា ក្រុមការងារទាំងនេះ ចុះទៅសិក្សាបើបញ្ហាប្រឈម ប្រសិនបើដោះស្រាយមិនបាន ត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ ប្រសិនបើក្រសួងដោះស្រាយមិនបាន ត្រូវរាយការណ៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ មានវិធានជាបន្ដបន្ទាប់ទៀត។

សម្ដេចបន្ថែមថា រហូតមកដល់ពេលនេះ ខេត្តព្រះសីហនុមិនមានបញ្ហាណាមួយធំដុំ ដោះស្រាយមិនចេញនោះទេ។ បញ្ហានៅខេត្តព្រះសីហនុសំខាន់ជាងគេ រួមមាន បទល្មើសគ្រឿងញៀន ប្លន់ ការតាមសម្លាប់គ្នា ជាដើម។ ចំណែក បរិស្ថាន អនាម័យ វិញក៏មិនទាន់ធ្ងន់ធ្ងរដែរ។

ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងទៀតថា នៅខេត្តព្រះសីហនុ មានការវិនិយោគច្រើន ទើបធ្វើឲ្យដីធ្លីមានការឡើងថ្លៃ ដូច្នេះបញ្ហាដីធ្លី មានជម្លោះកើតឡើងច្រើនផងដែរ។ ដូច្នេះបញ្ហាក្រសួងមហាផ្ទៃ បានខិតខំដោះស្រាយ បញ្ហាទាំងនឹង ខណៈអាជ្ញាធរខេត្តព្រះសីហនុ ក៏មានលទ្ធភាពដោះស្រាយដែរ។

ក្នុងកម្មវិធី ជួបសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់ និងនាយកនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ កាលថ្ងៃទី១៣ ខែកញ្ញា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា នៅចុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមកកម្ពុជាប្រមាណជាង៥ម៉ឺននាក់ ដើម្បីប្រកបអាជីវកម្មផ្សេងៗ ខណៈកម្ពុជាមានថៅកែចិន កំពុងសាងសង់អគារធំៗជាច្រើន ហើយគោលដៅសំខាន់ៗដែលចិនឆ្ពោះមកនោះ គឺនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុនាពេលខាងមុខនឹងក្លាយ ជាទីក្រុងដែលពោរពេញ ទៅដោយការអភិវឌ្ឍ ដូចទីក្រុងភ្នំពេញបច្ចុប្បន្ននេះដែរ៕

@Amapapa.News